ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
​​​ន​យោ​បាយ​ជាតិ​
បក្សប្រឆាំង កោះហៅ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ឲ្យ​បំភ្លឺ​នៅ​រដ្ឋសភា
06, Dec 2016 , 7:28 pm        
រូបភាព
លោក សុន ឆ័យ(ឆ្វេង) លោក ម៉ម ប៊ុនហេង(ស្តាំ)
លោក សុន ឆ័យ(ឆ្វេង) លោក ម៉ម ប៊ុនហេង(ស្តាំ)
គណបក្សសង្រ្គោះជាតិ គ្រោងហៅលោក ម៉ម ប៊ុន ហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឲ្យ​ចូល​ឆ្លើយបំភ្លឺ នៅរដ្ឋសភា នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ។ ប៉ុន្តែរហូតមកដល់ ពេលនេះ លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ និងជាអនុប្រធានគណៈកម្មការទី២នៃរដ្ឋសភា នៅមិនទាន់ទទួលបាន​ការឆ្លើយតបពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅឡើយ។ បើតាម លោក សុន ឆ័យ ក្រៅពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល បក្សសង្គ្រោះជាតិ គ្រោង​នឹងអញ្ជើញរដ្ឋមន្ត្រី២រូបទៀត គឺរដ្ឋមន្រ្តីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យចូលឆ្លើយបំភ្លឺ ជាបន្តបន្ទាប់នៅក្នុងរដ្ឋសភា នៅខែធ្នូនេះ និងខែមករា ឆ្នាំ២០១៧ ។



លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​គណៈកម្មការ​ទី២ រដ្ឋសភា គ្រោង​អញ្ជើញ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ឲ្យ​ចូល​ឆ្លើយបំភ្លឺ​នៅក្នុង​រដ្ឋសភា។

លោក សុន ឆ័យ បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ នៅថ្ងៃនេះ​ថា លោក​មិនទាន់​ទទួលបាន​ការឆ្លើយតប​ពីស​ម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៅឡើយ ខណៈ​តាម​គម្រោង គណៈកម្មការ​ទី២ ចង់​ឲ្យ​លោក ម៉ម ប៊ុនហេង បំភ្លឺ​នៅ​រដ្ឋសភា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ លោក សុន ឆ័យ បញ្ជាក់​ដូច្នេះ៖«លិខិត​នេះ សម្តេច ប្រធានរដ្ឋសភា ទើបតែ​បញ្ជូនទៅ​សម្តេចនាយក​រដ្ឋមន្ត្រី​នៅថ្ងៃនេះ ប្រហែលជា​មិនទាន់បាន​ចូល​ឆ្លើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​ទេ អាច​ឆ្លងទៅ​សប្តាហ៍​ក្រោយ»។

យោងតាម​លិខិត ដែល សម្តេច ប្រធានរដ្ឋសភា បាន​ផ្ញើជូន​សម្តេច នាយករដ្ឋមន្ត្រី គណៈកម្មការ​ទី២ នៃ​រដ្ឋសភា គ្រោង​ឲ្យ​លោក ម៉ម ប៊ុនហេង ឆ្លើយបំភ្លឺ​ចំនួន១០ ចំណុច ដែល​ក្នុងនោះ​រួ​មាន៖ ១. ភាពមិនប្រក្រតី​ក្រោម​ការទទួលខុសត្រូវរ​បស់​ក្រសួង​មានដូចជា ការបាត់​ប្រាក់​ជំនួយ​របស់ Global Fund ទិញ​មុង​ការពារ​ជំងឺគ្រុនចាញ់ ការលក់​មន្ទីរពេទ្យ និង​មន្ទីរពេទ្យបង្អែក​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ និង​ក្នុង​ខេត្ត​មួយចំនួន និង​ការទិញ​គ្រឿង​បរិក្ខា និង​ថ្នាំពេទ្យ-ល- ។ ២. ការផ្តល់សេវា​មិន​ត្រឹមត្រូវ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន។ ៣. វិធានការ​ក្រសួង ក្នុងការ​ពង្រឹងគុណភាព​ជំនាញ​ពេទ្យ និង​ការអនុវត្ត​ក្រប​សីលធម៌។ ៤. ការចែក​ចាយ និង​គ្រប់គ្រង​សម្ភារ​ពេទ្យ និង​ថ្នាំពេទ្យ។ ៥. ការគ្រប់គ្រង​មន្ទីរពេទ្យ​ឯកជន និង​រថយន្ត​សង្គ្រោះបន្ទាន់។ ៦. ផែនការ​ធានា​បន្ត​និរន្តរភាព​មន្ទីរពេទ្យ​គន្ធបុប្ផា។ ៧. កិច្ច​គាំពារ​ជនរងគ្រោះ​ពី​កំហុស​គ្រូពេទ្យ និង​ការ​កេង​ប្រ​វ័​ញ្ច។ ៨. វិធានការ​របស់​ក្រសួង ក្នុង​ការផ្តល់សេវា​សុខភាព​ដល់​ពលរដ្ឋ​ក្រីក្រ​ឲ្យ​មាន​ប្រសិទ្ធភាព។ ៩. ការគ្រប់គ្រង​ការផលិត និង​នាំចូល​ថ្នាំពេទ្យ និង​ចំណុច​ទី១០. ការគ្រប់គ្រង​ឱសថស្ថាន ថ្នាំពេទ្យ​ក្លែងក្លាយ និង​ថ្នាំពេទ្យ​ខូចគុណភាព។

ក្រៅពី​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅមាន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល គ្រោង​កោះអញ្ជើញ​ឲ្យ​ចូល​បំភ្លឺ​នៅ​រដ្ឋសភា។ បើតាម លោក សុន ឆ័យ នៅក្នុង​ខែធ្នូ​នេះ គណៈកម្មការ​ទី២ គ្រោង​កោះហៅ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឲ្យ​ចូល​ឆ្លើយបំភ្លឺ​ជុំវិញ​បញ្ហា​មួយចំនួន​កំពុង​ប្រឈម ជាពិសេស​បញ្ហា​ទីផ្សារ​កសិផល និង​តម្លៃ​ផលិតផល​កសិកម្ម។

ដោយឡែក ការកោះហៅ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឲ្យ​ចូល​ឆ្លើយបំភ្លឺ​នៅ​រដ្ឋសភា គ្រោង​ធ្វើឡើង​នៅក្នុង​ខែមករា ឆ្នាំ២០១៧ ខាងមុខ។ បើតាម អនុប្រធាន​គណៈកម្មកា​រ​ទី២ ដដែល បញ្ហា​ដែល​សភា ចង់​ឲ្យ​សម្តេច ស ខេង បំភ្លឺ​រួមមាន បញ្ហា​គ្រឿងញៀន ការស្វែងរក​ឃាតករ​ដែល​បាញ់សម្លាប់​ស​កម្ម​ជន និង​បុគ្គល​មួយចំនួន​កន្លងមក និង​ការធានា​បញ្ហា​សន្តិសុខ​ទូទៅ​នៅក្នុង​ប្រទេស​ជាដើម៕




Tag:
 សុន ឆ័យ
 ម៉ម ប៊ុនហេង
 សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com