អន្តរជាតិ
ត្រាំ អាច​បំផ្លាញ​សន្តិភាព​មជ្ឈិមបូព៌ា ដោយ​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​មរ​បស់​អ៊ីស្រាអែល
21, Dec 2016 , 7:39 pm        
រូបភាព
​ការប្តូរ​ស្ថានទូត​អាមេរិក​ពី​ក្រុង Tel Aviv ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម (Jerusalem) ជា​អ្វីដែល​លោក ដូ​ណា​ល់ ត្រាំ បាន​សន្យា​មុនពេល​ដែល​លោក​ជាប់ឆ្នោត ព្រោះ​លោក​ជឿជាក់ថា​វា​ជា​រឿង​អាទិភាព​។ ពេលនេះ​ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំ​អាមេរិក​បាន​រំលឹក​លោក ដូ​ណា​ល់ ត្រាំ ជាថ្មី​និង​ទទូច​សុំ​ឲ្យ​អាមេរិក​ផ្លាស់ប្តូរ​ទីតាំង​ស្ថានទូត​នេះ ដោយ​លើក​ហេតុផល​ថា​ដើម្បី​បង្កើត​សន្តិភាព​។  ប៉ុន្តែ​ជាក់ស្តែង ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​ទៅ​ហ្ស៊េ​រុយ​សា​ឡិ​ម​នឹង​ក្លាយជា​រឿងចម្រូងចម្រាស​និង​អាច​ឈានដល់​បំផ្លាញ​ដំណើរ​កសាង​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ផង​។ ហ្ស៊េ​រុយ​សា​ឡិ​ម ជាទី​តាំង​ស្នូល​នៃ​ការចរចា​គ្នា​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​។​



​សូម​ស្តា​ប់លោក សៅ ផល​និស្ស័យ​៖




​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក ដូ​ណា​ល់​ត្រាំ បាន​អះអាង​យ៉ាងច្បាស់​ក្នុងពេល​ឃោសនាបោះឆ្នោត​កន្លងមក​ថា នៅពេលដែល​លោក​ឡើងកាន់តំណែង លោក​នឹង​ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​ពី​ទីក្រុង Tel Aviv ទៅកាន់​ទីក្រុង​ពិសិដ្ឋ និង​ចម្រូងចម្រាស​បំផុត​លើ​ពិភពលោក ហ្ស៊េ​រុយ​សា​ឡិ​ម​។ លោក​ថែមទាំង​អះអាងថា ហ្ស៊េ​រុយ​សា​ឡិ​ម​ជាទី​ក្រុង​មិនអាច​បំបែក​បាន​របស់​អ៊ីស្រាអែល​ថែមទៀត ហើយ​លោក​ក៏​ទទួលស្គាល់ថា វា​ជំហាន​ទៅរក​សន្តិភាព​។

​ដើម្បី​បង្ហាញ​ពី​ភាពស្និទ្ធស្នាល​ជាមួយ​អ៊ីស្រាអែល លោក  ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល  បេន​ចា​មិន ណេ​តាន់ យ៉ា​ហ៊ូ (Benjamin Netanyahu)  ពីរដង​។ លើកទីមួយ​លោក ណេ​តាន់ យ៉ា​ហ៊ូ ជួប​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ចុងឆ្នាំ ២០១៥ នៅពេលដែល​លោក​នៅ​ជា​បេក្ខជន​នាំមុខគេ​នៃ​គណបក្ស​សាធារណរដ្ឋ​។ ហើយ​លើក​ទី​ពីរ​នៅ​ខែកញ្ញា​ឆ្នាំ ២០១៦ នៅពេលដែល​លោក ដូ​ណា​ល់ ត្រាំ ក្លាយជា​បេក្ខជន​តំណាង​បក្ស​ជា​ផ្លូវការ​។​

​ហើយ​ក្រោយ​ជាប់ឆ្នោត​ភ្លាមៗ​លោក ដូ​ណា​ល់ ត្រាំ បានចេញ​លិខិត​អញ្ជើញលោក ណេ​តាន់​យ៉ា​ហ៊ូ មក​បំពេញ​ទស្សនកិច្ច​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​សម្ព័ន្ធភាព​ដែលមាន​ស្រាប់​ផងដែរ​។​

