បទយកការណ៍ / បទសម្ភាសន៍
ប្រធាន​មេធាវី​ថ្មី​មិន​ចង់​លឺ​ពាក្យ​«​ពុករលួយ​»​ពេល​ប្រឡង​មេធាវី ក្នុង​អាណត្តិ​ខ្លួន​
05, Nov 2016 , 6:59 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ លោក សួន វិសាល មាន​ឆន្ទៈ​លុបបំបាត់​អំពើពុករលួយ​ក្នុងការ​ប្រឡង​ចូល​បណ្តុះបណ្តាល​មេធាវី​។ លោក​អះអាង​ពី​វិធាន​ការជម្រះ​ភាពមន្ទិលសង្ស័យ​កន្លង​ទៅ ដោយ​លោក នឹង​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រៀបចំ​សង្កេត​ការប្រឡង ក្នុង​អាណត្តិ​លោក​។ មេធាវី​បទពិសោធន៍​ជាង ២០​ឆ្នាំ​រូបនេះ បញ្ជាក់ថា​៖«​ខ្ញុំ​មាន​ឆន្ទៈ​បង្ហាញ​តម្លាភាព និង​ភាព​ស្អាតស្អំ​»​។​

​ដើម្បី​ជ្រាប​កាន់តែច្បាស់ ជា​បន្ត​សូម​ស្តាប់​បទសម្ភាសន៍​រវាង​លោក រឿន ភា​រុន អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​ប្រធាន​គណៈមេធាវី​កម្ពុជា​លោក សួន វិសាល ដូចតទៅ​៖



 
លោក រឿន ភា​រុន​៖ ពាក់ព័ន្ធ​នឹង​ធនធាន​មេធាវី​វិញ មកទល់ពេលនេះ តើ​មេធាវី​កម្ពុ​ជាមាន​សមត្ថភាព​ផ្តល់​សេវា​ច្បាប់​ស្តង់ដារ​អន្តរជាតិ​ដូច​ប្រទេស​អភិវឌ្ឍ​គ្រប់គ្រាន់​ឬ​នៅ​?
​លោក សួន វិសាល​៖ កម្រិត​មេធាវី​របស់​យើង គឺ​នៅមានកម្រិត​នៅឡើយ​ទេ​។ យើង​អាច​ធ្វើការ ក្នុងស្រុក​បាន​ច្រើន តែ​យើង​មិនទាន់​អាចធ្វើ​បានទេ ក្នុង​កម្រិត​អន្តរជាតិ​។ ជាក់ស្តែង ចំណោម​មេធាវី​ជាង ១​ពាន់​នាក់ មេធាវី​តែ​ក្រោម ១០០​នាក់​ប៉ុណ្ណោះ អាចមាន​លទ្ធភាព​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ដូច្នេះ​នេះ​អាច​បញ្ជាក់​មេធាវី​ធ្វើការ​កម្រិត​អន្តរជាតិ​នៅ​ទាប​ហើយ​។ ហេតុនេះ ខ្ញុំ បានធ្វើការ​កែទម្រង់​ឲ្យ​មេធាវី​យើង​ចេះ​ច្បាប់​អន្តរជាតិ​ច្រើន​នោះ គាត់​មានឱកាស​ធ្វើការ​នៅ ក្រោ​ប្រទេស​ច្រើន​។​
 
​លោក រឿន ភា​រុន​៖  លោក​បាន​ឆ្លងកាត់​បទពិសោធន៍​អាជីព​មេធាវី​ជាង ២០​ឆ្នាំ​។ តើ​មេធាវី​គួរ ធ្វើ​អ្វីខ្លះ ដើម្បី​ពង្រឹងសមត្ថភាព​កាន់តែខ្លាំង​?
​លោក សួន វិសាល​៖ ចំពោះ​បទពិសោធន៍​ខ្ញុំ ចំណេះដឹង​ក្នុង​សាលា​ជា​រឿង​សំខាន់​ណាស់​។ គណៈមេធាវី​មាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មេធាវី​ផ្ទាល់ខ្លួន ក្នុងនោះ មាន​គ្រូ​បង្គោល ប្រធានបទ​សិក្សា​សំខាន់ៗ ភាសាបរទេស និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ក្រៅប្រទេស​។​
 
