កីឡាជាតិ
ជាតិ
​កៅអី​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​នៅសល់តែ​១​សម្រាប់​សិង្ហ​បុរី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​ដើម្បី​ប្រជែង​គ្នា​នៅក្នុង​ពូ​ល A
25, Nov 2016 , 11:20 am        
រូបភាព
គ្រូបង្វឹក​ថៃ (ឆ្វេង) និងហ្វីលីពីន​នាអំឡុងពេលនៃសន្និសីទសារព័ត៌មាន
គ្រូបង្វឹក​ថៃ (ឆ្វេង) និងហ្វីលីពីន​នាអំឡុងពេលនៃសន្និសីទសារព័ត៌មាន
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់ AFF Suzuki Cup 2016 ក្នុង​ពូ​ល A បាន​ឈានដល់​ការប្រកួត​ថ្ងៃ​ចុងក្រោយ​ហើយ នា​ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា នេះ ដោយ ក្រុម​សិង្ហ​បុរី ត្រូវ​តទល់​ជាមួយ​ក្រុម​ឥ​ណ្ឌ​នេ​ស៊ី ខណៈ​ក្រុម​ម្ចាស់ផ្ទះ​ហ្វីលីពីន ស្វាគមន៍​ក្រុម​ជើង​ខ្លាំង​ថៃ​។ សម្រាប់​ការប្រកួត​ថ្ងៃ​ចុងក្រោយ​នេះដែរ​ទាំង​ក្រុម​សិង្ហ​បុរី និង​ឥណ្ឌូនេស៊ី​សុទ្ធតែ​ត្រូវការ​៣​ពិន្ទុ​ដូចគ្នា ដើម្បី​រង់ចាំ​អ៊ុត​មើល​លទ្ធផល​រវាង​ក្រុម​ហ្វីលីពីន និង​ថៃ ក្នុងការ​បន្ត​ឱកាស​ទៅ​វគ្គ​បន្ត​។



​នា​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា នេះ ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី​ត្រូវ​តទល់​ជាមួយ​ក្រុម​ជម្រើសជាតិ​ឥណ្ឌូនេស៊ី នៅ​កីឡដ្ឋាន Ridzal Memorial ប្រទេស​ហ្វីលីពីន​។ ការប្រកួត​នេះ​នឹង​ក្លាយជា​ជំនួប​មួយ​ដ៏​ជក់ចិត្ត ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា ដើម្បី​បាន​៣​ពិន្ទុ​សម្រាប់​បង្កើន​ក្តីសង្ឃឹម​ក្នុង​ការឡើង​ទៅកាន់​វគ្គ​បន្ត នៃ​ពានរង្វាន់ AFF Suzuki Cup 2016 ប្រចាំ​ពូ​ល A​។

​ប៉ុន្តែ​ក្រុម​ទាំងពីរ​ត្រូវ​រង់ចាំ​ស្តាប់​លទ្ធផល​រវាង​ក្រុម​ម្ចាស់ផ្ទះ​ហ្វី​លីន និង​ក្រុម​ជើង​ខ្លាំង​ថៃ ដែល​ធ្វើឡើង​ស្របពេល​គ្នា​នៅ​កីឡដ្ឋាន PHILIPPINES SPORTS នា​ប្រទេស​ហ្វីលីពីន​ដូចគ្នា​។ ប្រ​សិប​ក្រុម​ហ្វីលីពីន​អាច​យកឈ្នះ​ក្រុម​ជើង​ខ្លាំង​ថៃ នោះ​ហ្វីលីពីន​នឹងមាន​ឱកាស​ឡើងទៅ​កាន់​វគ្គ​បន្ត​ជាមួយ​ក្រុម​ថៃ​។

​ប៉ុន្តែ​បើ​ចាញ់ ឬ​ស្មើ​ជាមួយ​ថៃ ក្រុម​នេះ​នឹង​អស់​ឱកាស​ក្នុង​ការឡើង​ទៅកាន់​វគ្គ​បន្ត ខណៈដែល​ក្រុម​សិង្ហ​បុរី និង​ឥណ្ឌូនេស៊ី​មានការ​ស៊ុត​ប​ញ្ជូ​ល​ទី​គ្នា តែបើ​ក្រុម​ទាំងពីរ​រក្សា​លទ្ធផល​ស្មើ​នោះ​ក្រុម​ម្ចាស់ផ្ទះ​ហ្វីលីពីន​អាច​នៅមាន​ឱកាស​ក្នុង​ឈានទៅ​កាន់​វគ្គ​បន្ត​នៃ​ពានរង្វាន់​កម្រិត​តំបន់​មួយ​នេះ​។

​គួរ​បញ្ជាក់ថា ក្រោយ​ឆ្លងកាត់​២​ប្រកួត​ដូចគ្នា​នាពេល​កន្លងមក ក្នុងនោះ​ក្រុម​ជម្រើសជាតិ​ថៃ ឈរ​ដំ​ដាប់​លេខ​១​ដោយមាន​៦​ពិន្ទុ​ក្រោយ​ឈ្នះ​ទាំងពីរ​ប្រកួត រីឯ​ហ្វីលីពីន​ឈរ​លំដាប់​ទី​២​ដោយមាន​២​ពិន្ទុ បន្ទាប់ពី​ឆ្លងកាត់​ពីរ​ប្រកួត​ស្មើ​ទាំងពីរ​។ ចំណែក​សិង្ហ​បុរី និង​ឥណ្ឌូនេស៊ី​ឈរ​លំដាប់​លេខ​៣​និង​លេខ​៤ ដោយមាន​១​ពិន្ទុ​ដូចគ្នា ក្រោយពីរ​ប្រកួត​ចាញ់ និង​ស្មើ​១​ប្រកួត​ដូចគ្នា​៕ 



Tag:
 បាល់ទាត់​
  AFF Suzuki Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com