អន្តរជាតិ
នាយករដ្ឋមន្ត្រី​ថៃ កាត់​ដំណើរ​ទៅតាម​ខេត្ត​ដើម្បី​មក​ប្រជុំ​បន្ទាន់​ជាមួយ​រាជទាយាទ​
12, Oct 2016 , 6:16 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទ អូចា ក្នុងដំណើរនៅខេត្ត Chunbori (ប្រភពរូបភាព៖ Khaosod)
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទ អូចា ក្នុងដំណើរនៅខេត្ត Chunbori (ប្រភពរូបភាព៖ Khaosod)
ដោយ:
 
​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ អូ​ចា នៅ​រសៀល​ថ្ងៃ​ពុធ​នេះ បាន​កាត់​ដំណើរ​របស់លោក​ចុះទៅ​កាន់​ខេត្ត Chonburi ដើម្បី​ត្រលប់មក​ប្រជុំ​បន្ទាន់​ជាមួយនឹង រាជទាយាទ Maha Vajiralongkorn ខណៈ ស្ថានភាព​នៃ​ព្រះរាជសុខភាព​នៃ​មហាក្សត្រ​ថៃ ក៏​កាន់តែ​ចុះ​ដុនដាប​ខ្លាំង​នោះ​។

 
​លោក​ឧ​ត្ត​ម​សេនីយ៍ Wilas Arunsri លេខាធិការ​នាយករដ្ឋមន្ត្រី​ថៃ នៅ​រសៀល​ថ្ងៃទី​១២ ខែតុលា​នេះ បាន​អះអាងថា លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ អូ​ចា បាន​ប្រតិភូកម្ម​អំណាច​ឲ្យ​លោក​ឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak ដើម្បី​ជំនួស​លោក​ក្នុង​កិច្ចប្រជុំ​ជាមួយនឹង​មន្ត្រី​រដ្ឋាភិបាល និង​អ្នកតំណាង​វិស័យ​ឯកជន​នៅ​ខេត្ត Chonburi ដ្បិត លោកនាយ​រដ្ឋមន្ត្រី ត្រូវ​ត្រលប់មក​រាជធានី​វិញ​ដើម្បី​ទទួល​និង​ជួបពិភាក្សា​ជាមួយនឹង​រាជទាយាទ ដែល​ទើបតែ​យាង​ត្រលប់​មកពី​ក្រៅប្រទេស​នោះ​។ នេះ​បើ​យោង​ការចុះផ្សាយ​របស់​សារព័ត៌មាន​បាងកក​រសៀល​ថ្ងៃ​ពុធ​នេះ​។ 
 
​ការជួប​បន្ទាន់​រវាង​នាយករដ្ឋមន្ត្រី​ថៃ ជាមួយនឹង​រាជទាយាទ​ដែល​បាន​លុបចោល​ទស្សនកិច្ច​ក្រៅប្រទេស​ពី​ប្រទេស​អាឡឺម៉ង ត្រូវបាន​ធ្វើឡើង ស្រប​ពេលដែល​ព្រះរាជសុខភាព​របស់​ព្រះមហាក្សត្រ​ថៃ ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត ដែល​ត្រូវបាន​មន្ត្រី​រាជវាំង​ថៃ ប្រកាសថា ស្ថិតនៅក្នុង​ស្ថានភាព​ដុនដាប​នោះ​។ 
 
​ខណៈដែល​សុខភាព​ស្ដេច ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត មិនល្អ​នោះ ប្រជាជន​ថៃ​នាំគ្នា​ស្លៀក​សម្លៀកបំពាក់​ពណ៌​ផ្កាឈូក ដើម្បី​បន់ស្រន់​ឲ្យ​មហាក្សត្រ​ដែល​គ្រងរាជ្យ​យូរ​ជាងគេ​អង្គ​នេះ ត្រឡប់​ទៅ​ស្ថានភាព​ប្រក្រតី​វិញ​។ ជាមួយគ្នានេះ ប្រជាជន​ថៃ​ជាច្រើន ក៏​នាំគ្នា​សម្រុក​ទៅកាន់​រាជវាំង ដើម្បី​ថ្វាយព្រះពរ​ដល់​មហាក្សត្ររ​បស់​គេ តាមរយៈ​ការសរសេរ​ពាក្យ​បន់ស្រន់​លើ​សៀវភៅ​ថ្វាយព្រះពរ ដែល​រៀបចំ​ដោយ​រាជវាំង​ដែរ​។  
 
