ខ្មែរ​ក្រហម
ជាតិ
អ​.​វ​.​ត​.​ក ប្រកាស​សាលដីកា​លើ​បណ្តឹង​សារទុក្ខ​ប្រឆាំង​នួន ជា និង​ខៀវ សំផន នៅ​ថ្ងៃទី​២៣​ខែវិច្ឆិកា​
20, Nov 2016 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​អង្គជំនុំជម្រះ​តុលាការ​កំពូល នឹង​ប្រកាស សាលដីកាស្ថាពរ លើ​បណ្តឹង​សារទុក្ខ​ប្រឆាំង នួន ជា និង ខៀវ សំផន នៅ​ថ្ងៃ​ពុធ ទី​២៣ ខែវិច្ឆិកា​។ នៅមុន​ការប្រកាស​សាលក្រម​នេះ (ECCC) ក៏​នឹង​រៀបចំ​សន្និសីទកាសែត​មួយ​ផងដែរ នៅ​ថ្ងៃ​ចន្ទ ស្អែក​នេះ​។

 


​អង្គជំនុំជម្រះ​តុលាការ​កំពូល នឹង​ប្រកាស​សាលដីកាលើ​បណ្តឹងសាទុក្ខ​លើ​សំណុំរឿង​០០២ /០០១ ប្រឆាំងនឹង​អតីត​មេដឹកនាំ​ខ្មែរក្រហម គឺ​លោក នួន ជា និង ខៀវ សំផន នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ ។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់ អ​.​វ​.​ត​.​ក ។ នៅមុន​ប្រកាស​លទ្ធផល​នេះ អង្គជំនុំជម្រះ​តុលាការ​កំពូល នឹង​រៀបចំ​សន្និសីទកាសែត​មួយ នៅ​ថ្ងៃទី​២១​ស្អែក​នេះ នៅ​សណ្ឋាគារ​សាន់វេ​ភ្នំពេញ​។

​សំណុំរឿង​០០២ /០០១ គឺជា​ការជំនុំជម្រះ​លើកទីមួយ នៃ​ការជំនុំជម្រះ​យ៉ាងតិច​ប្រឆាំងនឹង​ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង នួន ជា អតីត​អនុ​លេខា​បក្ស​កុ​ម្មុនី​ស្ត​កម្ពុជា​។ បទ​ចោទ​នៅក្នុង​សំណុំរឿង​០០២ /០០១ ផ្តោតលើ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ដែល​បាន​ប្រ​ព្រឹ​តិ្ត​ក្នុងអំឡុងពេល​ជម្លៀស​នៅ​ក្រុងភ្នំពេញ ក្នុង​ខែមេសា ឆ្នាំ​១៩៧៥ និង​ការផ្លាស់​ទី​ដោយ​បង្ខំ​បន្ត​បន្ទាប់ពី​តំបន់​ដទៃទៀត រួមទាំង​ការកាប់សម្លាប់​មន្ត្រី​រដ្ឋ​ការ​សម័យ លន់ នល់ នៅ​ទួល​ពោធិ៍​ព្រៃ ខេត្ត​ពោ​ធិ័​សាត់​។

​គួរ​ជម្រាប​ថា នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៤ អង្គជំនុំជម្រះ​សាលាដំបូង រកឃើញថា ជនជាប់ចោទ​មាន​ពិរុទ្ធភាព​ពីបទ​ឧក្រិដ្ឋ​ប្រឆាំងនឹង​មនុស្សជាតិ និង​បាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ជនជាប់ចោទ​ទាំងពីរ អស់​មួយជីវិត​។ នួន ជា និង​ខៀវ សំផន បាន​ប្តឹង​សារទុក្ខ​នឹង​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង ដោយ​ម្នាក់ៗ​បានលើកឡើង​ទឡ្ហីករណ៍​បណ្តឹង​សារទុក្ខ​រៀងៗ​ខ្លួន ចំនួន​២២៣ និង​១៤៨ ។ សហ​ព្រះរាជអាជ្ញា ក៏បាន​ដាក់      បណ្តឹងសារទុក្ខ​ដោយ​កម្រិត​ត្រឹមតែ​ការស្វែងរក​ដំណោះស្រាយ ទាក់ទង​នឹង​ភាព​អាច​អនុវត្តបាន​នូវ​ទម្រង់​ពង្រីក​បន្ថែម​នៃ​សហ​ឧក្រិដ្ឋកម្ម​រួម ដែល​ហៅថា  «​សហ​ឧក្រិដ្ឋកម្ម​រួម​ទម្រង់​ទី III» (JCE III) នៅ​ចំពោះមុខ អ​.​វ​.​ត​.​ក​៕


Tag:
 ជាតិ​
  ​ខ្មែរក្រហម​
© រក្សាសិទ្ធិដោយ thmeythmey.com