អន្តរជាតិ
ពីរ​ម៉ាត់​យ៉ាងខ្លី​របស់លោក Duterte ប្រតិកម្ម​ទៅនឹង​ការរិះគន់​របស់​សហភាព​អឺរ៉ុប « F**k you»
21, Sep 2016 , 5:01 pm        
រូបភាព
ដោយ: ថ្មីៗ
«F**k you» ! នេះ គឺជា​សារ​ឆ្លើយតប​មួយ​យ៉ាងខ្លី​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ (Rodrigo Duterte) ទៅកាន់​សហភាព​អឺរ៉ុប ដែល​ទើបតែ​បាន​ថ្លែង​ព្រួយបារម្ភ និង​រិះគន់​ពី​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​បទល្មើស​រប​ស់លោក​នោះ​។ ហើយ​នេះ ក៏​ជាការ​ឆ្លើយតប​ដោយ​ប្រើពាក្យ​អសុរោះ​ជាថ្មី​ទៀតហើយ​របស់លោក​ប្រធានាធិបតី បន្ទាប់ពី​លោក បានធ្វើ​យ៉ាង​ដូច្នេះ​ទៅលើ ប្រធានាធិបតី​អាមេរិក​។



«​ខ្ញុំ បាន​អាន​សេចក្តីថ្លែងការណ៍​ថ្កោលទោស​របស់​សហភាព​អឺរ៉ុប​ប្រឆាំង​ខ្ញុំ​រួចហើយ​។ ហើយ​ខ្ញុំ នឹង​ប្រាប់​ពួកគេ​វិញ​ថា f**k you...​។​» នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​លោក​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ក្នុង​ក្រុង​ដា​វ៉ា​វ នៅ​ថ្ងៃទី​២០ ខែកញ្ញា​ម្សិលមិញ ឆ្លើយតប​ទៅនឹង​ការទទូច​ឲ្យ​បញ្ឈប់ ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​របស់​សហភាព​អឺរ៉ុប ដែល​បាន​ដកស្រង់​ដោយសារ​ព័ត៌មាន​ហ្វីលីពីន inquirer.net​។

​នៅ​សប្តាហ៍​មុន សហភាព​អឺរ៉ុប បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយបាន​សម្តែង​ការព្រួយបារម្ភ​ពី​ការកើនឡើង​នៃ​ចំនួន​អ្នកស្លាប់​ក្រោម​ប្រតិបត្តិការ​ប៉ូលិស​ក្នុងការ​អនុវត្តតាម​បទបញ្ជា​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន​ដើម្បី​បោសសម្អាត​បទល្មើស និង​គ្រឿងញៀន និង​ថែម​ទទូច​ឲ្យ​ហ្វីលីពីន បញ្ចប់​សកម្មភាព​នៃ​ការកាត់ទោស និង​សម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​បច្ចុប្បន្ន​ទៀត​ផង​។​

​យ៉ាងណាក៏ដោយ ក្រៅពី​ការជេរប្រមាថ​នេះ លោក​ប្រធានាធិបតី ក៏បាន​ថ្លែង​រិះគន់​ដែរ​ថា សហភាព​អឺរ៉ុប បាននិងកំពុង​តែ​បង្ហាញ​សក​កម្ម​ភាព​រឹតត្បិត​ខ្លាំង​លើ​ប្រទេស​ដទៃទៀត ដោយសារតែ​រអៀសចិត្ត លើ​អំពើ​ឃោរឃៅ​របស់ខ្លួន​ដែល​បាន​ប្រព្រឹត្ត​កាលពីពេល​កន្លងមក​។ ជាងនេះទៅទៀត លោក​ប្រធានាធិបតី ដែលមាន​រហ័ស​នាម​ថា «​អ្នក​ដាក់ទណ្ឌកម្ម​» ក៏បាន​ហៅ​សហភាព​អឺរ៉ុប​ថា អ្នក​ពូកែ​លាក់ពុត ដោយ​លោក លើក​ឧទាហរណ៍​ពី​សកម្មភាព​នៃ​ការសម្លាប់​ដែល​កើតចេញពី​សមាជិក​រប​ស់ហភាព​អឺរ៉ុប​រួមមាន បារាំង និង​ចក្រភព​អង់គ្លេស ដែល​បានសម្លាប់​ប្រជាជន​អារ៉ាប់​កាលពីពេល​កន្លង​នោះ​។

​អ្វី​គួរកត់សម្គាល់​នោះ រាល់​មេដឹកនាំ ឬ​ស្ថាប័ន​ណាមួយ​ដែល​ហ៊ាន​រិះគន់​ពី​ប្រតិបត្តិការ​របស់លោក​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ មិនដែល​រួចផុត​ពី​ការប្រើ​ពាក្យ​អសុរោះ និង​ជេរប្រមាថ​ជា​សារ​ធារ​ណៈ ដែលជា​ការឆ្លើយតប​ពី​លោក​ប្រធានាធិបតី​រូបនេះ​បានឡើយ​។ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ លោក​ឌើ​ទើ​តេ ក៏បាន​វាយប្រហារ​ពាក្យសម្តី​ទៅកាន់​ប្រធានាធិបតី​អាមេរិក​ផងដែរ បន្ទាប់ ក្រុង​វ៉ាស៊ីនតោន​ចេញ​សេចក្តីថ្លែងការណ៍​ស្រដៀង​ទៅនឹង​សហភាព​អឺរ៉ុប​នោះ​។ លោក បាន​ហៅ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ថា « son of a b–ch »​។

​បើ​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Inquirer.net គិត​ចាប់ពី​ថ្ងៃទី​៣០ ខែមិថុនា ដែលជា​ថ្ងៃ​លោក ឌើ​ទើ​តេ ចូលកាន់​តំណែង​ជា​ផ្លូវការ​ជា​ប្រធានាធិបតី​មកដល់ពេលនេះ មាន​អ្នក​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន ៧០​ម៉ឺន​នាក់ បានប្រកាស​ចូលខ្លួន​សារភាព និង​ជិត​បី​ពាន់​នាក់​ផ្សេងទៀត ត្រូវបាន​សម្លាប់​ក្នុង​ប្រតិបត្តិការ​ប៉ូលិស និង​ការសហការ​ក្រៅ​ប្រព័ន្ធតុលាការ​៕


Tag:
 ហ្វីលីពីន​
  អាស៊ាន​
  សហភាព​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com