​នៅ​ថ្ងៃទី​១១ ខែតុលា នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ក្រុម​យោធា និង​សមាជិក​រដ្ឋាភិបាល​ដទៃ​ទៀត ក៏បាន​ទៅកាន់​រាជវាំង ដើម្បី​បន់ស្រន់ ជាមួយ​ប្រជាជន​ដទៃទៀត​។ មិន​ត្រឹមតែ​រាជធានី​បាងកក​ឡើយ នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ ក៏មាន​ពិធី​បន់ស្រន់​ដូចគ្នានេះដែរ ក្នុង​គោលដៅ​បង្ហាញ​ការបារម្ភ និង​ការស្រឡាញ់​ចំពោះ​មហាក្សត្រ​អង្គ​នេះ​។​
 
​ប្រជាជន​ថៃ​មានជំនឿថា ពណ៌​ផ្កាឈូក គឺជា​ពណ៌​ល្អ​សម្រាប់​ស្ដេច​អង្គ​នេះ ហើយ​ការ​ស្លៀកពាក់​ពណ៌​ផ្កាឈូក នឹង​ជួយ​ឲ្យ​សុខភាព​មហាក្សត្រ​ថៃ​កាន់តែ​រឹងមាំ​ថែមទៀត​។ តាមពិតទៅ ជំនឿ​បែបនេះ លេចឡើង​កាលពី​ប៉ុន្មាន​ឆ្នាំមុន បន្ទាប់ពី​ក្រុម​ហោរា​រាជវាំង​ថៃ ចាត់ទុកជា​ពណ៌​ផ្កាឈូក ជា​ពណ៌​មង្គល​មួយ ហើយ​ចាប់ពីពេលនោះ​មក មហាក្សត្រ ភូមិបុល ក៏បាន​ប្រើ​សម្លៀកបំពាក់​ពណ៌​ផ្កាឈូក​ជា​ញឹកញយ​ដែរ​។​
 
​ក្រោយ​ការប្រកាស​ព័ត៌មាន​ពី​សុខភាព​ស្ដេច ភូមិបុល មក​នោះ ប្រជាជន​ថៃ​ជាច្រើន ក៏​នាំគ្នា​ទៅកាន់​មន្ទីរពេទ្យ Siriraj ជាទី​ដែល​មហាក្សត្រ​ដែល​ត្រូវបាន​ប្រជាជន​ថៃ​គោរព​ដូច​អាទិទេព ចំណាយពេល​ភាគច្រើន​ដើម្បី​ព្យាបាល​ព្រះរោគ​ជាច្រើន​មុខ​នោះ​។ កាសែត​បាងកក​ប៉ុស្តិ៍​ផ្សាយ​ថា ពួកគេ​ទាំងនោះ បាន​ស្លៀក​សម្លៀកបំពាក់​ពណ៌​ផ្កាឈូក សម្រាប់​បន់ស្រន់​ដែរ​។​
 
​អស់​ពេល​ជា​យូរ​មកហើយ បញ្ហា​សុខភាព​របស់​មហាក្សត្រ ភូមិបុល គឺជា​រឿងនេះ​ធ្វើ​ឲ្យ​ប្រជាជន​ថៃ​ព្រួយបារម្ភ​យ៉ាងខ្លាំង ជាពិសេស​លើ​បញ្ហា​ការ​ស្នងរាជ្យ​តែម្ដង​។ រាជទាយាទ Maha Vajiralongkorn ក៏​មិនសូវមាន​ប្រជាប្រិយ​ភាពខ្លាំង ហើយ​ថែមទាំង​សម្បូរ​រឿង អាស្រូវ​ទៀតផង​។ លើសពីនោះ បញ្ហា​សុខភាព​នេះ ថែមទាំង​ប៉ះពាល់​ដល់​វិបត្តិ​នយោបាយ​ទៀតផង ដ្បិត​យោធា ដែល​ស្មោះត្រង់​ចំពោះ​ស្ដេច​នោះ នៅតែ​បន្ត​កាន់អំណាច និង​រឹតត្បិត​សិទ្ធិសេរីភាព​ប្រជាជន​ដដែល​៕
 
 
 
 

Tag:
 ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com