ជាតិ
លោក Daniel Russel ថា អាមេរិក​មក​រឹតចំណង​ភាពជា​ដៃគូជាមួយ​កម្ពុជា​
27, Oct 2016 , 11:30 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Daniel R. Russel បាន​ប្រា​ប់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​បរទេស​ថា អាមេរិក​មានបំណង​រឹតចំណង​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី​បន្ថែមទៀត​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​។​



​លោក ជុំ សុន្ទរី អះអាង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ពី​បំណង​នៃ​ការបំពេញ​ទស្សនកិច្ច​ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​បែបនេះ ក្រោយ​ជំនួប​ពិភាក្សា​រវាង​ភាគី​ទាំងពីរ អាមេរិក និង​កម្ពុជា​។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​២៧ ខែតុលា​នេះ​ថា លោក Daniel R. Russel បានកត់សម្គាល់​ជា​វិជ្ជមាន​នៃ​ទំនាក់ទំនង ការទូត​រវាង​រដ្ឋាភិបាល​អាមេរិក និង​រដ្ឋាភិបាល​កម្ពុជា​លើ​វិស័យសេដ្ឋកិច្ច ច្បាប់ អប់រំ និង​ទេសចរណ៍ ជាដើម​។

​លើសពីនេះ​ទៀត តាម​លោក ជុំ សុន្ទរី ដែល​ដកស្រង់​សម្តី​លោក Daniel R. Russel  អាមេរិក​សង្ឃឹមថា កិច្ចសហប្រតិបត្តិការ​រវាង​អាមេរិក និង​កម្ពុជា​នឹងមាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​ប្រសើរឡើង ក្រោយ​ការបោះឆ្នោត​ឆ្នាំ ២០១៧​ខាងមុខនេះ​។​ «​ក្រសួងការបរទេស​អា​មេ​រិ​ក និង​ស្ថានទូត​អាមេរិក​មកនេះ​ចង់​ធ្វើជា​ដៃគូ​ជាមួយ​កម្ពុជា មិនមែន​មក​រិះគន់​នូវ​ចំណុច​ខុសឆ្គង ដែល​មានមតិ​អន្តរជាតិ​បានលើកឡើង​នោះទេ​»​។ អ្នកនាំពាក្យ​ស្រង់​សម្តី​ឧបការី​ការបរទេស ដែលបាន​អះអាងបន្ថែម​លើ​ការពិភាក្សា​ពី​កិច្ចទំនាក់ទំនង​ទ្វេរ​ភាគី នយោបាយ​តំបន់ និង​អន្តរជាតិ​មួយចំនួន​ដែល​បម្រើ​ផលប្រយោជន៍​ភាគី​ទាំងពីរ​រួច​៕


Tag:
 Daniel Russel
  កម្ពុជា​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com