ជាតិ
វាលស្មៅ​កសិណ​អង្គរ​ក្លាយជា​កន្លែង​អង្គុយលេង​ដ៏​ពេញនិយម​សម្រាប់​អ្នក​សៀមរាប​
20, Sep 2016 , 9:19 am        
រូបភាព
​សៀមរាប​៖ ក្រៅពី​សួនច្បារ​មុខ​មហាសណ្ឋាគារ​អង្គរ ឫ​Grand Hotel ទំនងជា​គ្មាន​សួនច្បារ​ណា​ផ្សេងទៀត​ទេ សម្រាប់​ឲ្យ​អ្នក​សៀមរាប​សម្រាក​លំហែកាយ​។ ដូច្នោះ​ហើយ ទើប​ពលរដ្ឋ​នៅ​ក្រុង​ទេសចរណ៍​មួយ​នេះ តែង​សម្រុក​ទៅ​អង្គុយលេង នៅមុខ​ប្រាសាទអង្គរវត្ត ដែល​ទីនោះ​មាន​វាលស្មៅ​ខៀវស្រងាត់ ពិសេស​នោះ​មាន​មាត់ទឹក​កសិណ ដែល​ធ្វើ​ឲ្យ​បរិយាកាស​នៅ​ទីនោះ​ត្រជាក់​នៅពេល​រសៀល​មក​ដល់​។​



​បើ​ទោះ​មិនមែន​ថ្ងៃ​សៅរ៍​អាទិត្យ ឫ​បុណ្យទាន​ក៏ដោយចុះ នៅលើ​វាលស្មៅ​មុខ​ប្រាសាទអង្គរវត្ត តែងមាន​មនុស្សម្នា​នៅ​អង្គុយលេង​មិនដែល​លោះ​។ នៅ​ទីនោះ អ្នក​លក់បាន​សម្រុក​ប្រជែង​គ្នា​ចត​រ៉ឺម៉ក​ម៉ូតូ ខ្លះ​ឡានតូចៗ ដើម្បី​លក់​ចំណីអាហារ ដែល​អ្នក​ខេត្តសៀមរាប​ចូលចិត្ត​ជួល​កន្ទេល​អង្គុយលេង​ជា​លក្ខណៈ​មិត្តភក្តិ និង​គ្រួសារ​។ ចរាចរណ៍​ចាប់ពី​ផ្លូវ​វាង​ត្រពាំង​សេះ​ទៅខាង​ជើង​កសិណ​អង្គរតូច មានការ​កកស្ទះ​ជា​អន្លើៗ ដោយសារ​ការចត​រប​ស់​យានជំនិះ​ច្រើន​ប្រភេទ​។​

​នៅលើ​វាលស្មៅ​មុខ​អង្គរ ដែល​តាម​ការគិត គួរ​ត្រូវបាន​ថែរក្សា ដើម្បី​លើក​សោភ័ណភាព​នៅ​ទីនោះ បែរជា​ត្រូវ​បំផ្លាញ​ដោយសារ​ស្បែកជើង និង​បោះចោល​សំរាម​ដោយ​គ្មាន​ការគិត​។ នៅ​ទីនោះ​ភ្ញៀវ​និយម​ហូប​បុកល្ហុង មីឆា លត​ឆា ប្រហិត ការ៉េម ខ្លះទៀត​ចូលចិត្ត​វេច​ខ្ចប់​បាយ​សម្ល​ពី​ផ្ទះ ទៅ​អង្គុយ​ហូប​នៅ​ទីនោះ យ៉ាង​មាន​សេចក្តីសុខ​។ ក្មេងៗ​ជាច្រើន​នាក់ ខ្លះ​លក់​សណ្តែកដី សង្វាក់ របស់​ក្មេង​លេង ក៏មានដែរ អ្នកលក់​ស្ករ​ទាញ​ពិសេស​។​ល​។ ក្រៅពី​របស់របរ​ទាំង​នោះ គ្រឿង​ស្រវឹង​ក៏ត្រូវ​បានដាក់​លក់ និង​នាំទៅ​ផឹក​នៅ​ទីនោះ​ផងដែរ​។ ក្នុងនោះ​ក៏មានដែរ អ្នក​ដែល​ប្រារព្ធ​ពិធី​ខួបកំណើត​នៅ​ទីនោះ ខ្លះទៀត​នាំ​ទាំង​ឧបករណ៍​បំពង​សំឡេង សឹង​កន្លែង​នោះ​ជា​មណ្ឌល​កម្សាន្ត​មួយ​ទៅហើយ​។

​ក្រៅពី​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​ហើយ​នោះ ក្នុង​នោះគេ​ក៏​ឃើញ​អ្នក​ខេត្តសៀមរាប បូករួម​និង​អ្នក​ទេសចរណ៍​ទាំង​ឆ្ងាយ និង​ជិត អង្គុយ​ក្រា​លក​ន្ទេ​ស ខ្លះទៀត​បាន​ជួល​អង្រឹង​យោង តាម​មាត់​ត្រពាំង​សេះ​។ ត្រពាំង​សេះ ជា​កន្លែង​ដ៏​ស្រស់ស្អាត​មួយ ដែល​ផ្ទៃ​ត្រពាំង​ពោរពេញ​ទៅដោយ​ផ្កា​ព្រលិត គួរ​ឲ្យ​ទាក់ទាញ​។ កន្ទេល​មួយ​ជួល​ថ្លៃ​២​ពាន់​រៀល ចំណែក​អង្រឹង មានតម្លៃ​ប្រហាក់ប្រហែលគ្នា​។​

​បើតាម​ការលើកឡើងរ​បស់​អ្នករកស៊ី​នៅ​ទីនោះ ពួកគេ​ទទួលបាន​ការអនុញ្ញាត​ពី​អាជ្ញាធរ និង​មាន​សិទ្ធិ​លក់ដូរ​នៅ​បរិវេណ​ទាំងនោះ ចាប់ពី​ម៉ោង ៥​រសៀល​ឡើងទៅ​។ កន្លងទៅ អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គេ​គ្រោង​នឹង​អភិវឌ្ឍន៍​វាលស្មៅ​មុខ​អង្គរ​ឡើងវិញ ហើយ​ការលក់ដូរ ក៏​នឹង​លែងមាន​តទៅទៀត​ដែរ​។​

​សូម​ទស្សនា​រូបភាព​ខ្លះៗ ពី​ទិដ្ឋភាព​ដែល​ភ្ញៀវទេសចរ ក៏ដូចជា​អ្នក​ខេត្តសៀមរាប​សម្រុក​ទៅ​អង្គុយលេង​នៅ​វាលស្មៅ​មុខ​កសិណ​អង្គរ​ដូចតទៅ​។ រូបភាព​ទាំងនេះ ថត​នៅ​ថ្ងៃទី​១០ កញ្ញា ឆ្នាំ​២០១៦​។​






































Tag:
 កសិណ​
  អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com