កីឡាជាតិ
ជាតិ
ចាន់​មាន​៖ ក្បួន​ដង្ហែ​ដោយមាន​ម៉ូតូ​អម​១២​គ្រឿង ជា​ក្តី​ស្រមៃ​ដែល​ក្លាយជា​ការពិត​
08, Dec 2016 , 1:00 pm        
រូបភាព
ដោយ:
កីឡាករ សុខ ចាន់​មាន ម្ចាស់​មេដាយមាស​ពិភពលោក​ពី​ប្រទេស​ម៉ា​ដា​ហ្កា​ស្កា សម្តែង​អារម្មណ៍​រំភើប​សប្បាយរីករាយ និង​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​ឃើញ​ក្បួន​ដង្ហែ​ដែលមាន​ម៉ូតូ​អម​ចំនួន​១២​គ្រឿង​កំពុង​រង់ចាំ​វត្តមាន​ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់ សុខ​មាន ហើយក៏​ជា​ក្តី​ស្រមៃ​ដែល​បាន​ប៉ង​ជា​យូរ​មកហើយ​ដែរ​។



​ម្ចាស់​មេដាយមាស​ពិភពលោក​ម៉ា​ដា​ហ្កា​ស្កា សុខ ចាន់​មាន មានការ​ភ្ញាក់ផ្អើល និង​រំភើប​យ៉ាងខ្លាំង​នៅពេល​បានឃើញ​វត្តមាន​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រង់ចាំ​ទទួល​ស្វា​គម​វត្តមាន​របស់ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​៧ ខែធ្នូ​។ អ្វីដែល​ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ភ្ញាក់ផ្អើល​នឹង​នឹកស្មាន​មិន​ដល់​នោះ គឺ​បាន​ជិះ​រថយន្ត​ក្បួន​ដង្ហែ​ដោយមាន​ម៉ូតូ​អម​១២​គ្រឿង ដែល​រៀបចំ​ដោយ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​។​



ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​កាលពី​យ​ប់​ថ្ងៃទី​៧ ខែធ្នូ នៅ​ទីស្នាក់ការ NOCC ម្ចាស់​មេដាយមាស​ពិភពលោក​រូបនេះ​បាន​រៀបរាប់​ពី​អារម្មណ៍​រំភើប​យ៉ាង​ដូច្នេះ​ថា​៖«​កា​រហែ​ក្បូន​នេះ​សម្រាប់​ខ្ញុំ​និង​ថ្នាក់ដឹកនាំ​រំភើប រំភើប​ខ្លាំង​មែនទែន ពីព្រោះថា​នេះ​ជា​លើក​ទី​១​របស់ខ្ញុំ ហើយ​ពួកយើង​គិតថា មិន​នឹកស្មាន​ដល់​ថ្នាក់​ហ្នឹង​មាន​ម៉ូតូ​រហូតដល់​១២​គ្រឿង ហើយក៏​សូម​ថ្លែងអំណរគុណ​ដល់​សម្តេច​អគ្គមហាសេនា​បតីតេ​ជោ ហ៊ុន សែន ដែល​គាត់​បានអនុញ្ញាត និង​ជួយ​រៀបចំ​កម្មវិធី​នេះ​ឲ្យ​ពួកយើងខ្ញុំ​»​។ 

​ការ​ជិះ​ក្បួន​ដង្ហែ​របស់​ម្ចាស់​មេដាយមាស​ពិភពលោក​ជា​លើក​ទី​១​នេះ វា​ក៏​ជាការ​បំពេញ​ក្តី​ស្រមៃ​ដែល​រូបគេ​បាន​ប៉ង​ពីមុន​ផងដែរ​។ «​និយាយ​រួម​ទៅ​គឺ​ខ្ញុំ​ធ្លាប់​ស្រមៃ​ដែរ គឺ​ខ្ញុំ​ចង់បាន​ដូច​កញ្ញា ស៊ន សៀវ​ម៉ី និង​អ្នកស្រី កែ ឡេង ពីព្រោះថា កម្រិត​សមត្ថភាព​របស់ខ្ញុំ ក៏​ខ្ញុំ​ជឿជាក់​លើ​ខ្លួនឯង​ថា ថ្ងៃ​អនាគត​ខ្ញុំ​ក៏​អាច​ដូច​គាត់​ដែរ​»​។ នេះ​ជា​សំដី​របស់​កីឡាករ សុខ ចាន់​មាន​។

​ម្ចាស់​មេដាយមាស​ពិភពលោក​ម៉ា​ដា​ហ្កា​ស្កា​កីឡា​ប៉េតង់​លើ​វិញ្ញាសា​វាយយក​ពិន្ទុ សុខ ចាន់​មាន នឹង​ចូលជួប​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ល្ងាច​ថ្ងៃទី​៩ ខែធ្នូ នៅ​វិមាន​សន្តិភាព​។ សម្រាប់​ការត្រៀម​ជួប​នេះដែរ ចាន់​មាន បាន​បញ្ជាក់ថា រូបគេ​និង​ថ្នាក់ដឹកនាំ​មាន​អារម្មណ៍​រំភើប​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​៕









Tag:
 ប៉េតង់​
  សុខ ចាន់​មាន
© រក្សាសិទ្ធិដោយ thmeythmey.com