ជាតិ
បុណ្យអុំទូក​នៅ​សៀមរាប​ធ្វើ​នៅ​ថ្ងៃទី​១៣ និង​១៤ វិច្ឆិកា​
22, Oct 2016 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ដូច​ឆ្នាំទៅ ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​ខេត្តសៀមរាប​ឆ្នាំនេះ នឹង​រៀបចំ​ធ្វើ​រយៈពេល​២​ថ្ងៃ​។ ពេលវេលា​ត្រូវបាន​កំណត់​ប្រកិត​គ្នា​នឹង​ពិធី​ធំ​នៅ​ភ្នំពេញ គឺ​ធ្វើ​នៅ​ថ្ងៃទី​១៣ និង​១៤ វិច្ឆិកា ដែល​នៅ​ភ្នំពេញ​ត​រហូតដល់​៣​ថ្ងៃ គឺ​ដល់​ថ្ងៃទី​១៥ វិច្ឆិកា​។​



​រដ្ឋបាល​ខេត្តសៀមរាប បានចេញ​សេចក្តីជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​១២ តុលា​កន្លងទៅ ចំពោះ​ការរៀបចំ​ពិធី​ប្រណាំង​ទូកង​នៅ​ឆ្នាំនេះ​។ តាមរយៈ​សេចក្តីជូនដំណឹង​នោះ រដ្ឋបាល​ខេត្តសៀមរាប បានកំណត់​យក​ថ្ងៃទី​១៣ និង​១៤ វិ​ច្ឆ​កា សម្រាប់​រៀបចំ​ការប្រណាំង​ទូក​នៅ​ទឹកស្ទឹង​សៀមរាប​។​

​ទីតាំង​ប្រណាំងទូក គឺ​ដូច​រាល់ដង ដែល​ចាប់ពី​ចន្លោះ​ស្ពានថ្ម​មុខ​ព្រះរាជដំណាក់ ទៅដល់​គោលដៅ​ស្ពានថ្ម​វត្ត​រាជ​បូព៌​។ ក្នុងនោះដែរ នៅ​រាត្រី​ថ្ងៃទី​១៤ ចាប់ពី​ម៉ោង ៧ ដល់​ម៉ោង ១២ នឹងមាន​រៀបចំ​កម្មវិធី​កម្សាន្ត​ប្លែកៗ ពិធី​បុក​អំបុក សំពះ​ព្រះ​ខែ និង​ដង្ហែរ​ប្រទីប តាម​បរិវេណ​មហាសណ្ឋាគារ​អង្គរ ឫ​Grand’s Angkor និង​នៅតាម​ស្ទឹង​សៀមរាប ទីតាំង​ប្រកួត​។​

​រដ្ឋបាល​ខេត្តសៀមរាប ក៏បាន​ជូនដំណឹង​ពី​ការដាក់​ពាក្យ និង​ទទួល​ពាក្យសុំ​ចូលរួម​ប្រកួតប្រណាំង​ទូកង​នេះ​ផងដែរ​។ អាជ្ញាធរ ឫ​ស្ថាប័ន ដែលមាន​បំណង​ចូលរួម​ការប្រកួត​នេះ គឺ​ត្រូវ​ទាក់ទង​ទៅ​ក្រុមការងារ ឫ​គណៈកម្មការ​បច្ចេក​ទេស នៅ​សាលា​ខេត្តសៀមរាប​ផ្ទាល់​៕


© រក្សាសិទ្ធិដោយ thmeythmey.com