អន្តរជាតិ
លោកស្រីស៊ូជី៖ ពីអ្នកទោសនយោបាយ ក្លាយជាមេដឹកនាំមីយ៉ាន់ម៉ា ដែលបានជួបលោកអូបាម៉ានៅការិយាល័យពងក្រពើ
× ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី កំពុងតែបំពេញទស្សនកិច្ចនៅក្នុងទឹកដីអាមេរិកតាមការអញ្ជើញរបស់លោកប្រធានាធិបតីជិតផុតអាណត្តិបារ៉ាក់ អូបាម៉ា។ តាមរយៈទស្សនកិច្ចផ្លូវការនេះ លោកស្រី ស៊ូជី ដែលជាប្រមុខការទូតមីយ៉ាន់ម៉ាផងដែរនោះ ក៏បានជួបជជែកនិងពិភាក្សាជាមួយនឹងប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅក្នុងការិយាល័យពងក្រពើដែលជាកន្លែងសម្រាប់ប្រធានាធិបតីអាមេរិក ពិភាក្សាជាមួយនឹងមេដឹកនាំកំពូលៗពិភពលោកផងដែរ។
មេដឹកនាំ de facto (ពិតប្រាកដ) មីយ៉ាន់ម៉ា លោកស្រីអ៊ុងសាន ស៊ូជី នៅថ្ងៃទី១៤ ខែកញ្ញា បានជួបពិភាក្សាជាមួយនឹងប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅក្នុងការិយាល័យពងក្រពើនៃសេតវិមានក្នុងក្រុងវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក។ ជំនួបផ្លូវការនេះ គឺជាជំនួបចុងក្រោយហើយរបស់លោកស្រី ស៊ូជី និងលោកអូបាម៉ាក្នុងនាមលោកជាប្រធានាធិបតីអាមេរិក។
តាមរយៈជំនួបផ្លូវការលើកដំបូងប្រវតិ្តសាស្ត្រក្នុងនាមជាប្រមុខដឹកនាំ លោកស្រី អ៊ុងសាន ស៊ូជី បានអរគុណសហគមន៍អន្តរជាតិ ជាពិសេសរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលតែងគាំទ្រ និងជ្រោមជ្រែងចំពោះដំណើរការ និងចលនាប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា ដែលបានបាត់បង់អស់រយៈពេលជាច្រើនទសវត្សរ៍ហើយនោះ។ លោកស្រី ស៊ូជី បានឡើងកាន់តំណែង និងដឹកនាំក្នុងរដ្ឋាភិបាលមីយ៉ាន់ម៉ាជាផ្លូវការនៅខែមេសាកន្លងទៅ បន្ទាប់ពីបក្សលោកស្រី បានឈ្នះការបោះឆ្នោតប្រជាធិបតេយ្យមីយ៉ាន់ម៉ាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅចុងឆ្នាំ២០១៥។
ជាការឆ្លើយតបទៅនឹងដំណើរឆ្ពោះទៅមុខនៃលទ្ធិប្រជាធិបតេយ្យមីយ៉ាន់ម៉ា លោក អូបាម៉ា បានប្រាប់លោកស្រី ស៊ូជី ថា «អាមេរិក កំពុងតែត្រៀមដកទណ្ឌកម្ម ដែលអាមេរិក បានដាក់លើមីយ៉ាន់ម៉ាក្នុងពេលយោធាដឹកនាំប្រទេស នាពេលខាងមុខដ៏ខ្លីនេះ។» នេះបើយោងតាមភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់សម្តីលោក អូបាម៉ា ដែលលោកប្រាប់លោកស្រីស៊ូជីដែរថា នេះ (គម្រោងដកទណ្ឌកម្ម) គឺជារឿងមួយដ៏ត្រឹមត្រូវដើម្បីធានាឲ្យបាន ថា ប្រជាជនមីយ៉ាន់ម៉ា នឹងទទួលបានរង្វាន់ថ្មីសម្រាប់ការធ្វើអាជីវកម្មរបស់ខ្លួន។