លោក រឿន ភា​រុន​៖ ការបណ្តុះបណ្តាល​មេធាវី មកទល់ពេលនេះ​មាន ១៤​ជំនាន់​រួចហើយ សាលា​មេធាវី​ជ្រើសរើស​សិស្ស​ចំនួន ៥៤​រូប ក្នុង​មួយ​ជំនាន់ៗ ។ ហេតុអ្វី​គណៈមេធាវី​មិន​ជ្រើសរើស​មេធាវី​ឲ្យ​ច្រើនជាង​នេះ ស្របពេល​មេធាវី​មាន​ចំនួន​តិច បច្ចុប្បន្ន​?
​លោក សួន វិសាល​៖ ទោះបីជា​យើង​មាន​សមាមាត្រ​មេធាវី​តិច យើង​ត្រូវ​គិត​ផងដែរ​ថា តើ​រឿងក្តី​របស់​យើង​មាន​កម្រិតណា​? ដូចនេះ យើង​ពុំ​អាច​ផលិត​មេធាវី​ហួស​បរិមាណ​រឿងក្តី​ដែល​កូនក្តី​ពឹង​យើង​ឲ្យ​ជួយ​នោះទេ​។ ហេតុនេះ យើង​បាន និង​កំពុង​អនុវត្ត​ដោយ​សន្សឹមៗ ដើម្បី​ឲ្យ​ដឹងថា មេធាវី​ចេញពី​សាលា​អាច​ប្រកប​វិជ្ជាជីវៈ​ប្រសើរ​។ ប្រសិនបើ​យើង​ផលិត​មេធាវី គំហុក ទីផ្សារ​កូនក្តី​មាន​កម្រិត​ទាប​នោះ មេធាវី​ពុំមាន​ចំណូល​។ ដូ​នេះ មេធាវី​នឹងមាន​វិបត្តិ​ប្រាក់ចំណូល​ដល់​មេធាវី​យើង​ផងដែរ​។ កាលណា ពលរដ្ឋ​ពុំទាន់​យល់​សេវា​មេធាវី​ច្បាស់លាស់​នោះ គេ​អត់​សូវ​ពឹង​មេធាវី​។ តើ​មេធាវី​បាន​ចំណូល​ពី​ណា​? នេះ​ជា​បញ្ហា​ដែល​យើង​ត្រូវ គិតគូរ​ក្នុងនាម​ជា​អ្នកដឹកនាំ​។ យើង​ព្យាយាម​ផ្សព្វផ្សាយ​ច្បាប់​នោះ តម្លៃ​មេធាវី​នឹង​កើនឡើង ហើយ​ពលរដ្ឋ​នឹង​ពឹង​មេធាវី​កាន់តែច្រើន​។​
  
 
​លោក រឿន ភា​រុន​៖  ចំពោះ​ការជ្រើសរើស​សិស្ស​មេធាវី ជំនាន់​ក្រោយ​វិញ មតិ​មួយចំនួន​បានលើកឡើង​ការប្រឡង​មាន​ភាពមិនប្រក្រតី ពោលគឺ អំពើពុករលួយ​ក្នុងការ​ប្រឡង​ចូលរៀន​មេធាវី​តែម្តង​។ តើ​បញ្ហា​មាន​ពិតមែន​ទេ​? បើ​ពិត ឬ​មិន​ពិត តើ​លោក​មេធាវី​មាន​អ្វី​បង្ហាញ​ពី​ភាព​ស្អាតស្អំ ក្នុងការ​ប្រឡង​របស់​គណៈមេធាវី ក្នុង​អាណត្តិ​លោក​?
​លោក សួន វិសាល​៖ ខ្ញុំ​មិនបាន​ដឹង​ពី​បញ្ហា​នេះ​ទេ​។ ជាធម្មតា កាលពី​អាណត្តិ​មុន​ក៏​យើង​លឺ​ពាក្យ​ចចាមអារ៉ាម​នេះដែរ​។ ប៉ុន្តែ​ប្រធាន​គណៈមេធាវី​បាន​ឆ្លើយបំភ្លឺ​រួចហើយ​។ ជួនកាល មតិ លើកឡើង​ទាំងនោះ គាត់​និយាយ​តៗ​គ្នា​ទៅ​។ ធម្មតា អ្នក​ប្រឡង​ធ្លាក់​ច្រើនតែ​យក​លេស​រួចខ្លួន ថា​ចេះ ថា​ចុះ ដូចនេះ​វា​ជាការ​វាយប្រហារ​ពាក្យសម្តី​លើ​គណៈមេធាវី​ដែរ​។ ព័ត៌មាន​នេះ វា​មិនសូវ​ច្បាស់លាស់​ផងដែរ ដូចនេះ​យើង​ត្រូវមាន​ប្រភពព័ត៌មាន​ច្បាស់លាស់​។ គណៈមេធាវី តែង​បើកចំហ​យក​ការរិះគន់ ដើម្បី​ស្ថាបនា​។ យើង​មិន​ចង់​ឲ្យ​ការរិះគន់​មួយ ដែល​មិន​ស្ថាបនា ព្រោះ​យើង​ធ្វើ​អ្វីមួយ មាន​មូលដ្ឋាន​ច្បាប់​។ យើង​នឹង​ពង្រឹងគុណភាព​នៃ​ការប្រឡង គឺ​ខ្ញុំ​មាន​ជំហរ មិន​ចង់​លឺ​ពាក្យ​នេះ​ទេ​។ យើង​នឹង​ពិនិត្យមើល​បញ្ហា​នេះ​។ យើង​ត្រូវ​រៀបចំ​រចនាសម្ព័ន្ធ ឲ្យ​មាន​តម្លាភាព​បំផុត​នោះ យើង​នឹង​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ក្នុងការ​ជ្រើសរើស​សិស្ស​មេធាវី​។ ខ្ញុំ​នឹង​ចាប់ផ្តើម​ពី​អាណត្តិ​ខ្ញុំ​នេះ​តទៅ​...​។​
 
