អន្តរជាតិ
អាមេរិក ខាំមាត់សង្កត់ចិត្ត​មិន​តបត​ហ្វីលីពីន តែ​បន្ត​ចាត់ទុក​សម្ព័ន្ធភាព​ទ្វេភាគី មិនអាច​បំបែក​បាន
04, Nov 2016 , 3:40 pm        
រូបភាព
លោករដ្ឋមន្ត្រីការបរទេសអាមេរិក Jonh Kerry នាឱកាសនៃការប្រកាសតែងតាំងអគ្គរដ្ឋថ្មីប្រចាំហ្វីលីពីននៅថ្ងៃទី០៣ ខែវិច្ឆិកា  (រូបភាព​៖ ក្រសួងការបរទេសអាមេរិក)
លោករដ្ឋមន្ត្រីការបរទេសអាមេរិក Jonh Kerry នាឱកាសនៃការប្រកាសតែងតាំងអគ្គរដ្ឋថ្មីប្រចាំហ្វីលីពីននៅថ្ងៃទី០៣ ខែវិច្ឆិកា (រូបភាព​៖ ក្រសួងការបរទេសអាមេរិក)
ដោយ:
​ភាព​រង្គោះរង្គើរ​នៃ​សម្ព័ន្ធភាព​រាប់សិប​ឆ្នាំ​រវាង​អាមេរិក និង​ហ្វីលីពីន​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ដោយ​ផ្តើមចេញពី​រដ្ឋបាល​ថ្មី​ហ្វីលីពីន​នោះ មិនបាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បោះបង់​កិច្ចសហប្រតិបត្តិការ​ជិត​សិ្ន​ទ្ធ​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ឡើយ​។ ក្រុង​វ៉ាស៊ីនតោន នៅតែ​បន្ត​ការប្តេជ្ញាចិត្ត និង​ជួយ​ជ្រោមជ្រែង​រដ្ឋាភិបាល​ក្រុង​ម៉ានីល ដែលជា​រាប់បញ្ចូល​ទាំង​ស្ថាន​ភាពអាសន្ន​ណាមួយ​ដែល​ហ្វីលីពីន អាច​ប្រឈម បើទោះបីជា ក្រុង​ម៉ានីល ចង់​ចែកផ្លូវ​ជាមួយ​ខ្លួន​ក៏ដោយ​។



​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Jonh Kerry បាន​ថ្លែងថា អាមេរិក នៅតែ​បន្ត​ការផ្តល់​តម្លៃ​ខ្ពស់​លើ​ទំនាក់ទំនង​ជិតស្និទ្ធ ដែល​អាមេរិក និង​ហ្វីលីពីន​បាន​សាង​កន្លងមក ក៏ដូចជា​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ហ្វីលីពីន​ក្នុង​ការកសាង​សន្តិភាព និង​ស្ថិរភាព និង​លើកកម្ពស់​ភាពរុងរឿង​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ផងដែរ​។ សេចក្តីថ្លែងការណ៍​រប​ស់​ប្រមុខ​ការទូត​អាមេរិក​រូបនោះ បាន​ធ្វើឡើង​នាឱកាស​នៃ​ការស្បថ​ចូលកាន់​តំណែង​អគ្គរដ្ឋទូត​ថ្មី​អាមេរិក​ប្រចាំ​ហ្វីលីពីន​នៅ​ក្រសួងការបរទេស​អាមេរិក​នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា​ម្សិលមិញ​នេះ​។

​នៅ​ចំពោះ​បេស​ជន​ជាន់ខ្ពស់​ការបរទេស​ជាច្រើន​រូបនោះ​លោក Jonh Kerry ក៏បាន​បញ្ជាក់​ជាថ្មី​ពី​គោលនយោបាយ​ការបរទេស​មិន​ប្រែប្រួល​របស់​អាមេរិក​ទៅកាន់​ហ្វីលីពីន​យ៉ាង​ដូច្នេះ​ថា «​យើង​នៅ​បន្ត​ទទួលស្គាល់​ពី​ការប្តេជ្ញាចិត្ត​ដែល​មិនអាច​បំបែកបំបាក់​បាន​របស់​យើង​ចំពោះ​អ​ធិ​តេ​យ្យ ឯករាជ្យ និង​សន្តិសុខ​របស់​ហ្វីលីពីន​»​។

​ជាងនេះទៅទៀត​នោះ លោក​ប្រមុខ​ការទូត​រូបនោះ បានបញ្ជាក់​ផងដែរ​ថា អាមេរិក នៅ​បន្ត​ជួយ​ប្រជាជន​ហ្វីលីពីន​នៅក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​បន្ទាន់​ផ្សេងៗ​ដែល​កើតមាន​នាពេលខាងមុខ​នោះ​។ លោក និយាយ​បែបនេះ ក៏​ព្រោះតែ ហ្វីលីពីន តែងតែ​រង​ការ​ប្រវាយ​ដោយ​គ្រោះធម្មជាតិ ជាពិសេស​នោះ ព្យុះ​ទី​ហ្វុ​ង​រៀងរាល់ឆ្នាំ ដោយ​បណ្តាល​ឲ្យ​មានការ​ខូចខាត​ទ្រព្យសម្បត្តិ និង​អាយុ​ជិវិត​ប្រជាជន​ហ្វីលីពីន​ជាច្រើន​ផងដែរ​។​

