អន្តរជាតិ
លោកស្រី ស៊ូ​ជី ជ្រើសរើស​អតីត​ប្រមុខ​UN ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​នៅ​រដ្ឋ Rakhine
24, Aug 2016 , 9:59 pm        
រូបភាព
​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បានជ្រើសរើស​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់ (Kofi Annan) ឲ្យ​ដឹកនាំ​គណៈកម្មការ​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​ហិង្សា និង​ការរំលោភបំពាន​នៅ​រដ្ឋ Rakhine​។ ជម្លោះ​ហិង្សា​រវាង​ក្រុម​អ្នក​កាន់សាសនា​ព្រះពុទ្ធ និង​ក្រុម​ភាគតិច​កាន់សាសនា​ឥស្លាម បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​បាត់បង់​ជីវិត និង​រាប់សិប​ពាន់​នាក់​ទៀត រត់​ភៀសខ្លួន និង​ទាមទារ​ឲ្យ​ការកែទម្រង់​ដ៏​ធំ​មួយ​។



​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី នៅ​ថ្ងៃទី​២៤ ខែសីហា បានសម្រេច​តែងតាំង​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក កូហ្វី អាណាន់ ដើម្បី​ឲ្យ​ដឹកនាំ​គណៈកម្មការ​ផ្ដល់យោបល់​ក្នុងការ​ដោះស្រាយ​ជម្លោះ​រវាង​ក្រុម​អ្នក​កាន់សាសនា​ព្រះពុទ្ធ និង​ជន​មូស្លីម​ភាគតិច​នៅ​រដ្ឋ Rakhine​។ មកទល់ពេលនេះ មនុស្ស​រាប់ពាន់នាក់​ហើយ បាន​ភៀសខ្លួន​ចេញពី​តំបន់​នេះ​ដែល​ញាំញី​ដោយ​អំពើហិង្សា និង​ភាពក្រីក្រ​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ដែល​ចេញ​ដោយ​ការិយាល័យ​លោកស្រី ស៊ូ​ជី រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​និយាយថា មី​យ៉ាន់​ម៉ា​ចង់បាន​ដំណោះស្រាយ​និរន្តរ៍ភាព ចំពោះ​បញ្ហា​ស្មុគ ស្មាញ នៅ​រដ្ឋ Rakhine​។ ដូច្នេះហើយ​ទើបបានជា​រដ្ឋាភិបាល​ប​ង្កើ​ត​គណៈកម្មការ​ផ្ដល់​យោបល់​នេះ​ឡើង​។ សេចក្ដីប្រកាស​ដដែល​ប​ន្ត​ថា គណៈកម្មការ​នេះ​មាន​សមាជិក​ឯករាជ្យ​៩​នាក់ ក្នុងនោះ​៦​នាក់ ជា​ជនជាតិ​មី​យ៉ាន់​ម៉ា និង​៣​នាក់​ទៀត ជា​ជនបរទេស​។

​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា គណៈកម្មការ​ខាងលើ ដែលមាន​សមាជិក​មក​ពី​សហគមន៍​មូស្លីម និង​រ៉ូ​ហ៊ីង​យ៉ា​ដែរនោះ នឹងត្រូវ​ផ្ដោតលើ​ការងារ​ទប់ស្កាត់​ជម្លោះ គាំទ្រ​ការផ្ដល់​ជំនួយ​មនុស្សធម៌ ការបង្រួបបង្រួម​ជាតិ ក៏ដូចជា​ការគោរព​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍ​នៅ​រដ្ឋ Rakhine​។ ចំណែក​របាយការណ៍ នឹងត្រូវ​ចេញផ្សាយ​ក្នុង​រយៈពេល​មួយឆ្នាំ​នៃ​ការបង្កើត​គណៈកម្មការ​នេះ​។​

​សូម​រម្លឹកថា លោក កូហ្វី អាណាន់ ធ្លាប់​ដឹកនាំ​អង្គការសហប្រជាជាតិ​ចាប់ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០៦ មុននឹង​ការឡើង​ស្នង​តំណែង​របស់​បុរស​ជន​ជាតិ​កូរ៉េខាងត្បូង លោក បាន គី​មូ​ន ដែល​នឹង​ចប់​អាណត្តិ​នៅ​ចុង​ឆ្នាំនេះ​ដែរនោះ​។ ជាមួយគ្នានេះ មុន​ចេញពី​តំណែង លោក បាន គី​មូ​ន នឹង​មក​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​នៅ​ចុងខែ​សីហា​នេះដែរ ខណៈ​លោកស្រី ស៊ូ​ជី ដែលជា​រដ្ឋមន្ត្រីការបរទេស​ដែរនោះ នឹង​ទៅ​អាមេរិក​នៅ​ខែកញ្ញា​ខាងមុខ​។

​បើទោះជា​សេចក្ដីប្រកាស​ព័ត៌មាន​មិនបាន​បញ្ជាក់​មូលហេតុ​នៃ​ការតែងតាំង​លោក កូហ្វី អាណាន់ ក្ដី គេ​អាច​យល់បាន​ថា ស្នាដៃ​ក្នុងការ​ដឹកនាំ​អង្គការសហប្រជាជាតិ និង​តួនាទី​ជា​តំណាង​ពិសេស​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​សម្រាប់​ជម្លោះ​ស៊ី​រី ជា​គុណសម្បត្តិ​មួយ ដែល​ជំរុញ​ឲ្យ​លោកស្រី ស៊ូ​ជី ជ្រើសរើស​លោក​។ មិនតែប៉ុណ្ណោះ លោក​ក៏​ជា​ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំ​២០០១​ផងដែរ​៕    


Tag:
 មី​យ៉ាន់​ម៉ា​
  Kofi Annan
  UN
© រក្សាសិទ្ធិដោយ thmeythmey.com