អត្ថបទពាណិជ្ជកម្ម
​និស្សិត​ជិត​១៧០០​នាក់​នៅ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​បាន​ទទួលសញ្ញាបត្រ​ក្រោម​អធិបតីភាព សម្តេច ហ៊ុន សែន​
23, Sep 2016 , 4:48 pm        
រូបភាព
ដោយ: ថ្មីៗ
​នា​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ បាន​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្ររង ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ជូន​ដល់​និស្សិត​ជ័យលាភី ចំនួន​១.៦៩៤​នាក់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​តាមរយៈ​របាយការណ៍​សង្ខេប​ស្តីពី​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់ លោក សុខ ពុទ្ធិ​វុ​ធ ប្រធាន​ក្រុមប្រឹក្សា​-​ភិ​បាល​នៃ​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ដែល​បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី បានឱ្យដឹងថា ក្នុងចំណោម​និស្សិត​ជ័យលាភី​ទាំង ១.៦៩៤​នាក់ (​ស្រី​៨៤១​នាក់​) មាន​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល​ចំនួន៥៦៦​នាក់ (​ស្រី​៣៦៩​នាក់​) និស្សិត​អាហារូបករណ៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន​៥៨​នាក់ (​ស្រី​២៤​នាក់​) ក្នុងចំណោម​២៧៩​នាក់ និស្សិត​អាហារូបករណ៍​ដទៃទៀត​ចំនួន ៣០៦​នាក់ (​ស្រី​១១៩​នាក់​)​។



​ការស្ទង់មតិ​បានបង្ហាញ​ឱ្យឃើញថា ក្នុងចំណោម​និស្សិត​ជ័យលាភី សរុប​ចំនួន ១.៦៩៤​នាក់ នេះ អ្នកមាន​ការងារ​ធ្វើ​មាន​ចំនួន ១.៣៧២​នាក់ ស្មើ​និង ៨១​ភាគរយ​។ សាកលវិទ្យាល័យ បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍ​ខ្លួន​យ៉ាង​ល្អប្រសើរ តាម​ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុងការ​បណ្តុះបណ្តាល​និស្សិត​ប្រកបដោយ​គុណភាព ក្នុងនោះ​ក៏បាន​ធ្វើការ​វិនិយោគ​យ៉ាងច្រើន​ទៅលើ អគារ បន្ទប់​សិក្សា បន្ទប់​អនុវត្ត បន្ទប់ពិសោធន៍ និង​គ្លី​នី​ក ហើយ​បន្ទប់​នីមួយៗ​បាន​បំពាក់​សម្ភារ​ទំនើបៗ សម្រាប់​ឱ្យ​និស្សិត​អនុវត្ត ក្នុង​គោលបំណង ដើម្បី​ផ្សារភ្ជាប់​ទ្រឹស្តី​ទៅនឹង​ការអនុវត្ត​ជាក់ស្តែង​។        

​ជាមួយគ្នានេះ សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ស្ថាប័នរដ្ឋ មូលដ្ឋាន សុខាភិបាល ក្រុមហ៊ុន​នានា​ទូទាំង​រាជធានី​-​ខេត្ត និង​ដៃគូ​សហប្រតិបត្តិ​ការបរទេស​ចំនួន ២៣ មកពី ៩​ប្រទេស រួមមាន សាធារណរដ្ឋ​កូរ៉េ សាធារណរដ្ឋ​បារាំង សាធារណរដ្ឋ​សិង្ហ​បុរី សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី ម៉ាឡេស៊ី ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ និង​សាធារណរដ្ឋ​ហ្វីលីពីន​។ ក្នុង​កិច្ចសហប្រតិបត្តិការ​នេះ សាកលវិទ្យាល័យ បាន​បញ្ជូន​និស្សិត​ទៅធ្វើ ទស្សនកិច្ច​សិក្សា និង​កម្មសិក្សា​រយៈពេល​ខ្លី ជាមួយ​ដៃគូ​អន្តរជាតិ ចំនួន ២០៧​នាក់ ( នារី​៨៥​នាក់ ) និង​បាន​បញ្ជូន​បុគ្គលិក និង​សាស្ត្រាចារ្យ ទៅ​ដក​បទពិសោធន៍ ចំនួន ២២​នាក់​(​នារី​៤​នាក់​)​។



