អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សភា​កូរ៉េ​បោះឆ្នោត​ដកហូត​តំណែង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ​
09, Dec 2016 , 2:33 pm        
រូបភាព
ចុងក្រោយ​សភា​កូរ៉េខាងត្បូង​បានសម្រេច​បោះឆ្នោត​ដកហូត​តំណែង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ  (Park Geun-hye) ជា​ផ្លូវការ​ដោយសារ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ពុករលួយ​។ តុលាការ​ធម្មនុញ្ញ​នឹង​សម្រេច​ចុងក្រោយ​ថា​ត្រូវ​ទទួលយក​ការសម្រេច​នេះ​និង​បញ្ចប់​តំណែង​លោកស្រី​ឬ​អត់​។  លោកស្រី​ក្លាយជា​ប្រធានាធិបតី​ដំបូង​ចាប់ពីឆ្នាំ ២០០៤​​ដែល​ត្រូវគេ​ដកហូត​អំណាច​បែបនេះ​។​

​សភា​កូរ៉េខាងត្បូង​បានសម្រេច​បោះឆ្នោត​ដកហូត​តំណែង​លោកស្រី​ប្រធានាធិបតី​ដែល​រួបរឹត​ដោយ​រឿងអាស្រូវ ប៉ាក ហ្គឺ​ន​ហេ ជា​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ​​ទី ៩ ខែធ្នូ​នេះ​។ លោកស្រី ប៉ាក ក្លាយជា​ប្រធានាធិបតី​ជាប់ឆ្នោត​ដំបូង​ចាប់ពីឆ្នាំ ២០០៤​ដែល​ត្រូវគេ​ដកហូត​តំណែង​ដោយ​ការបោះឆ្នោត​ក្នុង​សភា​បែបនេះ​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters សភា​បោះឆ្នោត​ដកហូត​តំណែង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ដោយសារ​លោកស្រី​រង​ការចោទប្រកាន់​ពីបទ​រំលោភ​អំណាច និង​ពុករលួយ ហើយ​អំណាច​និង​តំណែង​លោកស្រី​នឹងត្រូវ​គេ​ព្យួរ​បណ្តោះអាសន្ន​សិន​។ ក្រោយ​ការបោះឆ្នោត​នេះ តុលាការ​ធម្មនុញ្ញ​នឹង​សម្រេច​ចុងក្រោយ​ថា ត្រូវ​ទទួលយក​ញត្តិ​របស់​សភា​នេះ​និង​បណ្តេញ​លោកស្រី​ជា​ផ្លូវការ ឬក៏​បដិសេធ​ការសម្រេច​របស់​សភា​នេះ​។​ តុលាការ​មានរយៈពេល​៦ខែដើម្បី​ដំណើរការ​នីតិវិធីរបស់ខ្លួន។ 
 
​តាមពិតទៅ ការបោះឆ្នោត​នេះ​ធ្វើឡើង ក្រោយ គណបក្សប្រឆាំង​ចំនួន​បី​ដែលមាន​អាសនៈ​ក្នុង​សភា​បានដាក់​សេចក្តីស្នើច្បាប់​មួយ​ទៅ​សភា ដើម្បី​ដកហូត​តំណែង​ប្រធានាធិបតី​។ សេចក្តីស្នើច្បាប់​នោះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​សមាជិកសភា ១៧១ លើ ៣០០ នាក់ ហើយ​គេ​ក៏​ចោទប្រកាន់ថា​លោកស្រី ប៉ាក បាន​រំលោភ​អំណាច រំលោភ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់ព្រហ្មទណ្ឌ​ដោយសារតែ​គាត់​ពាក់ព័ន្ធ​រឿងអាស្រូវ​ប្រើប្រាស់​ឥទ្ធិពល​នយោបាយ​របស់​ខ្លួន​ដើម្បី​ទាញយក​ផលប្រយោជន៍ ហើយ​គេ​រំពឹងថា​លោកស្រី​នឹង​ក្លាយ​ប្រធានាធិបតី​ដែល​ឡើងកាន់តំណែង​តាម​ការបោះឆ្នោត​ដំបូង​បំផុត​ដែល​ត្រូវគេ​ដកហូត​តំណែង​។​
 
​ហើយ ការបោះឆ្នោត​នេះ​ក៏​​ធ្វើឡើង​ក្រោយ​ពេលដែល​ចលនា​បាតុកម្ម​ប្រឆាំង​លោកស្រី​កើតមានឡើង​យ៉ាង​ផុសផុល​អស់​ច្រើន​សប្តាហ៍ ។ ពួកគេ​ទាមទារ​ឲ្យ​លោកស្រី​ចុះ​ចេញពី​តំណែង ដោយ​ពួកគេ​មិន​ស្តាប់​ការបកស្រាយ​និង​សុំ​អភ័យទោស​របស់លោក​ស្រី ប៉ាក ឡើយ​។ 
 
​សូមបញ្ជាក់ថា ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ រង​សម្ពាធ​កាន់តែខ្លាំង​ពី​ប្រជាពលរដ្ឋ​កូរ៉េ ក្រោយ​រដ្ឋអាជ្ញា​រកឃើញ​ថា លោកស្រី​មានឈ្មោះ​ក្នុង​រឿងអាស្រូវ​ពុករលួយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មនុស្ស​ជំនិត​លោកស្រី​ជាច្រើនរូប​ដូចជា លោកស្រី Choi Soon-sil និង​អតីត​ទីប្រឹក្សា​ជាច្រើនរូប​ទៀត​។ លទ្ធផល​ស៊ើបអង្កេត​កន្លងមក​បាន​បង្ហាញថា លោកស្រី Choi និង​អតីត​ទីប្រឹក្សា​ពីរ​នាក់​ទៀត ត្រូវ​ជាប់ចោទ​ពីបទ​រំលោភ​អំណាច បង្ខិតបង្ខំ និង​ធ្វើ​ឲ្យ​លេច​ធ្លាយ​ឯកសារ​សម្ងាត់​ជាដើម​៕
 

Tag:
 ប៉ាក ហ្គឺ​ន​ហេ​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com