​ទោះជា​យ៉ាងណាក្តី គេ​មិនដឹងថា លោក ដូ​ណា​ល់ ត្រាំ នឹង​រក្សា​សម្តី​របស់ខ្លួន​បាន​កម្រិតណា​ឡើយ នៅពេល​លោក​ស្បថ​ចូលកាន់​តំណែង​។ ប៉ុន្តែ​គេ​មើលឃើញ​រួចទៅហើយ​ថា គោលនយោបាយ​ការបរទេស​លោក ដូ​ណា​ល់ ត្រាំ ចំពោះ​ជម្លោះ​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស៊ី ជា​គោលនយោបាយ​គ្រោះថ្នាក់​។ វា​មិន​ត្រឹមតែ​មិន​ជួយ​ស្រោចស្រង់​បញ្ហា​ទេ តែ​វា​នឹង​បំផ្លាញ​ផ្លូវ​ទៅរក​សន្តិភាព​ទៀត​។

១.​ទូត​អ៊ីស្រាអែល​ទទូច​ឲ្យ​រដ្ឋបាល ត្រាំ ប្តូរ​ទីតាំង​ស្ថានទូត​ទៅ​ហ្ស៊េ​រុយ​សា​ឡិ​ម​
​មកដល់​ថ្ងៃ​អង្គារ​ទី ២០ ធ្នូ​នេះ ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំ​សហរដ្ឋអាមេរិក​លោក Ron Dermer បាន​ទទូច​សុំ​ឲ្យ​រដ្ឋបាល​អាមេរិក​ផ្លាស់ប្តូរ​ស្ថានទូត​ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​។​ថ្លែង​ក្នុង​ស្ថានទូត​អ៊ីស្រាអែល​នៅ​ក្រុង​វ៉ាស៊ីនតោន លោក Ron Dermer បាន​សង្កត់ធ្ងន់ថា ការប្តូរ​ស្ថានទូត​នេះ​ជា​ជំហាន​មួយ​ឆ្ពោះទៅ​បង្កើត​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល​ផង​។​

​ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ខាងលើ​ក៏បាន​និយាយ​លេង​ផងដែរ​ថា អ៊ីស្រាអែល​ប្រហែលជា​ត្រូវ​ប្តូរ​ទី​តាំងពី​ក្រុង​វ៉ាស៊ីនតោន ទៅ​ក្រុង​ញូវយ៉ក​វិញ បើសិនជា​អាមេរិក​មិន​ព្រមទៅ​តាំង​ទូត​នៅ​ហ្ស៊េ​រ៉ូ​សា​ឡិ​ម​តាម​ការសន្យា​។​

​មន្ត្រី​ទូត​អ៊ីស្រាអែល​លើកឡើង​ដូច្នេះ ដើម្បី​រំលឹក​លោក ដូ​ណា​ល់ ត្រាំ ដែល​កំពុង​មរ​មា​ញឹក​រៀបចំ​គណរដ្ឋមន្ត្រីរ​បស់​ខ្លួន​នោះ​។ អ៊ីស្រាអែល​សប្បាយចិត្ត ពេលលឺ​លោក ដូ​ណា​ល់ ត្រាំ សន្យាថា នឹង​ប្តូរ​ទីតាំង​ស្ថានទូត ហើយក៏​ចង់ឃើញ​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ អនុវត្តតាម​ការសន្យា​របស់ខ្លួន​ដែរ​។ គេ​រំពឹង​ខ្ពស់​ថា លោក ដូ​ណា​ល់ ត្រាំ នឹង​ធ្វើតាម​ការសន្យា ព្រោះ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​កាលពី​ថ្មីៗ​នេះ ក្រុម​អន្តរកាល​លោក ដូ​ណា​ល់ ត្រាំ ជ្រើសរើស លោក David Friedman ជា​អ្នកនយោបាយ​មាន​និន្នាការ​លម្អៀង​ទៅរក​អ៊ីស្រាអែល​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ៊ីស្រាអែល​ផងដែរ​។

២.​ហ្ស៊េ​រុយ​សា​ឡិ​ម ជា​សំណុំរឿង​ចម្រូងចម្រាស​នៃ​ការចរចា​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​

​ក្រៅពី​ភាព​ពិសិដ្ឋ ហ្ស៊េ​រុយ​សា​ឡិ​ម​ជាទី​ក្រុង​មួយ​ដ៏​ចម្រូងចម្រាស​ដែល​គេ​មិនទាន់​កំណត់​ដាច់ស្រេច​ថា​ជា​របស់​ភាគី​ណា ទោះជា​វា​ស្ថិតក្រោម​ការកាន់កាប់រ​បស់​អ៊ីស្រាអែល​ក៏ដោយ​។ ហើយ​វា​ក៏​ជា​ចំណុច​ស្នូល​នៃ​ការចរចា​សន្តិភាពរ​វា​ង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ដែរ​។

