អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​អ៊ីតាលី​តែងតាំង លោក Paolo Gentiloni ជា​នាយករដ្ឋមន្ត្រី​ថ្មី
12, Dec 2016 , 8:38 am        
រូបភាព
ដោយ: VOA
​ប្រធានាធិបតី​អ៊ីតាលី លោក Sergio Mattarella ជ្រើសរើស​លោក Paolo Gentiloni ជា​នាយករដ្ឋមន្ត្រី​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី បន្ទាប់ពី​មេដឹកនាំ​កំណែទម្រង់ លោក Matteo Renzi បាន​ចាញ់​នៅក្នុង​ការបោះឆ្នោត​ប្រជាមតិ​ទៅលើ​ការធ្វើកំណែទម្រង់​រដ្ឋធម្មនុញ្ញ ដែល​លោក​បានប្រកាស​ដាក់​តំណែង​របស់លោក​។​



​គេ​រំពឹងថា លោក Gentiloni នឹង​កាន់តំណែង​រហូតដល់​ការបោះឆ្នោត​នៅ​ខែកុម្ភៈ​ឆ្នាំ​២០១៨​ខាងមុខនេះ​។ បន្ទាប់ពី​សេចក្តីប្រកាស​នោះ លោក​ក៏បាន​ប្តេជ្ញា​ថា​នឹង​បោះជំហាន​ទៅរក​ក្របខណ្ឌ​ដូចនឹង​រដ្ឋាភិបាល​ដែល​ជិត​ផុត​អាណត្តិ​របស់លោក Renzi ដែរ​។​

​សេចក្តីរាយការណ៍​នានា​បានចេញ​ផ្សាយ​ថា មេដឹកនាំ​រដ្ឋាភិបាល​ថ្មី​ត្រូវបាន​គេ​រំពឹងថា​នឹង​បង្ហាញ​បញ្ជី​ឈ្មោះ​រដ្ឋមន្ត្រី​ដល់​លោក​ប្រធានាធិបតី Mattarella នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។​

​ក្នុង​វ័យ​៦២​ឆ្នាំ លោក Gentiloni ដែលជា​សមាជិក​របស់​គណបក្ស​ប្រជាធិបតេយ្យ ជា​មិត្តភក្តិ​ជិតស្និទ្ធ​របស់លោក Renzi និង​ក៏​ជា​អតីត​អ្នកកាសែត​ម្នាក់​ផង​នោះបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​យើង​ត្រូវការ​រដ្ឋាភិបាល​ដែល​ដំណើរការ​ពេញលេញ​មួយ​ជាបន្ទាន់​» ដើម្បី​ផ្តោតទៅលើ​បញ្ហា​សង្គម​និង​សេដ្ឋកិច្ច​។​

​គណបក្សនយោបាយ​ធំៗ​ទាំងអស់​នៅក្នុង​ប្រទេស​បានស្នើ​ឲ្យ​មានការ​បោះឆ្នោត​ឲ្យ​បាន​ឆាប់​តាមតែ​អាចធ្វើ​បាន ប៉ុន្តែ​សំណើ​នេះ​ត្រូវបាន​ប្រធានាធិបតី​អ៊ីតាលី​ច្រានចោល​។​

​លោក Renzi បាន​ធ្វើជា​នាយករដ្ឋមន្ត្រី​អស់​រយៈពេល​ជិត​៣​ឆ្នាំ​។ លោក​បាន​លាលែង​ពី​តំណែង​ក្រោយពី​ម្ចាស់ឆ្នោត​បាន​បោះឆ្នោត​បដិសេធ​ផែនការ​របស់លោក​ក្នុងការ​បង្កើន​អំណាច​របស់លោក​ដើម្បី​ជំរុញ​ការធ្វើកំណែទម្រង់​សេដ្ឋកិច្ច ដែល​លោក​និយាយថា នឹងធ្វើ​ឲ្យ​នយោបាយ​នៅក្នុង​ប្រទេស​អ៊ីតាលី​មាន​ស្ថិរភាព​៕


© រក្សាសិទ្ធិដោយ thmeythmey.com