ជាតិ
​សម្តេច ហ៊ុន សែន កំណត់​ការចេះ​ប្រើ​ស្មា​ត​ហ្វូ​ន​ជា​លក្ខខណ្ឌ​ថ្មី​សម្រាប់​តែងតាំង​មន្ត្រី​
15, Dec 2016 , 3:08 pm        
រូបភាព
ដោយ:
​ជាមួយ​ថ្មី​ម្តងទៀត​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​មន្ត្រី​របស់ខ្លួន​ឲ្យ​ធ្វើ​អក្ខរកម្ម​ព័ត៌មានវិទ្យា ជាពិសេស​គឺ​ត្រូវ​ចេះ​ប្រើប្រាស់ Smartphone តែម្តង​។ ការចេះ​ប្រើ​ស្មា​ត​ហ្វូ​ន​នេះ ជា​លក្ខខណ្ឌ​ថ្មី​មួយទៀត ដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំណត់​មុន​តែងតាំង​មន្ត្រី​។​



​ការចេះ​ប្រើ​ស្មា​ត​ហ្វូ​ន គឺ​ធ្វើ​ឲ្យ​មន្ត្រី​ធ្វើការ​លឿន​។ នេះ​ជា​គុណសម្បត្តិ​របស់​ស្មា​ត​ហ្វូ​ន ដែល​សម្តេច ហ៊ុន សែន អនុវត្ត​នូវ​របៀប​ធ្វើការ​ជាមួយ​មន្ត្រី​របស់​សម្តេច​ឲ្យ​បាន​ទាន់សភាពការណ៍​។ ដូច្នេះហើយ ការចេះ​ប្រើ​ស្មា​ត​ហ្វូ​ន ក៏​ជា​លក្ខខណ្ឌ ដែល​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា កំណត់​សម្រាប់​តែងតាំង​មន្ត្រី​ផងដែរ​។ «​ខ្ញុំ​ដាក់ចេញ​នូវ​នយោបាយ​មួយ​ថា មុននឹង​តែងតាំង​ត្រូវ​សួរថា អ្នកឯង​ចេះ​អាហ្នឹង​(Smartphone) អត់​? បើ​មិនចេះ​ទេ ឲ្យ​រៀន​ឲ្យ​ចេះ​សិន​មុន​តែងតាំង​»​។ សម្តេច ហ៊ុន សែន បញ្ជាក់​ដូច្នេះ នៅ​ថ្ងៃទី ១៥ ខែធ្នូ ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ថ្មី​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ហើយ សម្តេចក៏​បន្ត​ពន្យល់​ពី​គុណវិបត្តិ​មន្ត្រី​ដែល​មិនចេះ​ប្រើ​ស្មា​ត​ហ្វូ​ន ធ្វើការ​ងារ​យឺត​យ៉ាងនេះ​ថា​៖«​គេ​ធ្វើការ​តែ​ពីរ​នាទី ឯង​ធ្វើការ​ដល់​ទៅ​ពីរ​ថ្ងៃ​»​។

​សូម​ស្តាប់​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន​៖




​ជា​ញឹកញាប់​សម្តេច ហ៊ុន សែន តែងតែ​ប្រកាសថា រដ្ឋាភិបាល​របស់​សម្តេច​បច្ចុប្បន្ន គឺជា​រដ្ឋាភិបាល​អេឡិចត្រូនិក​ដែល​ហៅ​តាម​ភាសា​អង់គ្លេស​ថា E-government​។  E-government ពីព្រោះ សម្តេច​ផ្ទាល់​មាន Page Facebook ដែល​អាច​ឆ្លើយឆ្លង​ជាមួយ​ពលរដ្ឋ​ដោយផ្ទាល់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នាយករដ្ឋមន្ត្រី​ចាស់វស្សា​រូបនេះ ក៏​ធ្លាប់​ឲ្យ​មន្ត្រី​តាមដាន​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ជាពិសេស​តាមដាន​នូវ​រាល់​កង្វល់​របស់​ប្រជាជន​ដែល​បាន Comment  នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន ហើយ​ត្រូវ​ចាត់វិធានការ​ដោះស្រាយ​។

​សម្តេច ហ៊ុន សែន ក៏​តែង​និយាយ​ស្ទើរ​មិន​លុះ​ពេល​អំពី​ការតាមដាន​ព័ត៌មាន​ជាច្រើន​តាម​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​។ ពេលខ្លះ​សម្តេច មើល​ទូរ​សព្ទ​ក្នុងពេល​ប្រជុំ​ក៏មានដែរ​។ តែ​ប្រមុខ​រដ្ឋាភិបាល​រូបនេះ ថ្លែង​ការពារ​ថា នៅពេលដែល​ខ្លួន​មើល​ទូរ​សព្ទ គឺ​មើល​តែ​ព័ត៌មាន មិនមែន​លេង​តែ​ហ្វេ​ស​ប៊ុ​ក ដូច​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ខ្លះ​រិះគន់​សម្តេច​កន្លងមក​ឡើយ​៕


Tag:
 ​ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com