អន្តរជាតិ
បុរស​ម្នាក់​ប្លន់​ធនាគារ​ដើម្បី​ឲ្យ​បាន​ជាប់គុក ព្រោះ​មិន​ចង់​នៅ​ជាមួយ​ប្រពន្ធ​
12, Sep 2016 , 12:22 pm        
រូបភាព
ដោយ: ធីតា
​បុរស​អាមេរិក​វ័យ​៧០​ឆ្នាំឈ្មោះ Lawrence Jonh Ripple បានសម្រេច​ចិត្ត​ជ្រើស​រើសយក​ការជាប់​ពន្ធនាគារ ជាជាង​ការរស់នៅ​ក្នុងផ្ទះ​ជាមួយ​ភរិយា​របស់ខ្លួន​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត USA Today​។​



​កាលពី​ថ្ងៃទី​២ ខែកញ្ញា បុរស​ចំណាស់ Lawrence Jonh Ripple បាន​ចូលទៅក្នុង​ធនាគារ​មួយ​នៅ​ក្រុង Kansas City សហរដ្ឋអាមេរិក​។ បុរស​រូបនោះ បាន​ហុច​ក្រដាស​មួយ​សន្លឹក​ទៅ​បុគ្គលិក​ធនា​ការ ដោយ​សរសេរថា គេ​មាន​កាំភ្លើង​ក្នុង​ដៃ និង​ចង់បាន​លុយ​។​

​លោក Eric Beltz ដែលជា​ភ្នាក់ងារ​ស៊ើបអង្កេត​ពិសេស បាន​រៀបរាប់ថា ក្រោយ​ទទួលបាន​លុយ​២៩២៤​ដុល្លារ​អាមេរិក​រួចហើយ Ripple មិនបាន​ចាកចេញ​ទៅណា​ឡើយ ដោយ​គាត់​ទៅ​អង្គុយ​នៅ​កន្លែង​រង់ចាំ ហើយ​ប្រាប់​បុគ្គលិក​សន្តិសុខ​ឲ្យ​ចាប់ខ្លួន​។​

​លោក Beltz អះអាងថា លោក Ripple មិនមែន​ប្លន់​ធនាគារ​ដើម្បី​លុយ​នោះឡើយ ពីព្រោះ​ធនា​ការដែល​គាត់​ប្លន់​គឺ​ខុសពី​ប៉ុស្តិ៍​ប៉ូលិស​តែមួយ​ផ្លូវ​ប៉ុណ្ណោះ​។ ក្រោយ​ការចាប់ខ្លួន Ripple បាន​ពន្យល់​ប្រាប់​ប៉ូលិស​ថា គាត់​មិន​ចង់​រស់នៅ​ជាមួយ​ភរិយា​ទៀតឡើយ ដូច្នេះ​គាត់​សុខចិត្ត​ជាប់គុក​។ ក្រោយមក គាត់​បាន​សំណូមពរ​ឲ្យ​ប៉ូលិស​យកលុយ​ទៅ​សង​ធនាគារ​វិញ​។​

​គេ​មិនដឹងថា គាត់​មានរឿង​អ្វី​កើតឡើង​នោះឡើយ ប៉ុន្តែ​ប្រហែលជា​ពីរ​សប្តាហ៍​មុន​ការប្រព្រឹត្ត​សកម្មភាព​ប្លន់​គាត់​បាន​បង្ហោះ​រូបភាព​ល្អូកល្អិន​ជាមួយ​ភរិយា ហើយ​ថែមទាំង​ដាក់​ជា Facebook Profile ទៀតផង​។​

​ទោះបីជា​យ៉ាងណាក៏ដោយ បំណងប្រាថ្នា​របស់ Ripple មិនបាន​សម្រេច​ឡើយ ដោយ​ចៅក្រម​ម្នាក់​បានសម្រេច​ដោះលែង​គាត់​វិញ​ក្រោយ​ជាប់ឃុំ​មួយ​សប្តាហ៍ ដោយសារតែ​លទ្ធផល​ស៊ើបអង្កេត រកឃើញថា​សកម្មភាព​របស់គាត់​មិន​ទាក់ទង​នឹង​អំពើ​ប្លន់​នោះឡើយ​។ នេះ​បើ​យោងតាម​កាសែត The Washington Post៕


Tag:
 ប្លែកៗ​
  ប្លន់​ធនាគារ​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com