​តាមពិតទៅ អ៊ីស្រាអែល បាន​វាយ​ដណ្តើម​កាន់កាប់​តំបន់​នៅ​ភាគ​ខាងកើត​ហ្ស៊េ​រុយ​សា​ឡិ​ម​នៅក្នុង​សង្គ្រាម ៦​ថ្ងៃ រវាង​អារ៉ាប់​-​អ៊ីស្រាអែល​នៅក្នុង​ឆ្នាំ ១៩៦៧​។ ហើយ​អាជ្ញាធរ​អ៊ីស្រាអែល​ក៏បាន​ភ្ជាប់​ទឹកដី​នេះ​និង​ដាក់បញ្ចូល​ក្នុង​ឧបសម្ព័ន្ធ​របស់ខ្លួន​ដោយ​បង្រួបបង្រួម​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ទាំងមូល​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ១៩៨០ តែម្តង​។ ចាប់ពីពេលនោះ​មក ទឹកដី ហ្ស៊េ​រុយ​សា​ឡិ​ម​ស្ថិតក្រោម​ការកាន់កាប់រ​បស់​អ៊ីស្រាអែល​។

​ប៉ុន្តែ​ទោះជា​បែបនេះ​ក្តី សហរដ្ឋអាមេរិក និង​សមាជិក​ភាគច្រើន​នៃ​អង្គការសហប្រជាជាតិ​មិនបាន​ទទួលស្គាល់​សកម្ម​ភាព​របស់​អ៊ីស្រាអែល​នៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ឡើយ​។ គេ​ចាត់ទុកថា​ការកំណត់​លក្ខន្តិក​នៃ​ទឹកដី​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​ចំណុច​ស្នូល​មួយ​ក្នុងការ​ដោះស្រាយ​ជម្លោះ​រវាង​អ៊ីស្រាអែល​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​ផង​។​

​មិនមាន​ប្រទេស​ណា​ដាក់​ស្ថានទូត​នៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ឡើយ ដោយសារតែ​គេ​មិនទាន់​កំណត់​ដាច់ស្រេច​ពី​អ្នកមាន​សិទ្ធិ​កាន់កាប់​។ គេ​ដាក់​ស្ថានទូត​នៅ​នៅ​ទីក្រុង Tel Aviv តែ​អាមេរិក​និង​ប្រទេស​ជាច្រើន​ផ្សេងទៀត​នៅ​ដាក់​ស្ថាន​កុងស៊ុល​នៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​វិញ​។

​ត្រឡប់មកវិញ នៅ​អាមេរិក សមាជិកសភា​ច្រើន​ដែរ​ដែល​បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការផ្លាស់ប្តូរ​ស្ថានទូត​ពី​ទីក្រុង Tel Aviv ទៅ​ហ្ស៊េ​រុយ​សា​ឡិ​ម ដោយ​ទទួលស្គាល់​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​ផ្នែក​មួយ​របស់​អ៊ីស្រាអែល​។ ដូច​ឃើញស្រាប់​នៅ​ឆ្នាំ ១៩៩៥ សភា​អាមេរិក​បាន​បោះឆ្នោត​អនុម័ត​ច្បាប់​មួយ​ដែល​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​ជា​ផ្លូវការ និង​ឧបត្ថម្ភ​ថវិកា​សម្រាប់​ការប្តូរ​ទីតាំង​ស្ថានទូត​ពី​ទីក្រុង Tel Aviv ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​វិញ​។​

​ប៉ុន្តែ​ទាំង​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យ​មិនបាន​អនុវត្ត​ច្បាប់​នេះឡើយ ដោយសារ​វា​រំលោភ​លើ​អំណាច​ប្រតិបត្តិ​ពាក់ព័ន្ធ​ការអនុវត្ត​គោលនយោបាយ​ការបរទេស​។ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែលជា​អ្នកនយោបាយ​ម្នាក់​ដែល​ខ្វាយខ្វល់​ខ្លាំង​រឿង​ដោះស្រាយ​បញ្ហា​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ដោយ​ជំរុញ​ឲ្យ​មានការ​អនុវត្ត​ដំណោះស្រាយ​រដ្ឋ​ពីរ (Two State Solution) បដិសេធ​ដាច់ខាត​ចុះហត្ថលេខា​លើ​ច្បាប់​នេះ​។​

