អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រធានាធិបតីហ្វីលីពីន ប្រកាសផ្តាច់ទំនាក់ទំនងយោធានិងសេដ្ឋកិច្ចជាមួយអាមេរិកជាផ្លូវការ
× លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌើទើតេ នៅល្ងាចថ្ងៃទី២០ ខែតុលានេះ ប្រកាសផ្តាច់ទំនាក់ទំនងជាផ្លូវការពីអាមេរិកលើវិស័យយោធា និងសេដ្ឋកិច្ច។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងខណៈពេលដែលកំពុងតែបំពេញទស្សនកិច្ចរយៈពេលបួនថ្ងៃនៅក្នុងក្រុងប៉េកាំងនៃប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានហ្វីលីពីន inquirer.net។
ថ្លែងមុនពេលនៃការចាប់ផ្តើមវេទិកាពាណិជ្ជកម្ម និងវិនិយោគរវាងហ្វីលីពីន-ចិន លោកប្រធានាធិបតីហ្វីលីពីន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ខ្ញុំ សូមប្រកាសពីការចាកចេញពីសហរដ្ឋអាមេរិកទាំងលើវិស័យយោធា និងសេដ្ឋកិច្ច...»។
លោកប្រធានាធិបតីរូបនោះ ថែមទាំងបន្ថែមថា លោក ជឿជាក់លើលំហូរនៃមនោគមន៍របស់ចិន ហើយ លោក នឹងបំពេញទស្សនកិច្ចទៅកាន់រុស្ស៊ីដើម្បីជជែកជាមួយនឹងលោក ពូទីនផងដែរ។ លោកបញ្ជាក់យ៉ាងដូច្នេះ « នឹងមានប្រទេសគឺ ចិន រុស្ស៊ី និងហ្វីលីពីនប្រឆាំងនឹងពិភពលោក»។
សូមជម្រាបផងដែរថា លោកប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌើទើតេ កំពុងតែបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងនៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិនតបតាមការអញ្ជើញរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង។ អ្វីគួរកត់សម្គាល់នោះ មុនពេលនៃការប្រកាសផ្តាច់ទំនាក់ទំនងយោធា និងសេដ្ឋកិច្ចជាមួយនឹងអាមេរិក ប្រធានាធិបតីហ្វីលីពីន ក៏បានជួបពិភាក្សាជាមួយនឹងប្រធានាធិបតីចិន លើកិច្ចសហប្រតិបត្តិការទូលំទូលាយ ដែលភាគច្រើនផ្តោតសំខាន់លើផលប្រយោជន៍សេដ្ឋកិច្ចផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com