ជាតិ
តុលាការ កាត់ទោស​លោក ហុង សុខ​ហួរ ឲ្យ​ជាប់ពន្ធនាគារ​៧​ឆ្នាំ​
07, Nov 2016 , 3:09 pm        
រូបភាព
​ភ្នំពេញ​៖ លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស សម រង្ស៊ី  ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។ តែតុលាការ មិនតម្រូវឲ្យលោក ហុង សុខហួរ បង់ប្រាក់ចូលរដ្ឋនោះទេ។ បើតាម​ការចោទប្រកាន់​ពី​តុលាការ បទល្មើស​របស់លោក ហុង សុខ​ហួរ ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​។​



​ក្រុម​មេធាវី​របស់លោក ហុង សុខ​ហួរ សោកស្តាយ​យ៉ាងខ្លាំង ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឲ្យ​កូនក្តី​របស់​ពួកគេ មានទោស​កំហុស​បែបនេះ​។ ក្រុម​មេធាវី ចាត់ទុក​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ថា​អយុត្តិធម៌​សម្រាប់​លោក ហុង សុខ​ហួរ​។

​លោកជូ​ង ជូ​ងី មេធាវី​មួយរូប​របស់លោក ហុង សុខ​ហួរ អះអាងថា ក្រុម​មេធាវី អាចនឹង​បន្ត​ដាក់​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​ប្រឆាំងនឹង​សាលក្រម​​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ ក្រុមមេធាវី ត្រូវការ​ពេលវេលា​មួយរយៈ​សិន ដើម្បី​ពិភាក្សា​ជាមួយ​លោក ហុង សុខ​ហួរ មុននឹងសម្រេចថាដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ឬយ៉ាងណា។  នេះ​ជាការ​បន្ថែម​របស់លោក ជូ​ង ជូ​ងី​ដដែល​។

​សូម​រម្លឹកថា លោក ហុង សុខ​ហួរ ត្រូវបាន​ឃុំខ្លួន កាលពី​ខែសីហា ឆ្នាំ​២០១៥​ មកម្ល៉េះ បន្ទាប់ពី​លោក បង្ហោះ​ឯកសារ​មួយច្បាប់​ដែល​ពាក់​ធ​ព័ន្ធនឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ដោ​សារ​តែ​ការ​បង្ហោះ​ឯកសារ​នោះឯង តុលាការ ក៏បាន​ចោទ​លោក ហុង សុខ​ហួរ ពីបទ​« «​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​»​៕

Tag:
 មេធាវី​
  តុលាការ​
  ហុង សុខ​ហួរ
© រក្សាសិទ្ធិដោយ thmeythmey.com