សូមរម្លឹកផងដែរថា នៅពាក់កណ្ដាលខែឧសភាកន្លងទៅ អាមេរិក បានលុបចោលទណ្ឌកម្មលើក្រុមហ៊ុនមួយចំនួនដែលក្រុងវ៉ាស៊ីនតោនបានដាក់ក្នុងពេលមីយ៉ាន់ម៉ាដឹកនាំដោយរបបយោធា។ មន្ត្រីអាមេរិកអះអាងថា ការសម្រេចចិត្តរបស់ខ្លួន គឺមានការផ្ដល់យោបល់ពីលោកស្រី ស៊ូជី ដ្បិតរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ចង់រក្សាឥទ្ធិពលប្រឆាំងក្រុមយោធា និងក្រុមហ៊ុនពួកគេគាំទ្រ ដែលរកស៊ីមុខជំនួញធំៗរបស់ប្រទេស។
ងាកមកចាប់អារម្មណ៍ទំនាក់ទំនងរវាងប្រធានាធិបតីអាមេរិកលោក អូបាម៉ា និងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ស៊ូជី បន្តិច ! តាមពិតទៅ លោក អូបាម៉ា និងលោកស្រី ស៊ូជី មិនមែន ទើបតែជួបគ្នាលើកដំបូងនោះទេ ពោលគឺ រាប់ទាំងជំនួបចុងក្រោយនេះ អ្នកទាំងពីរ បានជួបគ្នាបីលើករួចទៅហើយ។ តែអ្វីគួរកត់សម្គាល់នោះ ជំនួបពីមួយលើកទៅមួយលើក លោកស្រី ស៊ូជី បានប្រែប្រួលតំណែងខុសៗគ្នា ខណៈពេលដែលលោក អូបាម៉ា ជាប្រធានាធិបតី។
លោកស្រី ស៊ូជី ធា្លប់ជួបលោកអូប៉ាម៉ាដំបូងក្នុងនាមជាប្រមុខបក្សប្រឆាំងសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យកាលពីឆ្នាំ២០១២។ ហើយ ពេលនោះ ក៏ជាលើកដំបូងដែលអាមេរិក បានបង្ហាញ និងលើកមុខមាត់លោកស្រី អ៊ុងសាន ស៊ូជីក្នុងឆាកអន្តរជាតិ ក្រោយលោកស្រីត្រូវបានដោះលែងជាផ្លូវការពីការឃុំរយៈពេល១៧ឆ្នាំក្នុងផ្ទះដោយក្រុមយោធាក្នុងនាមជាអ្នកទោសនយោបាយ។ ក្នុងពេលនោះដែរ លោកស្រី ក៏បានទទួលបានលមេដាយមាសពីអាមេរិកផងដែរ។
ក្រោយមកទៀត ភាគីទាំងពីរ ក៏បានជួបគ្នាជាលើកទីពីរ ក្នុងឆ្នាំ២០១៤ នៅក្នុងទឹកដីមីយ៉ាន់ម៉ា នាឱកាសដែលប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលមីយ៉ាន់ម៉ាធ្វើជាប្រធានអាស៊ាន។ ក្នុងពេលនោះ លោកស្រី ស៊ូជី នៅតែជាប្រមុខបក្សប្រឆាំងនៅឡើយនោះទេ។
ដោយឡែកសម្រាប់ជំនួបក្នុងការិយាល័យពងក្រពើ លោកស្រី ស៊ូជី លែងជាមេដឹកនាំបក្សប្រឆាំងទៀតហើយ ពោលគឺលោកស្រី គឺជាតំណាងរដ្ឋាភិបាលមីយ៉ាន់ម៉ា ហើយជាប្រមុខបក្សកាន់អំណាចផងដែរ។ តែវា ក៏ជាជំនួបផ្លូវការចុងក្រោយផងដែររវាងមេដឹកនាំទាំងពីរ ដ្បិតលោក អូបាម៉ា នឹងត្រូវចាកចេញពីការិយាល័យនៅចុងឆ្នាំ២០១៦នេះ ក្រោយលោក បានដឹកនាំប្រទេសអស់រយៈពេលពីរអាណត្តិហើយនោះ៕
Tag:
មីយ៉ាន់ម៉ា
អាមេរិក
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com