ជាតិ
​ស្អែក តុលាការ​កំពូល នឹង​ជម្រះ​រឿងក្តី​របស់​ឯកឧត្តម កឹម សុខា
27, Oct 2016 , 8:54 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៦ តុលាការ​កំពូល នឹង​បើកសវនាការ លើ​បណ្តឹងសាទុក្ខ​របស់​ឯក​ឧ​ត្ត​ម កឹម សុខា​។ បណ្តឹងសាទុក្ខនេះ គឺដើម្បីជំទាស់​នឹងតុលាការជាន់ទាប ដែលក្រុមមេធាវី អះអាងថា ធ្វើខុស​នីតិវិធី ក្នុងការចាត់វិធានការលើឯកឧត្តម កឹម សុខា កន្លងមក។​



​ការបើក​សវនាការ​នៅ​ថ្ងៃស្អែក គឺធ្វើឡើង​តាម​សំណើ​របស់​ក្រុម​មេធាវី របស់​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ នេះ​បើតាម​លោក សំ សុ​គង់ មេធាវី​មួយរូប​របស់​ឯកឧត្តម កឹម សុខា ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​។

​លោក សំ សុ​គង់ បាន​បញ្ជាក់ថា ការបន្ត​ប្តឹងទៅ​តុលាការ​កំពូល គឺ​ដើម្បី​ប្រឆាំងនឹង​សាលដីកា​របស់​សាលាឧទ្ធរណ៍​។ លោក​បន្ថែមថា កន្លងមក សាលាឧទ្ធរណ៍ បានចេញ​សាលដីកា ដោយ​ចាត់ទុក​ចំណាត់ការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ថា​សមស្រប​ទៅតាម​នីតិ​វី​ធី​។​

​មុខ​នឹង​ឈានដល់​តុលាការ​កំពូល ក្រុម​មេធាវី បាន​ប្តឹងទៅ​សាលាឧទ្ធរណ៍ ដើម្បី​ស្នើ​ឲ្យ​ទាត់ចោល​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ដោយសារតែ​សាលាឧទ្ធរណ៍ មិនបាន​ធ្វើតាម​សំណើ​របស់ខ្លួន ក្រុម​មេធាវី ក៏​បន្ត​ប្តឹងទៅ​តុលាការ​កំពូល​តែម្តង​។

​យ៉ាងណាក៏ដោយ ឯកឧត្តម កឹម សុខា ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​រួចទៅហើយ ដោយ​ឲ្យ​អនុប្រធាន​បក្សប្រឆាំង​រូបនេះ ជាប់ពន្ធនាគារ​រយៈពេល​៥​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​សែន​រៀល ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ដែល​តុលាការ​ចាត់ទុកថា​ជា​បទល្មើស​ជាក់ស្តែង​។

​បន្ទាប់មក ក្រុម​មេធាវី ក៏​ត្រឡប់​ដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍​ម្តងទៀត ដើម្បី​ជំទាស់​នឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កាត់ទោស​ឯកឧត្តម កឹម សុខា បែបនេះ​។ ក្រុម​មេធាវី យល់ថា វា ជា​រឿង​អយុត្តិធម៌ ដែល​តុលាការ សម្រេច​ឲ្យ​ឯកឧត្តម កឹម សុខា មានទោស​កំហុស​៕


Tag:
 តុលាការ​
  កឹម សុខ​
© រក្សាសិទ្ធិដោយ thmeythmey.com