English-Français
សមាជិក YSEALI ចង់ឃើញរដ្ឋាភិបាលអាមេរិក បន្តគាំទ្រកម្មវិធីនេះ ទោះលោកអូបាម៉ា ចាកចេញ
×
ជំនួបប្រចាំឆ្នាំ២០១៦របស់គំនិតផ្តួចផ្តើម YSEALI ដែលប្រព្រឹត្តឡើងនៅក្រុងលួងប្រាបាងនៃប្រទេសឡាវរ បានបញ្ចប់ជាមួយនឹងមាត្រីភាព មិត្តភាព បទពិសោធន៍ និងចំណេះដឹងដែលភាគច្រើនផ្តោតលើការអភិវឌ្ឍប្រកបដោយចរីភាព។ ក្រោយទទួលបានការបណ្តុះបណ្តាលតាមរយៈជំនួបរយៈបីថ្ងៃនេះ យុវជនអាស៊ានដែលបានចូលរួមក្នុងកម្មវិធីនេះ បានបង្ហាញពីការពេញចិត្ត ជាមួយនឹងចំណេះដឹងដែលពួកគេទទួល និងប្តេជ្ញាយកចំណេះដឹងទាំងនោះជួយអភិវឌ្ឍសហគមន៍របស់ពួកគេទៀតផងដែរ។ តែយុវជន ក៏បានស្នើឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែលជាអ្នកផ្តួចផ្តើមនៃកម្មវិធីនេះធានានិរន្តរភាពរបស់កម្មវិធីផងដែរ។
សូមស្តាប់កិច្ចសម្ភាសន៍ទាំងស្រុងរវាងលោកទេពអ៊ី វិសាល អ្នកសារព័ត៌មានថ្មីៗជាមួយនឹងយុវជនកម្ពុជា ឥណ្ឌូនេស៊ី និងហ្វីលីពីនដែលជាអ្នកចូលរួមក្នុងជំនួបគំនិតផ្តួចផ្តើម YSEALI
«កុំសួរថា តើសង្គមបានផ្តល់អ្វីខ្លះដល់អ្នក តែអ្នកត្រូវសួរខ្លួនឯងថា អ្នកបានផ្តល់អ្វីខ្លះដល់សង្គម?»។ នេះជាអ្វីដែល កញ្ញា សុខ សុភ័ក្ត្របញ្ញា បានចងចាំពីក្នុងវគ្គបណ្តុះបណ្តាល៣ថ្ងៃនៃជំនួបយុវជន YSEALI នៅក្នុងក្រុងលួងប្រាបាងនៃប្រទេសឡាវកាលពីពេលថ្មីៗនេះ។ សុភ័ក្ត្របញ្ញា ជាយុវជនខ្មែរម្នាក់ដែលស្ថិតនៅក្នុងចំណោមយុវជនកម្ពុជា១៤នាក់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ជំនួបប្រចាំឆ្នាំជាមួយយុវជន YSEALI ជាង១៨០នាក់ផ្សេងទៀតមកពីប្រទេសសមាជិកអាស៊ាន។ យុវតី វ័យ ១៩ឆ្នាំរូបនេះ ក៏បានស្នើឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីន ធានានិរន្តរភាពរបស់កម្មវិធីនេះផងដែរ។
សុខ សុភ័ក្ត្របញ្ញា (យុវជនកម្ពុជា)
មិនខុសពី កញ្ញា សុភ័ក្របញ្ញា កញ្ញា LARASATI យុវតីសញ្ជាតិឥណ្ឌូនេស៊ី ដែលមានវត្តមានក្នុងជំនួបប្រចាំឆ្នាំនោះ ក៏មានចំណាប់អារម្មណ៍ស្រដៀងគ្នានេះដែរ។ កញ្ញា បានអះអាងថា កម្មវិធីនេះ បានធ្វើឲ្យកញ្ញាយល់ដឹងបន្ថែមពីបទពិសោធន៍ក្នុងការផ្លាស់ប្តូរពិភពលោក និងធ្វើឲ្យពិភពលោកក្លាយជាកន្លែងមួយកាន់តែល្អប្រសើរសម្រាប់មនុស្សជាតិ។
LARASATI (យុវជនឥណ្ឌូនេស៊ី)
បន្ថែមពីការលើកឡើងរបស់យុវជនអាស៊ានទាំងពីរ កញ្ញា Pauline Anne B Ferrero យុវតីហ្វីលីពីន ដែលជាសមាជិក YSEALI ផងដែរនោះ បានប្តេជ្ញាថា កញ្ញា នឹងនាំយកចំណេះដឹងដែលបានមកពីកម្មវិធីនោះដើម្បីអភិវឌ្ឍសហគមន៍ហ្វីលីពីនឲ្យកាន់តែល្អប្រសើរ។ ជាពិសេសនេះ កញ្ញា ក៏បានប្តេជ្ញា យកចំណេះដឹងដែលបានទទួលតាមរយៈកម្មវិធី YSEALI ទៅប្រើប្រាស់ក្នុងគម្រោង និងគំនិតផ្តួចផ្តើមរបស់កញ្ញាដែលពាក់ព័ន្ធស្ត្រី កុមារ និងជនជាតិភាគតិចនៅក្នុងសហគមន៍ហ្វីលីពីនតែម្តង។
Pauline Anne B. Ferrero (យុវជនហ្វីលីពីន)
សូមបញ្ជាក់ថា គំនិតផ្តួចផ្តើម YSEALI (Young Southeast Asian Leadership Initiative) គឺជាគំនិតផ្តួចផ្តើមមួយដែលត្រូវបានបង្កើតឡើងក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា តាំងពីឆ្នាំ២០១៣។ គំនិតផ្តួចផ្តើមនេះ មានទិសដៅពង្រឹងសមត្ថភាពយុវជន និងមេដឹកនាំវ័យក្មេងរបស់ប្រទេសទាំងដប់នៃអាស៊ានដែលជាសមាជិកខ្លួនពាក់ព័ន្ធបញ្ហាបរិស្ថាន អប់រំ ការផ្សារភ្ជាប់ខ្លួនជាមួយនឹងប្រជាជនស៊ីវិល និង សហគ្រិនភាពនិងសេដ្ឋកិច្ច។ តាមរយៈកម្មវិធីនេះ យុវជន ក៏មានឳកាសដើម្បីបំពេញកម្មសិក្សានៅសហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់ផងដែរ។
បើទោះបីជាអ្នកផ្តួចផ្តើមនៃកម្មវិធីនេះ គឺលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា នឹងត្រូវបញ្ចប់អាណត្តិដឹកនាំរបស់លោកនាពេលខាងមុខដ៏ខ្លីក៏ដោយ គំនិតផ្តួចផ្តើមដែលមានសមាជិកជាយុវជន និងមេដឹកនាំវ័យក្មេងជាង៩ម៉ឺននាក់ហើយនោះ មិនបញ្ចប់ឡើយ។ លោកប្រធានាធិបតី អូបាម៉ា នៅតែបន្សល់ក្តីសង្ឃឹមសម្រាប់យុវជនដែលជាសមាជិកនៃគំនិតផ្តួចផ្តើមនេះតាមរយៈសុន្ទរកថាចុងក្រោយរបស់លោកក្នុងនាមជាប្រធានាធិបតីអាមេរិកនៅក្នុងប្រទេសឡាវ ដោយបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក នឹងនៅតែបន្តពង្រឹងសមត្ថភាពយុវជនតាមរយៈកម្មវិធីនេះដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com