អន្តរជាតិ
ចិន គាំទ្រ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក្នុង​ការចេញ​ចំណាត់ការ​ថ្មី​ប្រឆាំង​កូរ៉េខាងជើង
25, Nov 2016 , 9:59 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង គាំទ្រ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក្នុងការ​ចាត់វិធានការ​បន្ថែមទៀត​ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​ចុងក្រោយ​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​ប្រាំ​ដែល​បាន​បំពាន​ទៅនឹង​បម្រាម​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជា​បន្តបន្ទាប់​នោះ​។



«​ចិន ជំទាស់​ដាច់ខាត​ទៅនឹង​ការសាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ដើម្បី​ធានា​ឲ្យ​បាន​ពី​ការ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ទប់ស្កាត់​ការរីក​សាយភាយ​នុយក្លេអ៊ែរ សុវត្ថិភាព សន្តិភាព និង​ស្ថិរភាព​អាស៊ី​បែក​ឥ​សាន្ត ត្រូវ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​តាមរយៈ​កិច្ចសន្ទនា និង​ការពិគ្រោះ​យោបល់ ដែល​នេះហើយ​គឺជា​ជំហរ​មិន​ប្រែប្រួល​របស់​ចិន​»​។ នេះ​គឺ​សេចក្តីថ្លែងការណ៍​របស់​លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃទី​២៤ ខែវិច្ឆិកា​។

​សេចក្តីថ្លែងការណ៍​រប​ស់ម​ន្ត្រី​ការបរទេស​រូបនេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន ដែល​បាន​សួរថា​តើ ចិន គិត​បែបណា ចំពោះ​ការពន្យារពេល​របស់​រុស្ស៊ី​ក្នុង​នីតិវីធី​ព្រាង​សេចក្តីសម្រេច​ថ្មី​ប្រឆាំងនឹង​កូរ៉េខាងជើង ខណៈ ចិន និង​អាមេរិក បាន​ព្រមព្រៀងគ្នា​រួចទៅហើយ​ក្នុងការ​ចាប់ផ្តើម​នីតិវិធី​ថ្មី​នោះ​។

​អ្នកនាំពាក្យ​រូបនោះ បាន​អះអាងថា ចិន ត្រៀមខ្លួន​សម្រាប់​ចំណាត់ការ​ថ្មី​របស់​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​ប្រឆាំង​ទៅនឹង​ការបាញ់​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៥​របស់​កូរ៉េខាងជើង ខណៈ សមាជិក​របស់​ក្រុមប្រឹក្សា ក៏​កំពុងតែ ពិគ្រោះ​យោបល់​គ្នា​ទៅវិញទៅមក​អំពី​សេចក្តីព្រាង​នៃ​សេចក្តីសម្រេច​ប្រឆាំង​ទៅនឹង​កូរ៉េខាងជើង​នោះ​។

​សូម​ជម្រាប​ផងដែរ កាលពីដើមឆ្នាំ​២០១៦​នេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានអនុម័ត​ជា​ឯកច្ឆន្ទ​លើ​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ទៅនឹង​កូរ៉េខាងជើង​ក្នុងការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​។ យ៉ាងណាក៏ដោយ ទណ្ឌ​កម្មនេះ ហាក់ដូចជា​មិនមាន​ប្រសិទ្ធភាព​អ្វី​ឡើយ ដ្បិត​កូរ៉េខាងជើង នៅតែ​បន្ត​សាកល្បង​ទាំង​ការបាញ់​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ រហូត​ទៅដល់​៥​លើក​ត្រឹម​ខែកញ្ញា​កន្លងទៅ ដែល​កូរ៉េខាងត្បូង បាន​ចាត់ទុកថា អាវុធ​នុយក្លេអ៊ែរ​នោះ​ថា បាន​ឈានដល់​ដំណាក់កាល​ចុងក្រោយ​ហើយ​នោះ​៕


Tag:
 ចិន​
  កូរ៉េខាងជើង​
  ក្រុមប្រឹក្សាសន្តិសុខ​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com