អន្តរជាតិ
លោក Duterte នាំ​ស្តេចប្រដាល់ Pacquiao មកកម្ពុជាដែរ
09, Dec 2016 , 4:12 pm        
រូបភាព
រូបភាព៖ Rappler
រូបភាព៖ Rappler
ដោយ: ថ្មីៗ
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នឹងនាំ​ស្តេចប្រដាល់​របស់ហ្វីលីពីន Manny Pacquiao មកទស្សនកិច្ច​កម្ពុជាជាផ្លូវការដែរ​នៅថ្ងៃទី​១៣​ និង​១៤​ធ្នូ​ក្នុង​សប្តាហ៍ក្រោយនេះ។ នេះបើតាម​គណនីហ្វេសប៊ុក​របស់​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង​ជា​រដ្ឋ​មន្ត្រី​​ទ​ទួល​ប​ន្ទុក​អ​ម​ដំ​ណើ​រប្រតិ​ភូ​ប្រ​ធានា​ធិប​តី​ហ្វី​លី​ពី​ន​។



​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ជា​លើកដំបូង​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា​នៅ​ថ្ងៃទី​១៣-១៤ ធ្នូ សប្តាហ៍​ក្រោយនេះ​។ ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។  នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​ចុះ​កាលពី​ថ្ងៃទី​៨ ធ្នូ​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ប្រធានាធិបតី Rodrigo Duterte នឹង​ចូល​ក្រាបបង្គំ​គាល់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នៅ​ព្រះបរមរាជវាំង និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយនឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ដែល​បន្តទៀតថា ថា្នក់​ដឹកនាំ​ទាំងពីរ ក៏​នឹង​ចុះហត្ថលេខា​លើ​អនុស្សារណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​អនុស្សារណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កីឡា​ផងដែរ​។ 

​សូម​ជម្រាប​ផងដែរ លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ឡើងកាន់​អំណាច​ជា​ប្រធានាធិបតី​ហ្វីលីពីន​ថ្មី​នៅ​ថ្ងៃទី​៣០ ខែមិថុនា កន្លងទៅ​។ គិត​ចាប់ពី​ការឡើង​អំណាច​មក លោក​បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​បណ្តា​ប្រទេស​មិត្ត​អាស៊ាន​ដូចជា ឡាវ ឥណ្ឌូនេស៊ី ព្រុយ​ណេ វៀតណាម និង ម៉ាឡេស៊ី ហើយ​កម្ពុជា គឺជា​ប្រទេស​ទី​ប្រាំមួយ​ហើយ ដែល​លោក នឹង​ត្រូវបំពេញ​ទស្សនកិច្ច​នៅក្នុង​តំបន់​អាស៊ាន​នោះ​។​

​ទោះបីជា លោក​ប្រធានាធិបតី​ហ្វីលីពីន រូបនេះ មិន​ធ្លាប់​បំពេញ​ទស្សនកិច្ច​ផ្លូវការ​មកកាន់​កម្ពុជា​ក៏ដោយ លោក ក៏​ធា្ល​ប់​បាន​ជួប​ជាមួយនឹង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច ហ៊ុន សែន ក្នុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​ប្រព្រឹត្តឡើង​ក្នុង​ក្រុង​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ​កន្លងទៅ​ផងដែរ​។​

​ជាងនេះទៅទៀត​នោះ សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​ធា្ល​ប់​ប្រៀបធៀប​ភាពស្រដៀងគ្នា​របស់​សម្តេច​ជាមួយនឹង​លោក​ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ​។ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​បញ្ញា​ជាតិ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នៅ​ថ្ងៃទី​១៩ ខែកញ្ញា​កន្លងទៅ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​រូបនេះ បានបញ្ជាក់​អំពី​អត្តចរិត​របស់​សម្តេច​ដូច​លោក​ប្រធានាធិបតី​ហ្វីលីពីន​យ៉ាងនេះ​ថា​៖« ខ្ញុំ​មិន​ធ្វើ​ដល់​ថ្នាក់​ប្រធានាធិបតី​ហ្វីលីពីន​នោះទេ​។ តែ​ខ្ញុំ​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន​ត្រូវ​គ្នា​ណាស់​។ ខ្ញុំ​ថា យើង​ចរិត​ដូចគ្នា​»៕




© រក្សាសិទ្ធិដោយ thmeythmey.com