ជាតិ
កូនប្រុសអ្នកចម្រៀងជើងចាស់ ឃុន វណ្ណា ឡើងទៅវគ្គបន្តនៅ The Voice Kids កាណាដា
× អេនឌី ឃុន (Andy Khun) អាយុ១១ឆ្នាំ ដែលជាកូនប្រុសបង្កើតរបស់អ្នកស្រី ឃុន វណ្ណា តារាចម្រៀងកាលពីចុងទសវត្សន៍១៩៨០ និងបច្ចុប្បន្នរស់នៅក្រុងម៉ុងរ៉េអាល់ ប្រទេសកាដាណា ត្រូវបានជ្រើសរើសឲ្យឡើងទៅកាន់វគ្គបន្តក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក «La Voix Junior» ឬ «The Voice Kids» ដែលរៀបចំដោយទូរទស្សន៍ TVA របស់កាណាដា។
អេនឌី ត្រូវបានលោក Marc Dupré ជ្រើសរើសទៅកាន់វគ្គ Chants de Bataille (Battle Round) បន្ទាប់ពីគេបានបកស្រាយបទចម្រៀង I’ll Be There របស់ Michael Jackson ជាមួយគូប្រជែងពីរនាក់ផ្សេងទៀត គឺ Camelia Zaki និង Zoe Daferuru នៅវគ្គជម្រុះ Duels។
បច្ចុប្បន្ន អេនឌី ស្ថិតក្នុងចំណោមបេក្ខជនដំបូងចំនួនបីនាក់ដែលលោក Marc Dupré ជ្រើសរើសទៅកាន់វគ្គ Battle Round ដោយបេក្ខជនពីរនាក់ផ្សេងទៀត មាន Katrina Becker-Gedge និងRafaël Dolan-Bachand។
អេនឌី ជាកូនប្រុសរបស់អ្នកស្រី ឃុន វណ្ណា ដែលមានឈ្មោះល្បីល្បាញខ្លាំងកាលពីចុងទសវត្សន៍១៩៨០ ជាពិសេសបទ «ចិត្តដូចចុងស្រស់»។ ធំធាត់នៅក្នុងទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា អេនឌី មានសមត្ថភាពនិយាយ និងច្រៀងភាសាខ្មែរ បារាំង និងអង់គ្លេស យ៉ាងស្ទាត់ជំនាញ។
កាលពីវគ្គ Auditions à l'aveugle (Blind Audition) អេនឌី បានបកស្រាយបទចម្រៀង «Hallelujah» របស់លោក Leonard Cohen។ គ្រាន់តែច្រៀងបាន៧វិនាទីប៉ុណ្ណោះ តារាចម្រៀង Marc Dupré និង Marie-Mai បានចុចប៊ូតុង បង្វិលកៅអីបែរទៅរក អេនឌី ហើយគ្រូបង្វឹកម្នាក់ទៀត គឺលោក Alex Nevsky បានចុចប៊ូតុងបន្តក្រោយស្តាប់ការបកស្រាយបាន៣០វិនាទី។
យុវជនខ្មែរ-កាណាដារូបនេះ បានសម្រេចជ្រើសរើសលោក Marc Dupré ដែលជាអ្នកជាចម្រៀងដ៏ល្បីរបស់កាណាដា ជាគ្រូបង្វឹក។ លោក Marc Dupré ក៏ជាដៃគូច្រៀងម្នាក់របស់តារាចម្រៀង Céline Dion ផងដែរ ហើយបទដែលមានភាពល្បីល្បាញបំផុត គឺបទជាភាសាបារាំង ដែលមានចំណងជើងថា «Tout près du Bonheur»៕
Tag:
Andy Khun
La Voix Junior
© រក្សាសិទ្ធិដោយ thmeythmey.com