អន្តរជាតិ
​អ៊ីតាលី​រារាំង​អឺរ៉ុប​មិន​ឲ្យ​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី​ក្នុង​រឿង​សង្គ្រាម​ស៊ី​រី​
22, Oct 2016 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​បារាំង និង​អាល្លឺម៉ង់​បាន​យក​កិច្ចប្រជុំ​សហភាព​អឺ​រ៉ុ​ន​នៅ​ព្រុ​ច​សែ​ល​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​សមាជិក​អឺរ៉ុប​រួមគ្នា​បង្កើន​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ក្រោម​ហេតុផល​ថា រុស្ស៊ី​ធ្វើ​ឲ្យ​សង្គ្រាម​ស៊ី​រី​កាន់តែ​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​អ៊ីតាលី​ដែលជា​ប្រទេស​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ស្អិតល្មួត​ជាមួយ​ក្រុង​ម៉ូស្គូ បាន​ជំទាស់​បំណង​ចង់​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​បន្ថែម​នេះ​។​



​គម្រោងការ​របស់​ក្រុងប៉ារីស​និង​ក្រុង​ប៊ែ​កឡាំង​ក្នុងការ​បន្ថែម​ទណ្ឌកម្ម ប្រឆាំង​រុស្ស៊ី​ដើម្បី​បង្ខំ​ឲ្យ​របប​ដឹកនាំ​នេះ​ប្តូរ​ជំហរ​ក្នុង​បញ្ហា​សង្គ្រាម​ស៊ី​រី​ត្រូវបាន​រាំងខ្ទប់​ដោយ​រដ្ឋាភិបាល​ក្រុង​រ៉ូម​នៅ​ថ្ងៃ​សុក្រ​ទី ២១​មិថុនា​កន្លងទៅនេះ​។​អ៊ីតាលី​បាន​បញ្ជាក់ថា ការដាក់ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី​មិន​ជួយ​អ្វី​ទាំងអស់ ហើយ​វា​នឹងធ្វើ​ឲ្យ​ស្ថានការណ៍​ធ្ងន់ធ្ងរ​ជាង​មុន​ថែមទៀត​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Matteo Renzi បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួយ​កំពូល​អឺរ៉ុប​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​ថា​៖«​យើង​គួរ​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​បង្កើត​និង​រក្សា​សន្តិភាព​នៅ​ស៊ី​រី ប៉ុន្តែ​វា​ជា​រឿង​លំបាក​បំផុត​ដែល​យើង​ត្រូវ​ស្រមៃ​ថា​វា​គូរ​តែមាន​ការដាក់ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​រុស្ស៊ី​នោះ​»​។​

​មេដឹកនាំ​ម្នាក់នេះ​បាន​ពន្យល់ថា លោក​មិន​ជឿជាក់ថា ការដាក់ទណ្ឌកម្ម​អាច​បង្ខំ​ឲ្យ​រុស្ស៊ី​ត្រឡប់​ចូល​តុ​ចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​ស៊ី​រី​ឡើយ​។ វា​ជា​រឿង​គ្រោះថ្នាក់​បំផុត​ដែរ ព្រោះ​ជម្លោះ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​នោះ​។  ថ្វីបើ​មេដឹកនាំ​អ៊ីតាលី​លើកឡើង​ដោយ​ដូច្នេះ​ក្តី គេ​វាយតម្លៃថា អ៊ីតាលី​រារាំង​ការដាក់ទណ្ឌកម្ម​នេះ​ដោយសារ​ប្រទេស​នេះ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ធំ​ជាមួយ​រុស្ស៊ី​។ ដូច្នេះ​ការដាក់ទណ្ឌកម្ម​ប្រឆាំង​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​នេះ មិនមែនជា​ជម្រើស​ល្អ​សម្រាប់​អ៊ីតាលី​នោះឡើយ​។​

​យ៉ាងណាក៏ដោយ​បារាំង​និង​អាល្លឺម៉ង់​ដែលជា​មេដឹកនាំ​អឺរ៉ុប​នោះ នៅតែ​បន្ត​ថ្កោលទោស​រុស្ស៊ី និង​ចោទប្រកាន់ថា​រុស្ស៊ី​កំពុង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​សង្គ្រាម​ដោយបាន​វាយប្រហារ​ដោយ​គ្រាប់បែក​លើ​មន្ទីរពេទ្យ និង​ក្បួន​ឡាន​ដឹក​ស្បៀង​និង​ជំនួយ​មនុស្សធម៌ ក៏ដូចជា​សម្លាប់​មនុស្ស​អស់​រាប់រយ​នាក់​ផងដែរ​។ ហើយ​ប្រទេស​ទាំងពីរ​នេះ​ចង់​មានការ​ដាក់​គំនៀប​លើ​រុស្ស៊ី​តាមរយៈ​ការដាក់ទណ្ឌកម្ម​បន្ថែម​ដើម្បី​បង្ខំ​ឲ្យ​រុស្ស៊ី​បញ្ឈប់​រាល់​ការទម្លាក់​គ្រាប់​លើ​សមរភូមិ​ចុងក្រោយ​ក្រុង Aleppo ដែលជា​ទីតាំង​ក្រុម​ឧទ្ទាម​នោះ​។

​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ និង​លោកស្រី អែន​ជេ​ឡា មឺ​ហ្កែ​ល​អធិការបតី​អាល្លឺម៉ង់​បាន​ព្រមាន​រុស្ស៊ី​ផងដែរ​ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ថា ការបន្ត​ដាក់ទណ្ឌកម្ម​នៅតែ​ជា​ជម្រើស​មួយ​របស់​សហភាព​អឺរ៉ុប បើ​រុស្ស៊ី​មិន​អនុ​វត្តបទ​ឈប់​បាញ់​ពេញលេញ និង​មិន​បោះបង់​ឆន្ទៈ​កម្ទេច​ទីក្រុង Aleppo ទេនោះ​។​

​កន្លងមក​បារាំង​បាន​ព្យាយាម​បង្ហាញ​តួនាទី​របស់ខ្លួន​ជា​អ្នក​ជួយ​ស្រោចស្រង់​ជម្លោះ​ស៊ី​រី​ដែរ ហើយ​ប្រទេស​នេះ​បានដាក់​ស្នើ​ដំណោះស្រាយ​មួយ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​ថែមទៀត​។ ប៉ុន្តែ​ដំណោះស្រាយ​នេះ​ត្រូវបាន​រុស្ស៊ី​ជំទាស់ ដោយសារ​វា​មាន​គោលដៅ​ប្រឆាំង​រុស្ស៊ី​និង​ដាក់​គំនៀប​ខ្លាំង​លើ​របប​ដឹកនាំ​ស៊ី​រី​ជាង​ភាគី​ជម្លោះ​ផ្សេងទៀត​៕


© រក្សាសិទ្ធិដោយ thmeythmey.com