​នាឱកាស​ដដែល​នោះ លោក Kerry ក៏បាន​រម្លឹក​ពី​កិច្ចប្រឹងប្រែង និង​ការ​ប្រកៀក​ស្មា​គ្នា​រវាង​អាមេរិក និង​ហ្វីលីពីន​ឆ្លងកាត់​ឧបសគ្គ​តាំង​ពីមុន​ពេលដែល​ហ្វីលីពីន​ទទួលបាន​ឯករាជ្យ ដែល​ទាហាន​ប្រទេស​ទាំងពីរ បាន​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ទ័ពព្រៃ និង​សង្គ្រាម​បង្ហូរឈាម​ផងដែរ​។

​សូម​ជម្រាប​ផងដែរ ក្នុង​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​ហ្វីលីពីន​លោក ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ដែលជា​អ្នក​កាត់​ចង្កូត​នាវា​ហ្វីលីពីន​ពី​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០១៦​កន្លងទៅ​ថ្មីៗ​នោះ ទំនាក់ទំនង​ហ្វីលីពីន​-​អាមេរិក បាន​មាន​ស្អិតល្មួត​នឹង​គ្នា​យ៉ាងខ្លាំង ដែល​គេ​តែង​ហៅថា «​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​»​នោះឯង​។

​តែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ ទំនាក់ទំនង​ស្អិតល្មួត​ដែល​សន្សំទុក​អស់​រយៈពេល​ជាង​៧​ទសវត្សរ៍​រវាង​ប្រទេស​ទាំងពីរ ស្រាប់តែ​ធ្លាក់ចុះ​ស្ទើរតែ​ដល់​កម្រិត​សូន្យ ដោយសារតែ​ការរិះគន់​របស់​ក្រុង​វ៉ាស៊ីនតោន​លើ​បញ្ហា​សិទ្ធិមនុស្ស ជាពិសេស​នោះ យុទ្ធនា​ការណ៍​បង្ក្រាប​គ្រឿង​ញៀន​របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ​។ លោក​ប្រធានាធិបតី ឌើ​ទើ​តេ បាន​កាន់តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​ទី​១៦​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣០ ខែមិថុនា​។​

​ក្រោម​រដ្ឋបាល​របស់លោក ឌើ​ទើ​តេ មាន​អ្នកញៀន​ថ្នាំ និង​អ្នកពាក់ព័ន្ធ​គ្រឿងញៀន ប្រមាណ​ជាង​បី​ពាន់​នាក់ ត្រូវបាន​សម្លាប់​ទាំង​ក្នុង​ប្រតិបត្តិការ​ប៉ូលិស និង​ការសហការ​ក្រៅ​ប្រព័ន្ធតុលាការ ដែល​ចំណាត់​នេះ បាន​រង​ការរិះគន់​ង​មិន​ត្រឹមតែ​ពី​អាមេរិក​នោះទេ តែ​ពី​អង្គការសហប្រជាជាតិ និង​ស្ថាប័ន​ធំៗ​ផ្សេងទៀត​ផងដែរ​។ តែ​តប​នឹង​ការរិះគន់​នេះ លោក​ប្រធានាធិបតី ឌើ​ទើ​តេ បាន​ព្រមាន​បញ្ចប់​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​អាមេរិក និង​ថែមទាំង​ជេរប្រមាថ​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា​ទៀតផង​។​

​ចុងក្រោយ​នេះ ក្នុងពេល​កំពុងតែ​បំពេញ​ទស្សនកិច្ច​នៅក្នុង​ក្រុង​ប៉េកាំង​នៅ​ចុង​ខែតុលា​កន្លងទៅ លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បានប្រកាស​ចាកចេញ​ពី​ទំនាក់ទំនង​វិស័យ​ការពារជាតិ និង​សេដ្ឋកិច្ច​ពី​អាមេរិក​ជា​ផ្លូវការ ។  លោក​ប្រធានាធិបតី​រូបនោះ ថែមទាំង​ប្រកាស​ជំហរ​ទៅរក​ចិន និង​រុស្ស៊ី ដែល​លោក អះអាងថា «​បី​ប្រទេស​រុស្ស៊ី ចិន និង​ហ្វីលីពីន ប្រឆាំង​ពិភពលោក​»​ទៀតផង​។ ការប្រកាស​បែបនេះ ដោយ​លោក​ប្រធានាធិបតី អះអាងថា មិន​ចង់​ធ្វើ​អ្វីដែល​តាមតែ​ការចង្អុលបង្ហាញ​របស់​អាមេរិក​ដូច​រដ្ឋាភិបាល​មុនៗ ពោលគឺ ហ្វីលីពីន ចង់​មាន​គោលនយោបាយ​ការបរទេស​មួយ​ដោយ​ឯករាជ្យ​របស់ខ្លួន​៕


Tag:
 អាមេរិក​
  ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com