អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​បញ្ជូន​យន្តហោះ​ជាង​៤០​គ្រឿង ធ្វើ​សមយុទ្ធ​ក្បែរ​ជប៉ុន​នៅ​ប៉ាស៊ីហ្វិក​ខាងលិច​
26, Sep 2016 , 11:22 am        
រូបភាព
យន្តហោះចម្បាំងនៃកងទ័ពអាកាសចិន (រូបភាព Xinhua)
យន្តហោះចម្បាំងនៃកងទ័ពអាកាសចិន (រូបភាព Xinhua)
 
 
​កងទ័ពអាកាស​ចិន បាន​បញ្ជូន​យន្តហោះ​ច្រើនជាង​៤០​គ្រឿង ទៅកាន់​តំបន់​មហាសមុទ្រ​ខាងលិច ដោយ​ឆ្លងកាត់​ច្រក​សមុទ្រ Miyako របស់​ជប៉ុន ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​ប្រចាំឆ្នាំ និង​ដើម្បី​ហោះ​ល្បាត​សមុទ្រ​ចិន​ខាងកើត​។ នេះ​ជា​លើក​ទី​ពីរ ដែល​យន្តហោះ​ចិន​ជាច្រើន​គ្រឿង ហោះ​កាត់​ដែនសមុទ្រ​ក្បែរ​ជប៉ុន ដែល​ធ្វើ​ឲ្យ​ជប៉ុន​ព្រួយបារម្ភ​យ៉ាងខ្លាំង​។  

 
​យន្តហោះ​ជាច្រើន​ប្រភេទ​មកពី​កងទ័ពអាកាស​ចិន ត្រូវបាន​បញ្ជូន​ទៅកាន់​ប៉ាស៊ីហ្វិក​ខាងលិច លើផ្លូវ​ចន្លោះ​កោះ​របស់​ជប៉ុន ក្នុង​គោលដៅ​ធ្វើ​សមយុទ្ធ​ហោះហើរ​រយៈ​ចម្ងាយ​ឆ្ងាយ និង​ការ​ល្បាត​លើ​តំបន់​កំណត់​អត្តសញ្ញាណ​ដែនអាកាស​នៅ​សមុទ្រ​ចិន​ខាងកើត​។ កងទ័ពអាកាស​ចិន និយាយថា សមយុទ្ធ​នេះ និង​ការ​ល្បាត​នេះ គឺ​ដើម្បី​ការពារ​អធិបតេយ្យ និង​សន្តិសុខ​របស់​ចិន​។​
 
​អ្នកនាំពាក្យ​កងទ័ពអាកាស​ចិន លោក Shen Jinke បាន​និយាយ​នៅ​ថ្ងៃទី​២៥ ខែកញ្ញា​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក H6-K យន្តហោះ​ចម្បាំង Su-30 និង​យន្តហោះ​ចាក់​សាំង ជាច្រើន​គ្រឿង ចូលរួម​ក្នុង​សមយុទ្ធ​នេះ ដោយ​រួមទាំង​លំ​ហាត់​បាន​ហោះ​ឈ្លបយកការណ៍ ការវាយប្រហារ​ពី​អាកាស​ទៅ​ផ្ទៃសមុទ្រ និង​ការហាត់​ចាក់​សាំង​លើ​ផ្ទៃ​អាកាស​។ លោក Shin Jinke បន្តថា យន្តហោះ​របស់​កងទ័ព​អាកាស​ចិន​ជាច្រើន​គ្រឿង​ទៀត ក៏បាន​ហោះ​ល្បាត​លើ​សមុទ្រ​ចិន​ខាងកើត​ផងដែរ​។​
 
​បើតាម​សេចក្ដីប្រកាស​របស់​កង​ទ័ពអាកាស​ចិន ការហោះ​ល្បាត​នេះ សំដៅ​ត្រួតពិនិត្យ​លើ​យន្តហោះ​បរទេស​ដែល​ចូល​តំបន់​កំណត់​អត្តសញ្ញាណ​របស់​ចិន ក៏ដូចជា​ចាត់វិធានការ​ចាំបាច់ ដើម្បី​ការពារ​ដែន​របស់​ចិន​។ អាមេរិក និង​ជប៉ុន ខឹង​យ៉ាងខ្លាំង បន្ទាប់ពី​ចិន​បង្កើត​តំបន់​កំណត់​អត្តសញ្ញាណ​ដែនអាកាស​នៅ​សមុទ្រ​ចិន​ខាងកើត​ក្នុង​ឆ្នាំ​២០១៣ ដ្បិត​វា​តម្រូវ​ឲ្យ​យន្តហោះ​ដែល​ឆ្លងកាត់​តំបន់​នេះ ត្រូវ​ប្រាប់​អត្តសញ្ញាណ​ដល់​អាជ្ញាធរ​ចិន​។​
 
​បន្ទាប់ពី​បង្កើត​កាលពី​បី​ឆ្នាំ​កន្លងទៅ កងទ័ពអាកាស​ចិន តែងតែ​ធ្វើការ​ល្បាត​ជាប្រចាំ​នៅ​តំបន់​សមុទ្រ​នេះ​។ ហើយ​អ្នកនាំពាក្យ​កងទ័ពអាកាស​ចិន បញ្ជាក់ថា ទ័ពអាកាស​ចិន នឹង​នៅតែ​បន្ត​ការ​ល្បាត​នេះ​ទៀត និង​ធ្វើ​ឡើយ​គ្រប់​រូបភាព ដើម្បី​ការពារ​សិទ្ធិ​ស្របច្បាប់ ក៏ដូចជា​ផលប្រយោជន៍​របស់ខ្លួន​ផងដែរ​។​
 
​ការ​សម្ញែង​យន្តហោះ​ជាច្រើន​គ្រឿងក្នុង​សមយុទ្ធ​យោធា​ទាំងពីរ​កន្លែង​ខាងលើ ធ្វើឡើង​ចំពេល​ដែល​ក្រុង​ប៉េកាំង កំពុង​បង្កើន​សកម្មភាព​យោធា​ទាំង​នៅ​សមុទ្រ​ចិន​ខាងកើត និង​សមុទ្រ​ចិន​ខាងត្បូង​។ ហើយ​វា​ក៏​កើតឡើង​ចំ​ពេលដែល​ទំនាក់ទំនង​ចិន​-​ជប៉ុន កាន់តែ​តានតឹង​ដោយសារតែ​ការទាមទារ​ទឹកដី​ដែន​កោះ Senkaku (​ចិន​ហៅថា Diaoyu) នៅ​សមុទ្រ​ចិន​ខាងកើត​៕     
 
   
  

Tag:
 ចិន​
  ​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com