ជាតិ
CNRP ស្នើ​អាមេរិក​ជួយ ឲ្យ​មេបក្ស​បាន​ចូលរួម​បោះឆ្នោត​ពេញលេញ
27, Oct 2016 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ​បានស្នើ​អាមេរិក​ឲ្យ​ជួយ​តាមដាន​ការបោះឆ្នោត​ឆ្នាំ ២០១៧ និង​២០១៨ នៅ​កម្ពុជា ជាពិសេស គឺ​ការចូលរួម​ពេញលេញ​នៃ​វត្តមាន​របស់​ប្រធាន និង​អនុប្រធាន​គណបក្សប្រឆាំង​នៅក្នុង​រដ្ឋសភា​មួយ​នេះ​។​



​សំឡេង​លោក យ៉ែម បុញ្ញឫទ្ធិ​៖




​គណបក្ស​សង្គ្រោះ​ជាតិ​បានស្នើ​ទៅ​រដ្ឋាភិបាល​អាមេរិក ដើម្បី​ធ្វើយ៉ាងណា​អាចជួយ​ឲ្យ​មេបក្ស​កំពូល​របស់​ពួកគេ​ទាំង​ពីរបាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ទាំងពីរ​ខាងមុខនេះ បាន​ពេញលេញ​។ ការស្នើ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំនួប​រវាង ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម កឹម សុខា និង លោក Daniel R. Russel នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៦​នេះ ក្នុង​ទីស្នាក់ការ CNRP​។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្រោយ​ជំនួប​នោះ​ថា CNRP បានស្នើ លោក Daniel R. Russel ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​ឲ្យ​ជួយ​តាមដាន​ស្ថានការណ៍​ទាំង​មុន និង​ក្រោយ​ការបោះឆ្នោត នៅ​កម្ពុជា​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​យើង (​គណបក្ស​សង្គ្រោះ​ជាតិ​) ស្នើសុំ​អាមេរិក​ឲ្យ​ជួយ​តាមដាន​ឃ្លាំមើល​កិច្ចការ​បោះឆ្នោត​។  ពាក់ព័ន្ធ​នឹង​បរិយាកាស​មុនពេល​បោះឆ្នោត គឺ​ត្រូវតែមាន​ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា ដែល​អាចបំពេញ​តួនាទី​បាន​ពេញលេញ​ក្នុងនាម​ជា​គណបក្សប្រឆាំង​»​។

​បើតាម​អ្នកនាំពាក្យ​ដដែល លោក​ឧបការី​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បានបញ្ជាក់​ប្រាប់​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​ថា លោក​មិនអាច​ទទួលយក​ការបោះឆ្នោត​បានឡើយ ប្រសិនបើ​ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា អវត្តមាន​ក្នុងការ​ប្រកួតប្រជែងរ​ក​សំឡេងឆ្នោត​ដោយ​សេរី​នោះ​។

​គួរ​បញ្ជាក់ថា ប្រធាន អនុប្រធាន និង​សមាជិក​ជាន់ខ្ពស់​របស់​គណបក្សប្រឆាំង កំពុង​ហ៊ុំព័ទ្ធ​ដោយ​រឿង​ក្តីក្តាំ​ក្នុង​ប្រព័ន្ធតុលាការ​។​

​គួរ​ជម្រាបជូន​ដែរ​ថា ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Daniel R. Russel កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា មួយថ្ងៃ គឺ​នៅ​ថ្ងៃទី​២៧ ខែតុលា​ឆ្នាំ​២០១៦​នេះ​៕


Tag:
 យ៉ែម បុញ្ញឫទ្ធិ​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com