ជាតិ
កម្ពុជា​-​ចិន រួមគ្នា​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង លើក​ទី​ពីរ នៅ​សៀមរាប​
11, Nov 2016 , 7:39 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ កម្ពុជា និង​ចិន នឹង​ក្លាយជា​សហប្រធាន​រួមគ្នា​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​ឡាន​ឆាង លើក​ទី​ពីរ រយៈពេល​ពីរ​ថ្ងៃ នៅ​ថ្ងៃទី ២២ និង ២៣ ខែធ្នូ ឆ្នាំ​២០១៦ នេះ ក្នុង​ខេត្តសៀមរាប​។ នេះ​បើតាម​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ​។​


 
​កម្ពុជា និង​ចិន កំពុង​ត្រៀមខ្លួន​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (Mekong-Lancang) ក្នុង​ឆ្នាំ ២០១៦​នេះ​។ លោក ជុំ សុន្ទរី បាន​ថ្លែងប្រាប់ ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស កម្ពុជា និង​លោក Xiong Bo អគ្គរដ្ឋទូត​ចិន​ថ្មី​ប្រចាំ​នៅ​កម្ពុជា នៅ​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា​នេះ​។​
 
«​ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​ពី​ការរៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​អន្តររដ្ឋាភិបាល សម្រាប់​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា ចិន ដែល​នឹងត្រូវ​ប្រារព្ធ​ក្នុង​កម្ពុជា នាពេលខាងមុខ និង​ការត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ពីរ ថ្នាក់​រដ្ឋមន្ត្រីការបរទេស របស់​មេគង្គ ឡាន​ឆាង ដែល​នឹង​រៀបចំ​នៅ​ថ្ងៃទី​២២ និង​២៣ ខែធ្នូ ឆ្នាំ ២០១៦ នៅ​សៀមរាប​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ជុំ សុន្ទរី ដែលមាន​វត្តមាន ក្នុងជំនួប​ការងារ​ភាគី​ទាំងពីរ​ជិត​មួយ​ម៉ោង​នោះ​។​
 
​យ៉ាងណា អ្នកនាំពាក្យ​រូបនេះ ពុំ​អាច​បញ្ជាក់​ពី​របៀបវារៈ​ដែល​ភាគី​កម្ពុជា ចិន និង​ប្រទេស​សមាជិក​ទន្លេមេគង្គ​បួន​ទៀត រួមមាន ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម គ្រោង​នឹង​ពិភាក្សាគ្នា​នៅឡើយ​។​
​គួ​បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ត្រូវបាន​ផ្ដួចផ្ដើម​គំនិត​ដោយ​នាយករដ្ឋមន្ត្រី​ចិន លោក លី គ​ជាំ​ង (Li Keqiang) ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​កំពូល​អាស៊ាន​-​ចិន​លើក​ទី​១៧ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៤​។​
 
​គួរ​ជម្រាប​ផងដែរ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង (Mekong-Lancang) លើក​ទី​១ បាន​ប្រព្រឹត្តឡើង​រយៈពេល​៣​ថ្ងៃ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥​កន្លងទៅនេះ ក្នុងប្រទេស​ចិន ។​កិច្ចប្រជុំ​នោះ បាន​ផ្តោតលើ​ការបង្កើត​រចនា​សម្ពន្ធ សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​។ រចនា​សម្ពន្ធ​នោះ រួមមាន ការផ្លាស់ប្ដូរ​យោបល់​លើ​ការគ្រប់គ្រង​ធនធានទឹក សុខភាព​សាធារណៈ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ និង​ពិនិត្យ​លើ​ក្របខណ្ឌ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ និង​ការអភិវឌ្ឍ​អាស៊ាន​អាង​ទន្លេមេគង្គ​៕

Tag:
 កម្ពុជា​
  ចិន​
  មេគង្គ​
  ឡាន​ឆាង
© រក្សាសិទ្ធិដោយ thmeythmey.com