ជាតិ
សេដ្ឋកិច្ច
ក្រសួង​ការងារ ស្នើ​ម្ចាស់​សហគ្រាស​បើកប្រាក់​ឈ្នួល​ដល់​កម្មករ​មុន​ថ្ងៃ​ភ្ជុំបិណ្ឌ​
22, Sep 2016 , 8:19 pm        
រូបភាព
ដោយ:
​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រកាស​ឲ្យ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ដែល​ស្ថិតក្នុង​ដែន​អនុវត្ត​ច្បាប់​ស្ដីពី​ការងារ អនុញ្ញាត​កម្មករនិយោជិត បាន​ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​។



​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​កម្មករនិយោជិត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ស្នើ​សហគ្រាស​ទាំងអស់ អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​ទាំងអស់​របស់ខ្លួន ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ រយៈពេល​បួន​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៣០​ខែកញ្ញា រហូតដល់​ថ្ងៃទី​៣​ខែតុលា​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង ដែល​បញ្ជាក់ទៀតថា ម្ចាស់​សហគ្រាស ត្រូវខិតខំ​រៀបចំ​បើកប្រាក់​ឈ្នួល​កម្មករនិយោជិត ឲ្យ​បាន​មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។ ប៉ុន្តែ​បើ​ពុំមាន​លទ្ធភាព​បើកប្រាក់​ឈ្នួល​ទាន់ពេល​ទេ ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​ទទួល​ប្រាក់​បុរេប្រទាន​យ៉ាងតិច ៥០​ភាគរយ មុនពេល​បុណ្យ​ភ្ជុំបិណ្ឌ​។​

​ការប្រកាស​របស់​ក្រសួង​នេះ ដោយយោង​តាមច្បាប់​ស្ដីពី​ការងារ និង​ប្រកាស​ក្រសួង​លេខ​៤១៦ កប​/​ប្រក​. ចុះ​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៥ ស្ដីពី​ការឈប់​បុណ្យ​ដែល​ត្រូវមាន​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​២០១៦ ។ នេះ​បើ​តា​សេចក្ដីជូនដំណឹង​ខាងលើ​៕


Tag:
 កម្មករ​
  ប្រាក់​ឈ្នួល
© រក្សាសិទ្ធិដោយ thmeythmey.com