អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌា នឹង​វ៉ា​ដាច់​អតីត​ម្ចាស់​អាណានិគម​អង់គ្លេស​ដោយ​ក្លាយ​មហាអំណាច​សេដ្ឋកិច្ច​ទី​៦
23, Dec 2016 , 8:19 am        
រូបភាព
 
​អ្នកវិភាគ​សេដ្ឋកិច្ច​បាន​វាយតម្លៃថា​ឥណ្ឌា​នឹង​ដណ្តើម​តំណែង​អង់គ្លេស​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​លេខ ៦​លើ​ពិភពលោក​នៅ​ឆ្នាំ ២០២០​ខាងមុខ​។ ជា​រឿង​អាម៉ាស​មួយ​ដែល​សម្រាប់​អង់គ្លេស​ដែល​ធ្លាប់ជា​អតីត​ម្ចាស់​អាណានិគម​ឥណ្ឌា បែរ​ត្រូវ​ឥណ្ឌា​វ៉ា​ដាច់​រឿង​សេដ្ឋកិច្ច​ទៅវិញ​។ ប៉ុន្តែ វា​ជា​រឿង​សម​ហេតុផល ព្រោះ​វា​ជា​ផ្នែក​មួយ​ដែល​បង្ហាញ​ពី​ផល​អវិជ្ជមាន​ដែល​បណ្តាលមកពី​ការចង់​ដើរ​ចេញពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​នោះ​។  


​របាយការណ៍​ទស្សនា​វ​ដ្តី Forbes បាន​វាយតម្លៃថា មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា​នឹង​ជំនួស​តំណែង​អង់គ្លេស​ដោយ​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ទី​៦​របស់​ពិភពលោក​ជា​លើកដំបូង​បំផុត​ក្នុង​រយៈពេល​ជាង ១០០​ឆ្នាំ ។ វា​ជា​ព័ត៌មាន​ល្អ​មួយ​សម្រាប់​ឥណ្ឌា  ហើយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឥណ្ឌា​ចាត់ទុក​វា​ជាការ​លោត​ផ្លោះ​មួយ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់​ឥណ្ឌា​។  ​នេះ​បានន័យថា​ថា ឥណ្ឌា​នឹង​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​មួយ​ឈរ​ពីក្រោយ​អាមេរិក​,​ចិន​, ជប៉ុន​,​អាល្លឺម៉ង់ និង​បារាំង​។ 
 
​តាមពិតទៅ ការឈាន​ឆ្ពោះទៅ​ដណ្តើម​តំណែង​អង់គ្លេស​ជា​មហាអំណាច​សេដ្ឋកិច្ច​លេខ​រៀង​ទី ៦​នេះ កើតឡើង​ដោយសារ​ការរីកលូតលាស់​រហ័ស​នៃ​សេដ្ឋកិច្ច​ឥណ្ឌា​ក្នុង​រយៈពេល ២៥​ឆ្នាំ​ចុង​ក្រោយនេះ​។ កាលពី​ខែកុម្ភៈ​ឥណ្ឌា​វ៉ា​ដាច់​ចិន ដោយ​ក្លាយជា​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ដាច់​គេ​លើ​លោក​។​
 
 ហើយ​យោងតាម​ទស្សនា​វ​ដ្តី Forbes សេដ្ឋកិច្ច​ឥណ្ឌា​នឹង​បន្ត​លូតលាស់​ក្នុង​ក​ម្រិ ៦ ទៅ ៨​ភាគរយ​ក្នុង​មួយឆ្នាំ​រាប់​ចាប់ពី​ឆ្នាំក្រោយ ប៉ុន្តែ​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​ឥណ្ឌា​ឆ្នាំ ២០១៧ អាច​ស្ថិតនៅ​កម្រិត ៧,៦​ភាគរយ​។​
 
​ចាប់ពី​ឆ្នាំ ២០១៤ រដ្ឋាភិបាល​ថ្មី​របស់លោក នា​រិ​ន្ទ្រា ម៉ូ​ឌី (Narendra Modi) ព្យាយាម​កំណែទម្រង់​ទីផ្សារ ដែល​វា​ជា​កម្លាំងចលករ​មួយ​សំខាន់​មួយ​ដែល​ជួយ​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ឥណ្ឌា​លូតលាស់​បានល្អ​និង​រហ័ស​នោះ​។ 
 
​ចំណែក​អង់គ្លេស​ឯណោះ​វិញ ប្រឈម​បញ្ហា​ច្រើន​ក្នុង​រយៈពេល​ចុងក្រោយ ចាប់ពី​ពេល​ប្រជាជន​អង់គ្លេស​បោះឆ្នោត​ប្រជាមតិ​ចាក​ចេញពី​សហភាព​អឺរ៉ុប​កាលពី​ខែមិថុនា​កន្លងមកនេះ​។ តម្លៃ​លុយ​ផោន​របស់​អង់គ្លេស​ធ្លាក់​ថ្លៃ ២០​ភាគរយ រាប់​ចាប់ពី​ប្រជាមតិ​(Brexit) ហើយ​បើ​ក្រឡេកមើល​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​វិញ​នោះ អង់គ្លេស​ស្គាល់​កំណើន​ច្រើន​បំផុត​ចន្លោះ​ពី ១​ទៅ​២​ភាគរយ​ប៉ុណ្ណោះ​។ 
 
​ហើយ​គេ​ព្យាករណ៍​ផងដែរ​ថា កំណើនសេដ្ឋកិច្ច​ក្នុង​កម្រិត​ទាប​នេះ​នឹង​បន្តទៅ​រហូតដល់ ឆ្នាំ ២០២០ ដែល​នេះ​គេ​មិនទាន់​ទាំង​រាប់​ពី​ផល​អវិជ្ជមាន​ផ្សេងទៀត​ដែល​អង់គ្លេស​នឹង​ប្រឈម​ក្រោយ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​នៅពេល​ខាងមុខ​៕

Tag:
 ឥណ្ឌា​
  អង់គ្លេស​
  នា​រិ​ន្ទ្រា ម៉ូ​ឌី
© រក្សាសិទ្ធិដោយ thmeythmey.com