អន្តរជាតិ
មីយ៉ាន់ម៉ា៖យ៉ាងហោចម្នាក់ស្លាប់និងប្រាសាទជាង ៦០ ខូចខាតដោយសាររញ្ជួយដីកម្រិត៦.៨រ៉ិចទ័រ
24, Aug 2016 , 9:23 pm        
រូបភាព
រូបភាព៖ Irrawaddy
រូបភាព៖ Irrawaddy
ដោយ: ថ្មីៗ
​គ្រោះរញ្ជួយ​ដី​កម្រិត ៦.៨ រ៉ិច​ទ័រ​នៅ​មីយ៉ាន់​ម៉ា​នៅថ្ងៃ​ពុធ​ទី ​២៤ សីហា​នេះ​បាន​បណ្តាល​ឲ្យ​ប្រាសាទ​បុរាណ​ជាង​ ៦០ដែល​ស្ថិត​នៅ​ក្រុង​ Bagan រង​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ។ ហើយ​មនុស្ស​យ៉ាង​ហោច​ណាស់​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​គ្រោះ​មហន្ត​រាយ​នេះ។
 


គ្រោះមហន្តរាយ​រញ្ជួយ​ដី​បាន​វាយប្រហារ​លើ​ប្រទេស​មី​យ៉ាន់​ម៉ា​នា​ថ្ងៃ ពុធ នេះ ហើយ​បាន​ឆក់យក​ជីវិត​មនុស្ស​យ៉ាងហោចណាស់​ម្នាក់ និង​បំផ្លិចបំផ្លាញ​ប្រាសាទបុរាណ​ច្រើនជាង ៦០ ឯណោះ​។
​យោងតាម​សារព័ត៌មាន​ក្នុងស្រុក Irrawaddy គ្រោះមហន្តរាយធម្មជាតិ​នេះ​កើតឡើង​នៅ​ម៉ោង​ប្រហែល ៥ ម៉ោង​ក្នុង​តំបន់ ហើយ​រលក​រញ្ជួយ​នេះ​មាន​កម្រិត​រហូតដល់ ៦.៨​រ៉ិ​ច​ទ័​រ​ឯណោះ​។ ក្រោយ​កើតហេតុ គេ​ទទួលបាន​ព័ត៌មាន​ថា ប្រាសាទបុរាណ​នៅ​ក្រុង Bagan ច្រើនជាង ៦០ កន្លែង​បាន​រង​ការខូចខាត​ខ្លាំង​។​
 
​បើតាម​លោក Soe Soe Lin ដែលជា​មន្ត្រី​នៃ​នាយកដ្ឋាន​បុរាណវិទ្យា Bagan ប្រាសាទ​ប្រហែល ៦៥ បាន​រង​ការខូចខាត​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នេះ ហើយ​ចំនួន​ប្រាសាទ​ខូចខាត​នេះ​អាច​នឹង​កើនឡើង​ទៀត​។​
 
​ក្រៅពី​បង្ក​ការខូចខាត​ដល់​ប្រាសាទបុរាណ​រាប់សិប គ្រោះ​រញ្ជួយ​ដី​នេះ​ក៏បាន​សម្លាប់​មនុស្ស​ម្នាក់​ដែរ​។ បើតាម​ប្រភព​សារព័ត៌មាន​ខាងលើ​ដដែល បុរស​ម្នា​ក់វ័យ ២២​ឆ្នាំ នៅ​ក្រុង Pakokku បាន​ស្លាប់​ដោយសារ​អាគារ​រលំ​សង្កត់​។ គេ​មិនទាន់​ទទួលបាន​របាយការណ៍​ច្បាស់ការ​ពាក់ព័ន្ធ​អ្នករបួស​និង​អ្នកស្លាប់​ឡើយ​មកទល់ពេលនេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com