អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំ​ផ្តាច់ការ Mugabe ឈរឈ្មោះ​ជាថ្មី​ឆ្នាំ ២០១៨ និង​រិះគន់​អ្នក​ចង់​ប្រជែង​តំណែង​លោក​
15, Dec 2016 , 11:30 pm        
រូបភាព
ដោយ: ថ្មីៗ
​មេដឹកនាំ​ផ្តាច់ការ​ស៊ីម​បា​វ៉េ​លោក Robert Mugabe នឹង​ឈរឈ្មោះ​ជាថ្មីទៀត​សម្រាប់​ការបោះឆ្នោត​ឆ្នាំ ២០១៨​។  គណបក្សកាន់អំណាច​ប្រកាស​បែបនេះ ក្រោយ​ដឹកនាំ​វ័យ​ជរា​ម្នាក់នេះ​ព្រលះ​សមាជិក​បក្ស​ណា​ដែល​ចង់​ជំនួស​កៅអី​លោក​ថែមទៀត​ក្នុងពេល​ផ្តល់​សុន្ទរកថា​ទៅកាន់​គណកម្មការ​អចិន្ត្រៃយ៍​បក្ស ZANU-PF​។​



​គណបក្សកាន់អំណាច ZANU-PF បានប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៥​ធ្នូ​នេះ​ថា មេដឹកនាំ​កាន់តំណែង​យូរ​ជាងគេ​បំផុត​មួយ​នៅ​អាហ្វ្រិក ឬ​និយាយ​ឲ្យ​ខ្លី​ថា​ប្រធានាធិបតី​មួយជីវិត​របស់​ប្រទេស​ស៊ីម​បា​វ៉េ  លោក Robert Mugabe នឹង​ឈរឈ្មោះ​ជាថ្មី​នៅ​ឆ្នាំ ២០១៨​ខាងមុខ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លេខាធិការ​ទទួលបន្ទុក​រដ្ឋបាល​គណបក្សកាន់អំណាច ZANU-PF លោក Ignatius Chombo បាន​បញ្ជាក់ថា​៖«​សមាជិក​បក្ស​ត្រៀម​គាំទ្រ​បេក្ខភាព​របស់លោក Mugabe ហើយ​។ លោក​នឹង​ទទួលបាន​ការគាំទ្រ​ជា​ផ្លូវការ​នៅ​ចុង​សប្តាហ៍​ក្នុង​សមាជ​បក្ស​ប្រ​ឆាំ​ឆ្នាំ​»​។​

​លោក​បាន​បន្ថែមថា សមាជិក​គណបក្សកាន់អំណាច​គាំទ្រ​លោក Mugabe មាន​វ័យ ៩២ ឆ្នាំ ព្រោះ​លោក​បាន​ដឹកនាំ​ប្រទេស​បានល្អ អា​ចប​ង្រួ​បង្រួម​ជាតិ និង​ប្រឹងប្រែង​ជម្នះ​បញ្ហា​សេដ្ឋកិច្ច​ដែល​ស៊ីម​បា​វ៉េ​ប្រឈម​កន្លងមក​។

​លោក Mugabe ត្រូវបាន​គេ​ចាត់ទុកថា​ជា​មេដឹកនាំ​ផ្តាច់ការ​ក្រាញ​អំណាច​នៅ​ស៊ីម​បា​វ៉េ​។ បច្ចុប្បន្ននេះ​លោក​ឈានចូល​វ័យ ៩២ ឆ្នាំ​ហើយ ហើយ​លោក​បាន​ដឹកនាំ​ប្រទេស​តាំងពី​ឆ្នាំ ១៩៨០ តាម​ការបោះឆ្នោត​ក្រោយ​ការទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស​និង​បញ្ចប់​ជម្លោះជាតិសាសន៍​ក្នុងប្រទេស​ជា​ផ្លូវការ​។ គេ​មិន​រំពឹងថា មេដឹកនាំ​ជរា​មួយ​នេះ​នឹង​ផ្ទេរអំណាច​ឆាប់ៗ​ឡើយ ទោះ​ស្ថានភាព​សុខភាព​របស់លោក​កាន់តែ​ខ្សោយ ខួរក្បាល​កាន់តែ​ស្ទក់ និង​មិនអាច​បំពេញការងារ​ដូច​ធម្មតា​បាន​ក៏ដោយ​។​

​កន្លងមក​លោក Mugabe ធ្លាប់​ប្រកាសថា លោក​នឹង​ដឹកនាំ​ប្រទេស​រហូតដល់​លោក​ស្លាប់ តែ​ក្រោយមក​លោក​អធិប្បាយ​ថា លោក​នឹង​ចូល​និវត្ត​បើសិនជា​គណបក្ស​ប្រាប់​លោក​ឲ្យ​ធ្វើបែបនេះ​។

​តាម​ការមើលឃើញ​ជាក់ស្តែង យុទ្ធសាស្ត្រ​ដែល​លោក Mugabe ប្រើប្រាស់​គឺ បំប៉ោង​និង​បំភ្លៃ​ស្ថានការណ៍​នយោបាយ ដើម្បី​ឲ្យ​ខ្លួនឯង​អាច​កាន់អំណាច​មួយជីវិត ហើយ​ធ្វើ​ឲ្យ​ប្រជាជន​ភ័យព្រួយ បើសិនជា​អស់ពី​លោក​នោះ​។

​ត្រឡប់មកវិញ មុន​មានការ​ប្រកាស​ពី​ការ​ឈរឈ្មោះ​ជាថ្មី​សម្រាប់​ការបោះឆ្នោត​នៅ​ឆ្នាំ ២០១៨​លោក Mugabe បាន​ថ្លែង​សុន្ទរកថា​ទៅកាន់​គណៈកម្មាធិការ​ក​ណ្តា​បក្ស​កាន់អំណាច ZANU-PF ថ្ងៃ​ពុធ​ទី ១៤ ខែធ្នូ​ម្សិលមិញ​នេះដែរ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ថា លោក​បាន​ឆ្លៀតឱកាស​រិះគន់​សមាជិក​បក្ស​ឯទៀត​ដែលមាន​មហិច្ឆតា​ចង់​ប្រជែង​តំណែង​លោក​នោះ​។​លោក​បញ្ជាក់ថា ការ​មាន​មហិច្ឆតា​ជា​រឿង​មួយ តែ​ការ​មាន​មហិច្ឆតា​ធំធេង​ពេក​មិនចេះ​គិត​នោះ​ជា​រឿង​គួរ​ឲ្យ​ខ្មាសអៀន​ជាទីបំផុត​។


Tag:
 Robert Mugabe
  ស៊ីម​បា​វ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com