​លោក រឿន ភា​រុន​៖ លោក​ជឿជាក់ថា វិធានការ​នេះ អាច​លាង​ជំ​រះ​ភាព​មន្ទិល​លេចលឺ​កន្លង​ទៅនោះ​?
​លោក សួន វិសាល​៖ ខ្ញុំ​មិនទាន់​ហ៊ាន​ធានា​មួយរយ​ភាគរយ​ទេ​ថា តើ​អាច​បំបាត់​ពាក្យ​របស់គេ ដែរ​ទេ​? វា​ជា​សេរីភាព​ក្នុងការ​បញ្ចេញមតិ​រប​ស់​គេ ពីព្រោះ​ប្រទេស​យើង​ផ្តល់​សិទ្ធិសេរីភាព ក្នុងការ​បញ្ចេញមតិ​ដែលជា​ការយល់ឃើញ​រប​ស់​គេ​។ អ្វីដែល​សំខាន់​នោះ កាលណា យើង​បង្កើត​យន្តការ​មួយ​មាន​តម្លាភាព​នោះ ពាក្យ​ទាំងអស់នេះ អាច​កាត់បន្ថយ​បាន​ច្រើន​ដែរ​។ ធម្មតា​កត្តា​កំណត់ថា ល្អ ឬ​មិនល្អ គេ​មើល​លើ​ប្រព័ន្ធ ព្រោះ​វា​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ភាពត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​។ ខ្ញុំ​មាន​ឆន្ទៈ​បង្ហាញ​តម្លាភាព និង​ភាព​ស្អាតស្អំ​។​
 
​លោក រឿន ភា​រុន​៖ ករណី​មាន​អ្នកប្រព្រឹត្ត​អំពើ​បែបនេះ​ក្នុង​ការប្រឡង លោក​មេធាវី​មាន​វិធាន ការដាក់ទោសទណ្ឌ​ដែរ​ទេ​? គណៈមេធាវី​មាន​វិធានការ​បែបណា​?
​លោក សួន វិសាល​៖ មេធាវី​មាន​ក្រមសីលធម៌​របស់​មេធា​វី​។ កាលណា យើង​ប្រព្រឹត្ត​អំពើពុករលួយ គឺ​ទីមួយ ខុស​ក្រមសីលធម៌ និង​ទី​ពីរ ខុសច្បាប់​ព្រហ្មទណ្ឌ ដូចនេះ​យើង​នឹង​អនុវត្ត ច្បាប់​ទាំងពីរ​នេះ​។ ចំពោះ គណៈមេធាវី​មាន​វិន័យ ៤​ចំណុច​សំខាន់ គឺ ព្រមាន​ផ្ទាល់មាត់ ព្រមាន​ជា​លាយលក្ខណ៍អក្សរ ពិន័យ​ព្យួរការងារ​មួយរយៈ និង​ការ​លុបឈ្មោះ​ពី​គណៈមេធាវី ។ ការប្រព្រឹត្ត​អំពើពុករលួយ​ជា​បទល្មើស​ធ្ងន់ធ្ងរ​ណាស់ ដូចនេះ​អ្នក​ល្មើស​ត្រូវ​បញ្ឈប់​ពី​គណៈ​មេ ធា​វី​ជាដាច់ខាត​។​
 
​លោក រឿន ភា​រុន​៖ តើ​លោក​មានមតិ​ផ្តាំផ្ញើ​ដល់​អ្នក​ដែល​ចង់​ប្រឡង​ធ្វើ​មេធាវី ជំនាន់​ក្រោយ​?
​លោក សួន វិសាល​៖ ខ្ញុំ​ចង់​ជម្រាប​ថា ការបំបាត់​អំពើពុករលួយ​ផ្តើមចេញពី​ខ្លួនឯង​។ ប្រសិន បើ​បេក្ខជន​ទាំងអស់​ដែល​មក​ដាក់ពាក្យ​ប្រឡង គាត់​ប្រកាន់​លើ​សមត្ថភាព  មិន​សូកប៉ាន់​គេ​នោះ គណៈកម្មការ​មិនអាច​ធ្វើ​រឿងនេះ​ម៉េច​បាន​? បេក្ខជន​ទាំងអស់​ត្រូវ​ប្រកាន់​ភាព​ស្អាតស្អំ ក្នុងការ​ប្រឡង​...៕ 
 





Tag:
 សួន វិសាល​
  គណៈមេធាវី​
  ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com