កីឡាជាតិ
ជាតិ
ជើងឯក​ចំបាប់​អាស៊ីអាគ្នេយ៍​៖ កម្ពុជា​ឈ្នះ​មេដាយមាស​៣ ប្រាក់​១០ និង​សំរឹទ្ធ​១៧
08, Dec 2016 , 10:56 am        
រូបភាព
ដោយ:
​ការប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៦ បានបញ្ចប់​កាលពី​ល្ងាច​ថ្ងៃទី​៧ ខែធ្នូ ម្សិលមិញ ដោយ​ម្ចាស់ផ្ទះ​កម្ពុជា បានឈ្នះ​មេដាយមាស​៣ ប្រាក់​១០ និង​សំរឹទ្ធ​១៧ ខណៈ​វៀតណាម​ប្រមូលយក​មេដាយមាស​ទាំងអស់​ក្នុងចំណោម​វិញ្ញាសា​ចំនួន​១៥​ដែល​ពួកគេ​បាន​ប្រកួតប្រជែង​។​



​ក្រោយពី​ធ្វើការ​ប្រកួត​អស់​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៦​ដល់ទី​៧ ខែធ្នូ នៅលើ​ទីលាន​មជ្ឈមណ្ឌល​កីឡា​តេ​ក្វាន់​ដូ​ប៊ូ​យ៉ុង​ខ្មែរ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ កម្ពុជា​ទទួលបាន​មេដាយ​សរុប​ចំនួន​៣០​ក្នុងនោះ​មាស​៣ ប្រាក់​១០ និង​សំរឹទ្ធ​១៧ ពី​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៦ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

​មេដាយមាស​ទាំង​៣​របស់​កម្ពុជា​ដណ្តើមបាន​ដោយ​កីឡាករ ឌន សៅ​, យិន បូ​ណា និង​កីឡាករ ឈឿន ឈាង ក្នុងនោះ ឌន សៅ ឈ្នះ​លើ​ប្រភេទ​ទម្ងន់​៩៧​គីឡូក្រាម រីឯ យិន បូ​ណា ឈ្នះ​លើ​ទម្ងន់​៥៧​គីឡូក្រាម ចំណែក​កីឡាករ ឈឿន ឈាង ឈ្នះ​លើ​ប្រភេទ​ទម្ងន់​៥៣​គីឡូក្រាម​។​

​ការ​ឈ្នះ​មេដាយមាស​៣ ប្រាក់​១០ និង​សំរឹទ្ធ​១៧ បានធ្វើ​ឲ្យ​កម្ពុជា​ឈរ​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៦​ក្នុងចំណោម​៦​ប្រទេស​ចូលរួម​។ ចំណែក​វៀតណាម​ឈរ​ចំណាត់ថ្នាក់​លេខ​១ ក្រោយ​ឈ្នះ​មេដាយមាស​ចំនួន​១៥ ខណៈ​ថៃ ជាប់​ចំណាត់ថ្នាក់​លេខ​៣ ដោយ​ទទួលបាន​មេដាយប្រាក់​៤ និង​សំរឹទ្ធ​៤​។

​ដោយឡែក ម៉ាឡេស៊ី​ទទួលបាន​មេដាយ​សរុប​ចំនួន​៥ ក្នុងនោះ​មេដាយប្រាក់​២ និង​សំរឹទ្ធ​៣ រីឯ​ឡាវ ទទួលបាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​៤ ចំណែក​ប្រទេស​សិង្ហ​បុរី ទទួលបាន​មេដាយប្រាក់​១ និង​សំរឹទ្ធ​១៕










Tag:
 ចំបាប់​
  ចំបាប់​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០១៦
© រក្សាសិទ្ធិដោយ thmeythmey.com