ជាតិ
ព្រំដែន
នាយករដ្ឋមន្ត្រីកម្ពុជា វៀតណាម ប្តេជ្ញារកដំណោះស្រាយស្ថាពរលើបញ្ហាបន្ទាត់ព្រំដែនដែលនៅសេសសល់ រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុន សែន
× នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាមបានប្តេជ្ញារួមគ្នា ថានឹងស្វែងរកដំណោះស្រាយជាស្ថាពរនូវកំណាត់ខ្សែព្រំដែនដែលនៅសេសសល់។ ការងារកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំង២ សម្រេចបានជាង៨៣ភាគរយហើយ។
ក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម នៅថ្ងៃទី២០ ធ្នូ ភាគីទាំងពីរបានប្តេជ្ញារួមគ្នាថា នឹងស្វែងរកដំណោះស្រាយជាស្ថាពរ ចំពោះកំណាត់ខ្សែព្រំដែនដែលនៅសេសសល់។ ការងារកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំង២ ដែលគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក សម្រេចបានជាង៨៣ភាគរយហើយ។ នេះបើតាមការផ្សាយរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបានសរសេរដូច្នេះថា៖« ជាមួយនឹងសមិទ្ធផលដែលសម្រេចបាន ភាគីទាំងពីរបានប្តេជ្ញាថា នឹងស្វែងរកដំណោះស្រាយជាស្ថាពរនូវកំណាត់ខ្សែព្រំដែនដែលនៅសេសសល់ ដើម្បីបញ្ចប់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីកសាងបន្ទាប់ព្រំដែននៃសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព»។
ក្នុងជំនួបនេះ មេដឹកនាំទាំង២ ក៏បានគូសបញ្ជាក់ជាថ្មីអំពីការការគោរព និងការអនុវត្តឱ្យបានពេញលេញនូវសន្ធិសញ្ញាកំណត់ព្រំដែន និងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀតរវាងរដ្ឋទាំង២ ។ នេះបើតាមប្រភពដដែល។
សូមបញ្ជាក់ថា សមភាគីទាំង២ ក៏ធ្លាប់ជួបពិភាក្សាពីទាក់ទងនឹងការងារបោះបង្គោលបញ្ហាព្រំដែននេះដែរកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ នៅខេត្តសៀមរាប ក្នុងឱកាសនៃកិច្ចប្រជុំCLVលើកទី៩ ។ ពេលនោះសម្ដេច ហ៊ុន សែន បានបង្គាប់ឲ្យលោក ឡុង វីសាឡូ រដ្ឋលេខាធិការក្រសួង ការបរទេសកម្ពុជា ព្រាងឯកសារច្បាប់ជាមួយភាគីវៀតណាម ដើម្បីរៀបចំលិខិតស្នាមផ្លូវការស្នើទៅបារាំង ផ្តល់ជំនួយបច្ចេកទេសមកជួយរៀបចំផែនទីផ្ទេរពីខ្នាត១លើ១០០ពាន់ មកខ្នាត១លើ៥០ពាន់វិញ។ ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រីមិនបានបញ្ជាក់ហេតុផលនៅពីក្រោយគោលបំណងបំលែងផែនទីពីខ្នាត១លើ១០០ពាន់ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ទៅប្រើខ្នាត១លើ ៥០ពាន់វិញ ទេ។ បំណងបំលែងខ្នាតផែនទីនេះ ក៏ទទួលបានការសាទរពី ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដោយសារក្តីក្តាំមួយចំនួន រួមនឹងរឿងព្រំដែននេះដែរ។
ព្រោះតែបញ្ហាផែនទីព្រំដែនកម្ពុជា-វៀតណាមនេះដែរ សមាជិកព្រឹទ្ធសភាបក្សសម រង្ស៊ី លោក ហុង សុខហ៊ួរ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំ
ពីបទ «ក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ» ។
ក្រៅពីបញ្ហាព្រំដែន ភាគីទាំងពីក៏ពិភាក្សាគ្នាពីការទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងធ្វើជាសាក្សីក្នុងពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗចំនួន៣ រួមមាន៖ ទី១ សន្ធិសញ្ញាស្តីពីជំនួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ ទី២ សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត ចុះហត្ថលេខារវាងលោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក ឡេ មិញជី អគ្គរដ្ឋអាជ្ញាប្រជាជនកំពូលវៀតណាម និងទី៣ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងធម្មការ និងសាសនា ប្រទេសកម្ពុជា និងគណៈកម្មាធិការជនជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចុះហត្ថលេខារវាងលោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក ជុង វ៉ាន់ចៀន រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជនជាតិវៀតណាម៕
Tag:
ព្រំដែន
ហ៊ុន សែន
ង្វៀន សួនហ្វ៊ុក
សម រង្សី
ផែនទី
© រក្សាសិទ្ធិដោយ thmeythmey.com