៣. នយោបាយ​ការទូត ដូ​ណា​ល់ ត្រាំ អាច​បំផ្លាញ​សន្តិភាព​នៅ​មជ្ឈិមបូព៌ា​
​ជម្លោះ​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ជា​ជំងឺ​រ៉ាំរ៉ៃ​របស់​តំបន់​មជ្ឈិមបូព៌ា ដែល​ពិបាក​រក​ថ្នាំ​ព្យាបាល​បំផុត​។  អាមេរិក​និង​សហគមន៍​អន្តរជាតិ​ទាំងមូល​សុទ្ធតែ​ក្រពុលមុខ ព្រោះ​មិនដឹង​ត្រូវ​ជួយ​បញ្ចប់​បញ្ហា​នេះ​ដោយ​របៀប​ណា​។ ដំណើរ​ការចរចា​សន្តិ​ភាព​ដែល​គេ​ជ្រោមជ្រែង​កន្លងមក​នោះ​ជាប់គាំង ខណៈដែល​នយោបាយ​ការបរទេស​របស់​រដ្ឋ​បាល​ក្រុង​វ៉ាស៊ីនតោន​កាន់តែ​មិន​ច្បាស់លាស់​នោះ​។​

​អ្វីដែល​ច្បាស់លាស់​គឺ​ការ​រឹតបន្តឹង​សម្ព័ន្ធភាព​រវាង​អ៊ីស្រាអែល​និង​អាមេរិក ពេល​ដូ​ណា​ល់ ត្រាំ ក្លាយជា​ប្រធានាធិបតី ហើយ​វា​មាន​ភាគរយ​ច្រើន​បំផុត​ដែល​ការប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​នៅ​អ៊ីស្រាអែល​កើតឡើង​។ ប៉ុន្តែ​ដូច​បានបញ្ជាក់​ខាងដើម​ស្រាប់ លោក ដូ​ណា​ល់ ត្រាំ កំពុង​ព្យាយាម​បំផ្លាញ​ផ្លូវ​ឆ្ពោះទៅរក​សន្តិភាព​នៅពេល​នេះ​។

 យោងតាម​សារព័ត៌មាន Time of Israel អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​ត្រៀមខ្លួន​បញ្ចប់​ការទទួលស្គាល់​រដ្ឋ​អ៊ីស្រាអែល បើសិនជា ដូ​ណា​ល់ ត្រាំ ប្តូរ​ទីតាំង​ស្ថានទូត​ទៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​មមែ​ន​។ បញ្ចប់​ការទទួលស្គាល់​អ៊ីស្រាអែល​មានន័យថា ប៉ា​ឡេ​ស្ទី​ន​មិន​រើសយក​ការចរចា​ទៀតឡើយ ហើយ  ដំណោះស្រាយ​រដ្ឋ​ពីរ​ដែល​អាមេរិក​និង​សហគមន៍​អន្តរជាតិ​ជ្រោមជ្រែង​នោះ​នឹង​ក្លាយជា​សម្រាម​។​

​អ្នកចរចា​របស់​អាជ្ញា​ធរ​ប៉ា​ឡេ​ស្ទី​ន Saeb Erekat ជឿជាក់ថា សុបិន​ដែល​គេ​សន្សំ​រាប់​ទសវត្សរ៍​ក្នុងការ​បញ្ចប់​ជម្លោះ​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​រលាយ​អស់​ទៅ​ដែរ​។ តែ​លោក​បាន​ដង្ហោយ​សុំ​ឲ្យ​មេដឹកនាំ​អាមេរិក​ថ្មី​ទទួលស្គាល់ថា ការកាន់កាប់​ទឹកដី​ភាគ​ខាងកើត​នៃ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រឿង​ខុសច្បាប់​និង​ទុក​វា​ជា​មោ​ឃៈ​។ អាមេរិក​ត្រូវ​ជួយ​ជ្រោមជ្រែង​ការ​ឈានទៅ​បង្កើត​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន ដែល​ឈរលើ​បន្ទាត់​ព្រំដែន​ឆ្នាំ ១៩៦៧ ដែល​ប៉ា​ឡេ​ស្ទី​ន​ត្រូវ​រស់នៅ​ទន្ទឹម​អ៊ីស្រាអែល​ក្នុងនាម​ជា​មិត្ត​ជិតខាង​ដោយ​សន្តិ​សហ​វិជ្ជមាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com