អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ពូទីន ព្រមាន​អ្នក​ប៉ង​បំផ្លាញ​សង្គម​រុស្ស៊ី ខណៈ​ខួប​១០០​ឆ្នាំ​នៃ​បដិវត្តន៍​បុល​សេ​វិក​មកដល់​
03, Dec 2016 , 7:39 pm        
រូបភាព
 
​មេដឹកនាំ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​លើកសរសើរ​ពី​សាមគ្គីភាព​និង​ការរួបរួម​ជាតិ​នៃ​សង្គម​រុស្ស៊ី​កន្លងមក​។ ប៉ុន្តែ ស្របពេល​ដែល​ខួប ១០០​ឆ្នាំ នៃ​ចលនា​បដិវត្ត​ប្រឆាំង​របបរាជានិយម​រុស្ស៊ី​កាន់តែ​ខិតជិត​មកដល់ លោក​ព្រមាន​រាល់​ការប៉ុនប៉ង​បង្កើត​ចលនា​ប្រឆាំង​គុំ​គួ​ន​គ្នា និង​សងសឹក​គ្នា​ដែល​អាចធ្វើ​ឲ្យ​សង្គម​បែកបាក់ និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចុះ​ទន់ខ្សោយ​ដែរ​។​


​ក្នុងពេល​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​នៅ​ចំពោះមុខ​សមាជិកសភា​រុស្ស៊ី​ថ្ងៃ​ព្រហស្បតិ៍ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ផ្ញើ​សារ​ព្រមាន​មួយ​ចំពោះ​រាល់​ជន​ណា​ដែលមាន​ចេតនា​មិនល្អ ចង់​បង្កបញ្ហា​ដែល​បណ្តាល​ឲ្យ​សង្គម​រុស្ស៊ី​បែកបាក់​គ្នា​នោះ ខណៈដែល​ខួប ១០០​ឆ្នាំ នៃ​ចលនា​បដិវត្តន៍ខែតុលា (Bolshevik) មកដល់​នោះ​។  លោក​សង្កត់ធ្ងន់ថា សង្គម​រុស្ស៊ី​ត្រូវ​រួបរួមគ្នា ហើយ​រដ្ឋាភិបាល​រុស្ស៊ី​ត្រូវតែ​ខ្លាំង​។​
 
​យោងតាម​ទីភ្នាក់ងារ​រុស្ស៊ី RT លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​លើកឡើងថា​៖«​វា​ជា​រឿង​មិនអាច​ទទួលយក​បានឡើយ​ដែល​គេ​ត្រូវ​ទាញយក គំនិត​ព្យាបាទ​, ការបែកបាក់​គ្នា និង​គំនុំ​គុំ​គួ​ន ដែល​កើតមានឡើង​តាំងពី​អតីតកាល​មក​ក្នុងសង្គម​សម័យ​ទំនើប ដើម្បី​ទាញ​ប្រយោជន៍​ផ្ទាល់ខ្លួន​។​ដូច​យើង​ឃើញ​សោកនាដកម្ម​ដែល​កើត​ឡើងលើ​គ្រួសារ​រុស្ស៊ី​គ្រប់គ្នា​កាលពី​អ​តី​កាលនោះ (​បដិវត្តន៍​)​។ ចូរ​យើង​ចងចាំ​វា​ទុក​ថា យើង​ជា​សង្គម​មួយ​ដែល​ពោរពេញ​ដោយ​ការ​សាមគ្គី ហើយ​យើង​ជា​មនុស្ស​តែមួយ និង​រុស្ស៊ី​តែមួយ​»​។​
 
​តាមពិតទៅ នៅ​ឆ្នាំក្រោយ វា​ជា​ខួប​លើក​ទី ១០០ នៃ​ចលនា​បដិវត្តន៍ខែតុលា «​បុល​សេ​វិក​» ដែល​ផ្តួល​រលំ​របប​សក្តិភូមិ​នៅ​ឆ្នាំ ១៩១៧ នោះ​។ ដូច្នេះហើយ សារ​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន វា​ជា​ក្រើនរំលឹក​ប្រជាជន​រុស្ស៊ី​ទូទៅ​ផលប៉ះពាល់​ដែល​អាច​កើតមានឡើង​បើ​ប្រវត្តិសាស្ត្រ​ជូរចត់​នេះ​កើត​ឡើងវិញ​នោះ​។​
 
​យ៉ាងណា​លោក ពូ​ទីន ក៏បាន​ឆ្លៀតឱកាស​លើកសរសើរ​ផងដែរ​ពី​ស្មារតី​ជាតិនិយម ការឯកភាព និង​សាមគ្គីភាព​គ្នា​រវាង​ប្រជាជន​រុស្ស៊ី​គ្រប់​ស្រទាប់វណ្ណៈ​នោះ​។ ហើយ​លោក​លើកឡើង​ពី​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​កន្លងមក​របស់​គណបក្ស​រួបរួម​រុស្ស៊ី​ជា​ឧទាហរណ៍​ផងដែរ ហើយ​វា​ឆ្លុះបញ្ចាំង​ថា​ប្រជាជន​រុស្ស៊ី​ពេញចិត្ត​ការ​អ​ភ​វិ​ឌ្ឍ​និង​រួបរួមគ្នា​ខ្ពស់​។​បន្ថែម​ពីនេះ​លោក ក៏បាន​សន្យា​បន្ត​ជួយ​ជ្រោមជ្រែង​គណបក្ស​របស់​លោក​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ពុល​រលួយ​និង​សកម្មភាព​អសកម្ម​ផ្សេងទៀត​នៅក្នុង​ប្រទេស​ដើម្បី​ប្រយោជន៍​សង្គម​ទាំងមូល​។​
 
​បន្ថែម​ពីនេះ ក្នុងពេល​ផ្តល់​សុន្ទរកថា​នេះ លោក​ឆ្លៀតឱកាស​លើកឡើង​ពី​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​រុស្ស៊ី​ក្នុងការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​បច្ចុប្បន្ន​ផងដែរ​។ លោក ពូ​ទីន ពន្យល់ថា សេដ្ឋកិច្ច​រុស្ស៊ី​កំពុង​ស្ទុះ​ងើប​ឡើងវិញ​ផុតពី​វិបត្តិ​នៅពេល​បច្ចុប្បន្នេះ ដែល​វា​ជាស​ញ្ញា​វិជ្ជមាន​សម្រាប់​ប្រជាជន​រុស្ស៊ី​ផងដែរ​។​
 
​សេដ្ឋកិច្ច​រុស្ស៊ី​រងគ្រោះ​ខ្លាំង​ចាប់តាំងពី​ពេល​ប្រទេស​នេះ​ឈ្លានពាន​និង​ក្រសោប​យក​ទឹកដី Crimea នៅ​ដើមឆ្នាំ ២០១៤​។​នេះ​ក៏​ដោយសារ​លោកខាងលិច​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​រុស្ស៊ី​ជា​បន្តបន្ទាប់​ច្រើន​ជំហាន​នោះ​៕ 
 
 

Tag:
 ​វ្ល៉ា​ឌី​មៀ ពូ​ទីន​
  បដិវត្តន៍​បុល​សេ​វិក
© រក្សាសិទ្ធិដោយ thmeythmey.com