ជាតិ
អង្គការ​ភ្លែ​ន បន្ត​ផ្ដល់​អគារសិក្សា​ដល់​សាលារៀន​នៅ​ខេត្តរតនគិរី ដើម្បី​ជួយ​ទប់ស្កាត់​សិស្ស​បោះបង់​ការសិក្សា​នៅ​តំបន់​ដាច់ស្រយាល​
15, Dec 2016 , 9:19 pm        
រូបភាព
ដោយ:
រតនគិរី​៖ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា (Plan International) នៅ​ថ្ងៃទី​១២​ខែធ្នូ បាន​សម្ពោធ​អគារសិក្សា​មួយ​ខ្នង​មាន ៦​បន្ទប់ និង​អគារ​បណ្ណាល័យ​១​ខ្នង​មាន ២​បន្ទប់ នៅ​សាលាបឋមសិក្សា​លុង​ឃុ​ង ខេត្តរតនគិរី ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​ជួយ​លើកកម្ពស់​ការអប់រំ​នៅ​តំបន់​ជនបទ​ដាច់ស្រយាល​។



​សាលាបឋមសិក្សា​លុង​ឃុ​ង ស្ថិតនៅ​ភូមិ​លុង​ឃុ​ង ឃុំ​លុង​ឃុ​ង ស្រុក​បរ​កែវ ខេត្តរតនគិរី​។ សាលារៀន​នេះ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០០ និង​បានទទួល​សិស្ស​ចូលរៀន ដែល​សិស្ស​ភាគច្រើន​គឺជា​ជនជាតិដើម​ភាគតិច​ទំពួន​។ សាលារៀន​ជនបទ​ក្នុង​តំបន់ភ្នំ​មួយ​នេះ ជួប​បញ្ហា​ខ្វះខាត​បន្ទប់​សិក្សា​ជាខ្លាំង ដោយសារតែ​ចំនួន​សិស្ស​បាន​កើន​ជាត​ពីរដង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​។ នៅក្នុង​សិក្សា​ឆ្នាំ ២០១៥-២០១៦ សាលា​មួយ​នេះ​មាន​សិស្ស​កំពុង​សិក្សា​ចំនួន ៤១០ ក្នុងនោះ​សិស្សស្រី​មាន ២០៦​នាក់ បើ​ធៀប​នឹង​ពីរ​ឆ្នាំមុន គឺ​នៅក្នុង​ឆ្នាំ​សិក្សា​២០១៣-២០១៤ ចំនួន​សិស្ស​មានតែ ១៩៨ ដែល​សិស្សស្រី​មាន ១៤៥​នាក់​។​

​អង្គការ​ភ្លែ​ន​បាន​ជួយ​បំពេញ​ភាពខ្វះខាត​របស់​សាលារៀន​មួយ​នេះ​។ អង្គការ​ភ្លែ​ន និង​អង្គការ​ដៃគូ​របស់ខ្លួន បាន​ជួយ​កសាង​អគារសិក្សា​១​ខ្នង​, បណ្ណាល័យ​១​ខ្នង​, បង្គន់​អនាម័យ​១​ខ្នង និង​អណ្ដូង​ទឹកស្អាត​ចំនួន​១ ដែល​ចំណាយ​ថវិកា​សរុប​ជាង ១០​ម៉ឺន​ដុល្លារ​។​

