ជាតិ
បទវិភាគ
តើដល់ពេលដែលខ្មែរត្រូវនិយាយសំឡេងតែមួយហើយឬនៅ?
× លិខិតមិត្តអ្នកអាន លោក ចារ សុភាព (ភ្នំពេញ)
អស់រយៈពេលជាច្រើនទសវត្សរ៍ ឬសតវត្សរ៍មកហើយដែលគេតែងតែលឺខ្មែរយើងឈ្លោះគ្នារហូត។ ឈ្លោះគ្នាតាំងពីខ្មែរមានទឹកដីធំ នៅសល់ទឹកដីតូច។ ឈ្លោះគ្នានៅក្នុងប្រទេសមិនចប់ តាមទៅឈ្លោះគ្នានៅបរទេសទៀត ក្នុងខណៈពេលដែលពួកគេភៀសខ្លួនទៅរស់នៅស្រុកគេ ដូចជា សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី កាណាដា។ល។
ហេតុអ្វីបានជាខ្មែរយើងមិនសូវត្រូវរ៉ូវនឹងគ្នា? អ្នកខ្លះបានបកស្រាយថា ពីព្រោះខ្មែរយើងមិនសូវចេះអន់អោនឲ្យគ្នា, ខ្មែរយើងមានចរិតមានៈ ខ្មែរយើងប្រកាន់ជំហរតឹងរឹងពេក, ខ្មែរយើងខ្វះគំនិតសាមគ្គី, ខ្វះគំនិតសង្គ្រោះគ្នា, ខ្មែរយើងបង្កប់គំនិតច្រណែនច្រើនពេក។ ហើយអ្នកខ្លះទៀត និយាយថា ខ្មែរយើងឈ្លោះគ្នាដោយសារបរទេស«ចាក់»ឲ្យឈ្លោះគ្នា មានន័យថា បរទេសមិនចង់ឲ្យខ្មែរបានសុខឡើយ។
បើទោះបីជាគំនិតនេះ ត្រូវបានគេលើកឡើងតាំងពីយូរមកហើយក៏ដោយ ក៏ទស្សនៈនេះ ទំនងជាបន្តនៅតែត្រឹមត្រូវជារៀងរហូតមកដល់កាលៈទេសៈបច្ចុប្បន្ននេះ។ ក្នុងពេលនេះ ពលរដ្ឋនៅក្នុងប្រទេសមានទស្សននយោបាយខុសគ្នា ដូចគ្នាដែរ នៅក្រៅប្រទេស។ នៅក្នុងប្រទេសនិយមលទ្ធិប្រជាធិបតេយ្យ ទស្សននយោបាយខុសគ្នា ឬការបញ្ចេញគំនិតខុសគ្នា ត្រូវបានគេចាត់ទុកថា គឺជាតម្លៃនៃលទ្ធិប្រជាធិបតេយ្យ។ តែនៅក្នុងបរិបទនៃប្រទេសកម្ពុជាវិញ អ្នកមានទស្សននយោបាយខុសគ្នា ច្រើនចាត់ទុកគ្នាជា«សត្រូវ» ឬជា«គូបដិបក្ខ» ហើយពេលខ្លះ ពួកគេមិនអាចមើលមុខគ្នាចំទៀតផង។ ទង្វើនេះ គឺជាសកម្មភាពមិនត្រឹមត្រូវឡើយ។
សង្គមខ្មែរគួរបណ្តុះគំនិតមួយដែលមានអត្ថន័យថា គំនិតផ្ទុយគ្នា ឬខុសគ្នា គឺជាភាពសម្បូរបែបនៃគំនិតជឿនលឿន ហើយភាពខុសគ្នានេះ គឺជាសោភ័ណលម្អរដំណើការប្រជាធិបតេយ្យនៅកម្ពុជា។ និយាយឲ្យខ្លី គួរខ្មែរបោះបង់ការគិត«គំនិត»ខុសគ្នា គឺជាសត្រូវ។ ប្រសិនបើគំនិតអន់ថយនេះ នៅតែស្ថិតនៅក្នុងខួរក្បាលពលរដ្ឋខ្មែរទៀតនោះ។ តើពេលណាទៅទើបខ្មែរ អាចនិយាយសំឡេងតែមួយបាននោះ? ចូរចៀសវាងពាក្យមួយឃ្លាដែលគេធ្លាប់និយាយចំអកថា «ខ្មែរពូជអ្នកចម្បាំង អត់គេច្បាំង ច្បាំងគ្នាឯង»។
ចូរខ្មែរងាកមកចាប់អារម្មណ៍ជាថ្មីនូវសុភាសិតខ្មែរដែលចារមកថា៖«សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់»៕
© រក្សាសិទ្ធិដោយ thmeythmey.com