អន្តរជាតិ
លោក Duterte អាច​យក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ទៅ​ជជែក​ជាមួយ​សម​ភាគី​វៀតណាម
27, Sep 2016 , 9:19 pm        
រូបភាព
លោក ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte
លោក ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte
ដោយ:
​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​រយៈពេល​ពីរ​ថ្ងៃ​ទៅកាន់​វៀតណាម​ក្នុងនាម​ជា​ប្រមុខរដ្ឋ​នៅ​ថ្ងៃទី​២៨-២៩ ខែកញ្ញា​នេះ​។ អំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក​ប្រធានាធិបតី នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយនឹង​សម​ភាគី​វៀតណាម លោក​ប្រធានាធិបតី Trần Đại Quang ដែល​សមុទ្រ​ចិន​ខាងត្បូង ក៏​អាច​នឹង​ស្ថិតនៅក្នុង​របៀបវារៈ​នៃ​ជំនួប​នោះដែរ​។



​អ្នកនាំពាក្យ​ក្រសួងការបរទេស​ហ្វីលីពីន​លោក Charles Jose នៅ​ថ្ងៃទី​២៦ ខែកញ្ញា បាន​ថ្លែង​ក្នុងឱកាស​នៃ​ការ​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ​ថា «​លោក​ប្រធានាធិបតី Rodrigo Duterte បាន​ត្រៀម​ពិភាក្សា​បញ្ហា​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​រួចហើយ ក្នុងករណី​ដែល​ភាគី​ទាំងសងខាង អាច​ព្រមព្រៀង​និយាយ​បញ្ហា​នេះ​នៅ​ដំណើរ​ទស្សនកិច្ច​របស់​លោក​»​។

​ដោយសារតែ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង មិន​ស្ថិតនៅក្នុង​របៀបវារៈ​ជាក់លាក់​នៅឡើយ​នោះ អ្នកនាំពាក្យ​ដែលជា​ឧបការី​ទទួលបន្ទុក​កិច្ចការបរទេស​ផងដែរ​នោះ បាន​ត្រឹម​បញ្ជាក់ថា ប្រសិនបើ​បញ្ហា​នោះ ពិតជា​អាច​នឹងត្រូវ​ជជែក​មែន​នោះ លោក គ្រាន់តែ​និយាយ​ក្នុង​ក្របខណ្ឌ​ដែល​ពាក់ព័ន្ធ​នឹង​សារៈសំខាន់​នៃ​ការរក្សា ស្ថិរភាព សន្តិភាព សន្តិសុខ​នៅក្នុង​តំបន់​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ហ្វីលីពីន The Philippine Star​។

​លោក Jose នាឱកាស​នោះ បានកត់សម្គាល់​ដែរ​ថា តួនាទី​របស់​វៀតណាម​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ពិតជា​សំខាន់ ដោយ​លោក បាន​លើក​ហេតុផល​ពីរ​មក​ពន្យល់​។ ទីមួយ វៀតណាម គឺជា​ប្រទេស​ទាមទារ​នៅលើ​តំបន់​ត្រួតស៊ីគ្នា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ និង​ទី​ពីរ វៀតណាម គឺជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ដែល​បាន​បន្ថែមថា លោក​ប្រធានាធិបតី នឹង​ជួបពិភាក្សា​ជាមួយនឹង​មេ​ដឹក​វៀតណាម​ដោយ​នឹង​ជជែក​លើ​វិស័យ​ជាច្រើន​រួមមាន​ការផ្លាស់ប្តូរ​ទ្វេភាគី ដូចជា​សហប្រតិបត្តិកា​រ​ដែនសមុទ្រ​, ការពង្រឹង​បន្ថែម​នៃ​ការអនុវត្ត​ច្បាប់ និង​ការ​ការពារជាតិ និង​ការបង្កើន​ពាណិជ្ជកម្ម និង​ការវិនិយោគ​។

​សូម​ជម្រាប​ផងដែរ​ថា គិត​ចាប់​ពីថ្ងៃ​ឡើងកាន់​អំណាច​ជា​ផ្លូវការ​ជា​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ថ្ងៃទី​៣០ ខែមិថុនា លោក Rodrigo Duterte​បាន​បំពេញ​ទស្សនកិច្ច​នៅក្នុង​តំបន់​អាស៊ាន​បាន​ពីរ​ប្រទេស​ហើយ​។ លោក បាន​បំពេញ​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​ឡាវ​នាឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ដើមខែ​កញ្ញា ហើយ​បាន​ចាកចេញ​ទៅកាន់​ប្រទេស​ទី​ពីរ​របស់​អាស៊ាន​គឺ​ឥណ្ឌូនេស៊ី​។ នេះ ក៏មាន​ន័យ​ដែរ​ថា វៀតណាម នឹង​ក្លាយជា​ប្រទេស​ទី​បី​ហើយ​របស់លោក​ក្នុង​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​។

​ងាក​មក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​បន្តិច ! កន្លងមក ហ្វីលីពីន និង​វៀតណាម​តែងតែ​ប្រកៀក​ស្មា​គ្នា​ដើម្បី​តទល់​ជាមួយនឹង​ចិន​នៅក្នុង​វេទិកា​អន្តរជាតិ និង​ក្នុង​តំបន់​។ ដោយឡែក ក្រោយ​នៃ​ការប្រកាស​ជំហរ​ចរចា​ទ្វេភាគី​របស់​ហ្វីលីពីន​ក្នុង​រដ្ឋបាល​ថ្មី​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី Rodrigo Duterte ទំនាក់ទំនង និង​ជំហរ​ភាគី​ទាំងពីរ​ហាក់ដូចជា​ថម​ថយ​បន្តិច ដ្បិត វៀតណាម មិនដែល​ប្រកាស​ជំហរ​សាធារណៈ​ចរចា​ជាមួយនឹង​ចិន​ទ្វេភាគី​ឡើយ​៕


Tag:
 ហ្វីលីពីន​
  វៀតណាម​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com