ជាតិ
​​​ន​យោ​បាយ​ជាតិ​
CPP អាច​ជួបចរចា​លើ​ករណី​ឃុំខ្លួន​មន្ត្រី​CNRP បាន ក្រោយ​តុលាការ​សម្រេច​សាលក្រម​ស្ថាពរ​
24, Aug 2016 , 9:39 pm        
រូបភាព
​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ​ការសុំ​ជួបចរចា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុំ​ពិភាក្សា​រក​ដំណោះស្រាយ​លើ​បញ្ហា​ឃុំខ្លួន​តំណាងរាស្ត្រ មន្ត្រី​និង​សកម្មជន គណបក្សប្រឆាំង ជាច្រើនលើក​ជា​សារ​មកហើយ ក្រោម​ហេតុផល​ថា មិន​ចង់​ប៉ះពាល់​លើ​នីតិវិធី​របស់​តុលាការ​។ តែ​ការចរចា​រវាង​គណបក្ស​ទាំងពីរ នឹង​អាចមាន​ផ្លូវ​ដោះស្រាយ​វិញ​បាន លុះត្រាតែ​តុលាការ​សម្រេច​សាលក្រម​ស្ថាពរ​លើ​ករណី មន្ត្រី​គណបក្សប្រឆាំង​ទាំងនេះ​។​



​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​បញ្ជាក់ថា មកដល់ពេលនេះ​គណបក្ស​លោក ផ្អាក​ការចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​មួយរយៈ​ពេល​សិន ដោយសារតែ​មិន​ចង់​និយាយ​ពី​បញ្ហា​ឃុំខ្លួន​មន្ត្រី​បក្សប្រឆាំង ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​នីតិវិធីតុលាការ​នោះឡើយ​។ ប៉ុន្តែ​វា​ក៏​មិនមែន​មានន័យថា គណបក្ស​ទាំងពីរ​គ្មាន​ដំណោះស្រាយ លើ​បញ្ហា​ឃុំខ្លួន តំណាងរាស្ត្រ មន្ត្រី​និង​សកម្មជន គណបក្សប្រឆាំង​នេះដែរ​។​

​ត្រង់ចំណុច​នេះ​លោក សុខ ឥសាន អះអាងថា គណបក្ស​លោក​នៅតែ​បើកផ្លូវ​ចំហ ចរចា​គ្នា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​វប្បធម៌​សន្ទនា​ជានិច្ច ។ បើតាម​លោក សុខ ឥសាន គណបក្ស​ទាំងពីរ នឹង​អាច​ជួបពិភាក្សា​គ្នា រក​ដំណោះស្រាយ​តាមផ្លូវ​នយោបាយ​វិញ​បាន លុះត្រាតែ​តុលាការ​សម្រេច​សាលក្រម​ស្ថាពរ លើ​ករណី​មន្ត្រី​គណបក្សប្រឆាំង​ទាំងនេះ​សិន​។​

​ចុះបើ​អាច​ជួបពិភាក្សា​គ្នា ក្រោយ​តុលាការ​សម្រេច​សាលក្រម​មែន​នោះ តើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ស្នើ​ទៅ​ព្រះមហាក្សត្រ សុំ​អន្តរាគមន៍​លើកលែងទោស​មន្ត្រី​បក្សប្រឆាំង​ដែរ​ទេ​? ឆ្លើយ​នឹង​សំនួរ​សារព័ត៌មាន​ថ្មីៗ ត្រង់ចំណុច​នេះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ពិត​ហើយ​ថា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អាច​ស្នើ​ព្រះមហាក្សត្រ​សុំ​លើកលែងទោស​បាន​មែន​ក្រោយ​តុលាការ​ប្រកាស​សម្រេច​សាលក្រម​។ តែ​ការស្នើសុំ​លើកលែងទោស ឬ​មិន​ស្នើសុំ​នោះ គឺ​អាស្រ័យ​លើ​ការសម្រេច​របស់​សម្ដេច ហ៊ុន សែន​។ ខ្ញុំ​ក៏​មិនដឹង​ដែរ ។ តែ​កន្លងមក​សម្ដេច​ធ្លាប់​ស្នើសុំ​ព្រះមហាក្សត្រ​លើកលែងទោស​បុគ្គល​មួយចំនួន​ម្ដង ជា​ពីរដង​ហើយ​»​។

​គួរ​បញ្ជាក់ថា សមាជិកសភា​គណបក្ស សម រង្ស៊ី លោក ហុង សុខ​ហួរ ,​មេឃុំ​គណបក្ស​សម រង្ស៊ី លោក ស៊ា​ង ចែត​, តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន​, មន្ត្រី​គណបក្ស​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​បក្ស​ជាង​១០​រូប​ទៀត បាន​រង​ការចោទប្រកាន់ និង​ខ្លះទៀត​ត្រូវបាន​តុលាការ​សម្រេច​សាលក្រម ហើយ​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ ក្រោម​បទចោទប្រកាន់​ផ្សេងៗ​គ្នា​។​

​ក្រោយ​មន្ត្រី​បក្ស​ខ្លួន​រង​ការចោទប្រកាន់ ឃាត់​ឃុំខ្លួន​ជា​បន្តបន្ទាប់​នេះ គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​ការឃាត់​ឃុំខ្លួន​មន្ត្រី​បក្ស​ខ្លួន ជា​រឿង​នយោបាយ​។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើសុំ​ជួបចរចា​ជាមួយ​គណបក្ស​ប្រជាជន​ជាច្រើនលើក ច្រើនសា​រដែរ តែ​ត្រូវបាន​គណបក្សកាន់អំណាច​បដិសេធ មិន​ជួបចរចា​ឡើយ ក្រោយ​សម្ដេច ហ៊ុន សែន ប្រកាសថា គ្មាន​ការចរចា​លើ​បញ្ហា​ឃាត់​ឃុំខ្លួន​អ្នកណាម្នាក់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការបន្ត​នីតិវិធី​របស់​តុលាការ​ឡើយ​។

​ជុំវិញ​ការឃុំខ្លួន​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​នេះ កន្លងមក​ប្រមុខ​រដ្ឋាភិបាល ធ្លាប់​និយាយ​ប្រយោល​ដោយ​មិន​ចំ​ឈ្មោះថា លោក​គ្មាន​សិទ្ធិអំណាច​បញ្ជា​លើ​ប្រព័ន្ធតុលាការ ដែល​កំពុង​បន្ត​នីតិវិធី​ទេ លុះត្រាតែ​តុលាការ​សម្រេច​សាលក្រម​ស្ថាពរ ទើប​លោកនាយក​រដ្ឋមន្ត្រី អាចមាន​សិទ្ធិ​ស្នើ​ទៅ​ព្រះមហាក្សត្រ សុំ​ឡាយព្រះហស្ថលេខា​លើកលែងទោស​ឲ្យ​បាន​។ តែ​ងាក​មក​ករណី​ឯកឧត្តម សម រង្ស៊ី ដែល​កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស ដោយសារ​រង​បទ​ចោទ​ផ្ទួនៗ និង​មានឈ្មោះ​ជា​ទណ្ឌិត​នេះ​វិញ ត្រូវបាន​សម្ដេច ហ៊ុន សែន ប្រកាសថា លោក​នឹង​កាត់​ដៃស្ដាំ​ចោល​ភ្លាម ប្រសិនជា​សម្ដេច លើកដៃ​ចុះហត្ថលេខា ស្នើសុំ​ព្រះមហាក្សត្រ​លើកលែងទោស​នោះ​៕


Tag:
 CPP
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com