ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ​ដាក់​ឲ្យ​ដេញថ្លៃ​ប្រាក់ ៤០​ពាន់​លាន​រៀល​លើក​ទី​៣
15, Dec 2016 , 10:59 pm        
រូបភាព
ដោយ:
​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ប្រកាស​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ចូលរួម​ដេញថ្លៃ​យក​សាច់​ប្រាក់រៀល ក្នុងចំណោម​ទឹកប្រាក់​សរុប ៤០​ពាន់​លាន​រៀល (​ប្រមាណ ១០​លាន​ដុល្លារ​) នៅ​ថ្ងៃទី​២០​ខែធ្នូ​។​នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់ NBC ។



​នេះ​ជាការ​ដេញថ្លៃ​លើក​ទី​៣ ហើយ​ក្នុង​ប្រតិបត្តិ​ការផ្ដល់​សន្ទនីយ​ភាព​ដោយមាន​ការធានា (LPCO) ។ LPCO គឺជា​ប្រតិបត្តិការ​ថ្មី​មួយ ដែល NBC ទើប​ដាក់​ឲ្យ​អនុវត្ត ដើម្បី​ជំរុញ​ការផ្ដល់​កម្ចី​ជា​ប្រាក់​ដល់​ពលរដ្ឋ ជាមួយ​អត្រា​ការប្រាក់​សមរម្យ​។ តាមរយៈ​ប្រតិបត្តិការ​នេះ NBC នឹង​ផ្ដល់​កម្ចី​ជា​ប្រាក់រៀល ជាមួយនឹង​អត្រា​ការប្រាក់ ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​ចូលរួម​ដេញថ្លៃ ដោយ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងនោះ ត្រូវដាក់​ឧក​រណ៍​ដែល​អាច​ជួញដូរ​បាន (NCD)  ជា​វត្ថុ​ធានា​។​

​ការដេញថ្លៃ​ប្រាក់រៀល​ទាំងបី​លើក​របស់ NBC មាន​ទឹកប្រាក់​ដូចគ្នា គឺ ៤០​ពាន់​លាន​រៀល​។ ការដេញថ្លៃ​លើក​ទី​១ ទទួលបាន​ទឹកប្រាក់​សរុប ១២​ពាន់​លាន​រៀល និង​លើក​ទី​២ ៨,៤ ពាន់​លាន​រៀល ជាមួយនឹង​អត្រា​ការប្រាក់ ៣​ភាគរយ​។ ការដេញថ្លៃ​ទាំងពីរ​លើក​មាន​គ្រឹះស្ថាន​ចំនួន​បី​ចូលរួម​។ ការដេញថ្លៃ​នេះ ប្រព្រឹត្ត​ទៅជា​រៀលរាល់​ខែ​៕


© រក្សាសិទ្ធិដោយ thmeythmey.com