​ក្រៅពីនេះ សាកលវិទ្យាល័យ បាន​សហការ​រៀបចំ​ក​ម្ម​វិធី​មនុស្សធម៌​ជាមួយ​ដៃគូ​អន្តរជាតិ​ក្នុង​ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ នៅ      ខេត្តពោធិ៍សាត់ កំពង់ស្ពឺ កណ្តាល តាកែវ និង​រាជធានី​ភ្នំពេញ ចាប់ពី​ឆ្នាំ​២០១៥​មក បាន​ចំនួន​៨.៥០០​នាក់​។ សាកល​-​វិទ្យាល័យ ពុទ្ធិ​សាស្ត្រ ក៏បាន​បង្កើត “ កម្មវិធី​គាំពារ​សុខភាព​សហគម​ន៍ UP ˝ ក្នុង​គោលបំណង​ចូលរួម​ជួយ​កិច្ចការ​សង្គម ក្នុង​វិស័យ​សុខាភិបាល ដោយ​ដឹកនាំ​គ្រូពេទ្យ និង​និស្សិត​ពេទ្យ​ស្ម័គ្រចិត្ត ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ និង​អប់រំ​អំពី​សុខភាព ជូន​ចាស់ជរា ជនពិការ កុមារកំព្រា និង​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​ផ្ទាល់​ដោយ​ឥតគិតថ្លៃ​។

​នាឱកាស​នោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់ និង​សរសើរ ដល់​កិច្ចខិតខំ​ប្រឹងប្រែង របស់​សាកលវិទ្យាល័យ ក្នុងការ​បណ្តុះបណ្តាល ធនធានមនុស្ស និង ចូលរួម​ក្នុង​កិច្ចការ​សង្គម​។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ក៏បានផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ការប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ពូកែ ប្រចាំ​ជំនាន់​នីមួយៗ ចំនួន ៣៦​នាក់​ផងដែរ ។

​បន្ទាប់ពី​សម្តេចនាយក​រដ្ឋមន្ត្រី អញ្ជើញ​និវត្ត​ន៌ សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ក៏បាន​ទទួល​កិត្តិយស​ពី លោកស្រី គឹម សេដ្ឋា​នី រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ជា​អធិបតី ក្នុង​ការប្រគល់​សញ្ញាបត្រ​បន្ត ដល់​និស្សិត​ពូកែ ប្រចាំ​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ បន្ថែមចំនួន ៥១​នាក់ ហើយ លោក សុខ ពុទ្ធិ​វុ​ធ ប្រធាន​ក្រុមប្រឹក្សាភិបាល និង លោក គិត ច័ន្ទ​គ្រឹ​ស្នា សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ក៏បាន​ប្រគល់​សញ្ញាបត្រ​ជា​និមិត្តរូប​ជូន​ដល់​និស្សិត​ជ័យលាភី​ដទៃទៀត​គ្រប់ៗ​គ្នា ។

​សូមបញ្ជាក់​ផងដែរ​ថា សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៧ និង​ទទួលបាន​ការអនុញ្ញាត​ពីរាជរដ្ឋាភិបាល​ឱ្យធ្វើ​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​សុខាភិបាល​នៅ​ឆ្នាំ​២០១១ ដែល​បច្ចុប្បន្ន​គឺជា​សាកល​-​វិទ្យាល័យ​ឯកជន​ឈានមុខ​គេ​មួយ​ក្នុងប្រទេស​។​

​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ បាន​ប្រកាន់ខ្ជាប់​នូវ​គុណ​តម្លៃ​បី​របស់ខ្លួន ក្នុង​ការអប់រំ​និស្សិត និង ការដឹកនាំ​សាកល​-វិទ្យាល័យ​គឺ គោរព​ខ្លួនឯង គោរព​អ្នកដទៃ អភិវឌ្ឍ​សង្គម​៕


​    ​
(​អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com