ជាតិ
សុវត្តិភាព ចរាចរណ៍
សាលាក្រុង​៖ ការបិទផ្លូវ គឺ​ដើម្បី​រក្សា​សន្តិសុខ​ជូន​ពលរដ្ឋ​
05, Sep 2016 , 9:33 am        
រូបភាព
ដោយ: ថ្មីៗ
​ការបិទ​កំណាត់​ផ្លូវជាតិ​លេខ ២ នៅ​ម្តុំ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ តាំងពីព្រឹក​ព្រលឹម ថ្ងៃទី​៥ ខែកញ្ញា​នេះ បាន​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង​នៅ​ចំណុច​ស្ពាន​អាកាស​ក្បាលថ្នល់ និង​ស្ពាន​ព្រះមុនីវង្ស​(​ច្បារអំពៅ​)​។



​ការបិទផ្លូវ​ដោយ​គ្មាន​ការជូនដំណឹង​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នេះ គឺ​បន្ទាប់ពី​គណបក្ស សង្គ្រោះ​ជាតិ ប្រកាស​ដង្ហែ​ញត្តិ​ទៅ​ដា​ក់នៅ​ស្ថានទូត​នៃ​ប្រទេស​មហាអំណាច ជាពិសេស​ប្រទេស​ដែលជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។

​លោក ឃួ​ង ស្រេង អភិ​រង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មូលហេតុ​នៃ​ការបិទផ្លូវ​នេះ គឺ​ដើម្បី​ថែរក្សា​សន្តិសុខ ជូន​ប្រជាពលរដ្ឋ និង​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​។ លោក ឃួ​ង ស្រេង បានបញ្ជាក់​បន្ត​យ៉ាងនេះ​ថា​៖«​ដ្បិតតែ​ពួកគាត់​ទៅធ្វើ​ការ​យឺត​មែន ប៉ុន្តែ​សុវត្ថិភាព​របស់គាត់ ត្រូវបាន​ធានា​»​។ 



​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ៥ ខែកញ្ញា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​នៃ​ប្រទេស​មហាអំណាច ជាពិសេស​ប្រទេស​ដែលជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ​១៩៩១ ។ លោក អេង ឆៃអ៊ាង ដែល​បាន​ថ្លែងប្រាប់​អ្នកគាំទ្រ​ខ្លួន​នៅ​ស្នាក់ការ​គណបក្ស​នៅ​ថ្ងៃទី ៤ ខែកញ្ញា​ថា ខ្លឹមសារ​នៃ​ញត្តិ​នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ប្រាប់​ប្រទេស​ទាំងនោះ​ថា រដ្ឋាភិបាល​បច្ចុប្បន្នកំពុង​រំលោភ​លើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស រដ្ឋធម្មនុញ្ញ និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។ បើតាម​លោក អេង ឆៃអ៊ាង គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​ប្រទេស​ទាំងនោះ ដាក់​សម្ពាធ​មកលើ​រដ្ឋា​ភិ​បាល​ឲ្យ​គោរព​កិច្ចព្រមព្រៀង និង​ធានា​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ជាពិសេស​មេដឹកនាំ​ទាំងពីរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាច​ចូលរួម​ប្រកួតប្រជែង​ដោយ​ស្មើភាព​ជាមួយ​បក្ស​កាន់អំណាច​៕




Tag:
 បិទផ្លូវ​
 ​ ស្ទះចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com