អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌា​និង​ឥណ្ឌូណេស៊ី​ពង្រឹង​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​និង​រក្សា​សន្តិសុខ​សមុទ្រ​
14, Dec 2016 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
 
​ឥណ្ឌូណេស៊ី​និង​ឥណ្ឌា​ឯកភាពគ្នា​ក្នុងការ​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​សមុទ្រ​និង​យោធា​ដើម្បី​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​និង​បទឧក្រិដ្ឋ​ឆ្លងដែន​ជាដើម​។ ការឯកភាព​គ្នា​នេះ​ធ្វើឡើង​ស្របពេល​ដែល​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​ជា​លើកដំបូង​។​


​លោក Joko Widodo បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក​ទៅកាន់​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃទី​១២ ខែធ្នូ​។ លោក​បាន​ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី ហើយ​មេដឹកនាំ​ទាំង​ពីរបាន​ឯកភាពគ្នា​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ផ្លូវ​សមុទ្រ និង​ឈានទៅ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​ជាដើម​ផងដែរ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​ថ្លែង​ចំពោះមុខ​អ្នកសារព័ត៌មាន​ថា ឥណ្ឌា​និង​ឥណ្ឌូណេស៊ី​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​មួយ​ពេញលេញ​ដែល​កំណត់​យក​ប​ញ្ហ​សន្តិសុខ​និង​ការពារជាតិ​ជា​រឿង​អាទិភាព​។ ជាពិសេស​ការរក្សា​សុវត្ថិភាព​និង​សន្តិសុខ​ផ្លូវ​សមុទ្រ​តែម្តង​។​
 
​ក្រោយ​ជំនួប​ទ្វេភាគី​នោះដែរ លោក Joko Widodo និង​លោក នា​រិ​ន្ទ្រា​ម៉ូ​ឌី បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ​ដោយ​សេចក្តីថ្លែងការណ៍​នោះ​ថ្កោលទោស​ចលនា​ភេរវកម្ម​សកល និង​អំពាវនាវ​ឲ្យ​បណ្តា​សមាជិក​អង្គការ​សហ​ប្រជា​តិ​ទាំងអស់​ចូលរួម​អនុវត្ត​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​អន្តរជាតិ​។ 
 
​ដោយឡែក សេចក្តីថ្លែងការណ៍​រួម​រវាង​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា ក៏បាន​ផ្តោតលើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ ដោយ​គូភាគី​បាន​សង្កត់ធ្ងន់ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ត្រូវតែ​ដោះស្រាយ​ដោយ​សន្តិវិធី​។ ហើយ​វា​ជា​សារ​មួយ​សម្រាប់​ក្រុង​ប៉េកាំង​ផងដែរ​។​
 
​ប្រទេស​ឥណ្ឌា​និង​ឥណ្ឌូណេស៊ី​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកលូតលាស់រ​ហ័ស​បំផុត​មួយ​។ ដូច្នេះហើយ  ក្រៅពី​រឹតចំណង​ទំនាក់ទំនង​ផ្នែក​សន្តិសុខ ភាគី​ទាំងពីរ​ក៏​យកចិត្តទុកដាក់​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ដែរ​ក្នុងនោះ​ផ្តោត​ពាណិជ្ជ​ប្រេង ឧស្ម័ន ក៏ដូចជា​ថាមពល​ករ​កើតឡើង​វិញ​, សុខាភិបាល និង​ព័ត៌មានវិទ្យា​ជាដើម​ដែរ​។ 
 
​បន្ថែម​ពីនេះ អនុស្សារណៈ​ចំនួន​២​ដែល​ពាក់ព័ន្ធ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​កីឡា និង​យុវជន ត្រូវបាន​ចុះហត្ថលេខា​ដោយ​មេដឹកនាំ​ទាំងពីរ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នេះដែរ​៕
 

Tag:
 Joko Widodo
  នា​រិ​ន្ទ្រា ម៉ូ​ឌី
© រក្សាសិទ្ធិដោយ thmeythmey.com