​លោក ផែន ប៊ុនធឿន ប្រធាន​ប្រតិបត្តិ​កម្មវិធី​របស់​អង្គការ​ភ្លែ​ន​ប្រចាំ​ខេត្តរតនគិរី បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការផ្ដល់​អគារសិក្សា​ដល់​សហគមន៍​នៅ​ទីនោះ នឹង​ជួយ​ជំរុញ​សិស្ស​ឲ្យ​រៀន​បញ្ចប់​ថ្នាក់បឋមសិក្សា និង​បន្ត​ការសិក្សា​ទៅ​កម្រិត​អនុវិទ្យាល័យ​។ លោក​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​បើ​យើង​មិន​សាងសង់​អគារសិក្សា​ឲ្យ​ទេ  សិស្ស​អាច​បោះបង់​ការសិក្សា ព្រោះថា​ខ្វះ​បន្ទប់រៀន សិស្ស​ត្រូវ​ទៅ​រៀន​ឆ្ងាយ​ដល់​ទីរួមស្រុក ដូចនេះ​ពួកគាត់​នឹង​បោះបង់ចោល​»​។​

​អង្គការ​ភ្លែ​ន​បាន​ជួយ​លើ​កម្ពស់​ការអប់រំ​នៅ​ខេត្តរតនគិរី ចាប់តាំងពី​ឆ្នាំ​២០១១ ដោយ​អង្គ​ការផ្ដោត​សំខាន់​លើ​ការអប់រំ​កុមារ​តូច​។ មកទល់ពេលនេះ អង្គការ​ភ្លែ​ន​បានប្រគល់​អគារសិក្សា​ដែល​សាងសង់​រួច និង​កំពុង​សាងសង់​ចំនួន ៤២​អគារ ក្នុងនោះ​អគារ​ថ្មរ​មាន​៦​អគារ និង​ឈើ ៣៦​អគារ ដល់​សហគមន៍​នៅ​ខេត្តរតនគិរី ដែល​ទទួល​សិស្ស​ឲ្យ​ចូលរៀន​រាប់ពាន់នាក់​។ បើតាម លោក ប៊ុនធឿន ក្រៅពី​អគារសិក្សា អង្គការ​ភ្លែ​ន​បាន​ជួយ​ផ្នែក​សម្ភារ​រៀន និង​បង្រៀន​, ការពង្រឹង​សមត្ថភាព​គ្រូ​, អណ្ដូង​ទឹកស្អាត និង​ការណែនាំ​ដល់​ឳ​ពុក​ម្ដាយ​សិស្ស​អំពី​អាហារ​រូប​ត្ថ​ម​របស់​កុមារ​ជាដើម​។ លោក ផែន ប៊ុនធឿន អះអាងថា គម្រោង​ទាំងនេះ នឹង​ជួយ​លើកកម្ពស់​ការអប់រំរ​បស់​សិស្ស​នៅ​ខេត្ត​មួយ​នេះ​បាន​ច្រើន ពិសេស​ជួយ​ទប់ស្កាត់​ការបោះបង់​ការសិក្សា​រប​ស់​សិស្ស​ថ្នាក់បឋមសិក្សា​។​

​អត្រា​បោះបង់​ការសិក្សា​នៅ​កម្រិត​បឋមសិក្សា​នៅ​ខេត្តរតនគិរី​មាន​ចំនួន ១៥​ភាគរយ ក្នុងនោះ​ស្រី​មាន ១៣​ភាគរយ​។ នេះ​បើតាម លោកស្រី ចាន់ ខាំ​ឃឿ ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តរតនគិរី​។  លោកស្រី​ឲ្យ​ដឹងថា ការបោះបង់​ការសិក្សា​នៅ​ទីនោះ គឺ​បណ្ដា​លពី​កត្តា​វប្បធម៌​របស់​ជនជាតិ​ភាគតិច ដែល​ឆាប់​ឲ្យ​យុវតី​រៀប​អាពាហ៍ពិពាហ៍ និង​ការរស់នៅ​ឆ្ងាយ​ពី​សាលារៀន ព្រមទាំង​រក​ការងារ​ធ្វើ​របស់​សិស្ស​ដែលមាន​វ័យ​អាចធ្វើ​ការ​បាន​៕


Tag:
 អប់រំ​
  រតនគិរី​
  បរ​កែវ​
  អង្គការ Plan International
© រក្សាសិទ្ធិដោយ thmeythmey.com