អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សេ​ណេ​ហ្កា​ល់​ត្រៀមទ័ព​ទម្លាក់​មេដឹកនាំ​ផ្តាច់ការ​ហ្កំ​ប៊ី Jammeh បើ​នៅ​បន្ត​ក្រាញ​អំណាច
23, Dec 2016 , 6:02 pm        
រូបភាព
​​មន្ត្រីជាន់ខ្ពស់​ក្រុម​សហគមន៍​សេដ្ឋកិច្ច​ប្រទេស​អាហ្វ្រិក​ខាងលិច (ECOWAS) បាន​អះអាងថា សេណា​ហ្កា​ល់​នឹង​ដឹកនាំ​កងទ័ព​អាហ្វ្រិក​ចូល​អន្តរាគមន៍​ទម្លាក់​ប្រធានាធិបតី ហ្កំ​ប៊ី​ដែល​ចាញ់ឆ្នោត លោក Yahya Jammeh បើសិន​មេដឹកនាំ​ម្នាក់នេះ​បន្ត​ក្រាញ​អំណាច​។ ឱសានវាត​សម្រាប់ Jammeh ក្នុង​ការប្រគល់អំណាច​គឺ​ថ្ងៃ ១៩ មករា​ឆ្នាំក្រោយ​។ 


​ប្រធាន​គណៈកម្មការ​ស​ហគ​មន៍​សេដ្ឋកិច្ច​អាហ្វ្រិក​ខាងលិច Marcel Alain de Souza បាន​អះអាងថា​ប្រាប់​អ្នកសារព័ត៌មាន​ថា កងទ័ព​សេ​ណេ​ហ្កា​ល់ ត្រៀមខ្លួន​ចូល​អន្តរាគមន៍​ក្នុង​ទឹកដី ហ្កំ​ប៊ី​ដើម្បី​ទម្លាក់​ប្រធានាធិបតី​ចាញ់ឆ្នោត Yahya Jammeh  បើសិនជា​ការចរចារ​បស់​អាហ្វ្រិក​ខាងលិច​ជាមួយ​ប្រធាន​ធិបតី​រូប​ហ្កំ​ប៊ី ពាក់ព័ន្ធ​រឿង​ផ្ទេរអំណាច​បរាជ័យ​នោះ​។
 
​សារព័ត៌មាន​អង់គ្លេស BBC បាន​ស្រង់​សម្តី​មន្ត្រីជាន់ខ្ពស់​ខាងលើ​ដូច្នេះ​ថា​៖«​កងទ័ព​ស្ថិតក្នុង​ស្ថានភាព​ប្រុង​ជើងការ ហើយ​ពួកគេ​នឹងត្រូវ​បញ្ជូនទៅ​អន្តរាគមន៍​នៅ​ហ្កំ​ប៊ី​ក្នុងករណី​ដែល​ក្រុម​សន្ធាន​ការី​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា​លោក Muhammadu Buhari បរាជ័យ​ក្នុង​ការជំរុញ​ឲ្យ​លោក Jammeh ចុះ​ចេញពី​តំណែង​»​។ 
 
​លោក​បន្ត​ពន្យល់ថា វា​មិនមែន​មានន័យថា សហគមន៍​សេដ្ឋកិច្ច​អាហ្វ្រិក​ខាងលិច​មិន​ទុក​ច្រក​ឲ្យ លោក Jammeh ដើរ​ឡើយ​។  ប៉ុន្តែ​អាហ្វ្រិក​ខាងលិច​ចង់​បញ្ជាក់ថា បើសិនជា​លោក Jammeh ស្រលាញ់​ប្រជាជន​មែន លោក​គួរ​ចរចា​រក​ផ្លូវ​ដើរ​និង​ផ្ទេរអំណាច​ដោយ​ថ្លៃថ្នូរ​។ 
 
«​ជាធម្មតា​ទេ បើសិនជា​ការផ្ទេរអំណាច​ដោយ​សន្តិវិធី​មិនកើត​ឡើង វិធានការ​ចុងក្រោយ​និង​តឹងរ៉ឹង​បំផុត​មួយ​នឹងត្រូវ​ប្រើប្រាស់​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក  de Souza ។​
 
​ជារួម មេដឹកនាំ​ផ្តាច់ការ Jammeh ដែល​កាន់តំណែង ២២​ឆ្នាំ​មកហើយ​នោះ​មាន​ពេលវេលា​ដល់​ត្រឹម​ថ្ងៃ ១៩ មករា ដើម្បី​រៀបចំ​ផ្ទេរអំណាច​ឲ្យ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក Adama Barrow​។ បើ​នៅតែ​មានះ​ទៀត កងទ័ព​អាហ្វ្រិក​ខាងលិច​នឹង​ទៅ​ទម្លាក់​លោក Jammeh ដល់​វិមាន​ប្រធានាធិបតី ហើយ​លទ្ធផល​ដែល​លោក​អាច​ទទួលបាន​វា​នឹង​អាក្រក់​ជា​ដើរចេញ​ដោយ​ខ្លួនឯង​។
 
​កាលពី​សប្តាហ៍​មុន មេដឹកនាំ​អាហ្វ្រិក​ខាងលិច បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​ដាក់​សម្ពាធ​ជាថ្មី​លើ​មេដឹកនាំ​ផ្តាច់ការ​ក្រាញ​អំណាច​ហ្កំ​ប៊ី​លោក Yahya Jammeh ដែល​បដិសេធ​លទ្ធផល​បោះឆ្នោត​នោះ​។ សេចក្តីថ្លែងការណ៍​នោះ​បញ្ជាក់ថា រដ្ឋ​អាហ្វ្រិក​ខាងលិច​នឹង​ការពារ​ប្រធានាធិបតី​ថ្មី​លោក  Adama Barrow ក៏ដូចជា​ទៅ​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​នៅ​ដើម​ឆ្នាំក្រោយ​ផងដែរ​។​
​សេចក្តីថ្លែងការណ៍​នេះ​ត្រូវបាន​គេ​ដាក់ចេញ ក្នុង​កិច្ចប្រជុំ​កំពូល​សហគមន៍​សេដ្ឋកិច្ច​ប្រទេស​អាហ្វ្រិក​ខាងលិច នៅ​រដ្ឋធានី Abuja នៃ​ប្រទេស​នី​ហ្ស​រី​យ៉ា ដែល​កិច្ចប្រជុំ​នេះ​មាន​ប្រធានាធិបតី​មកពី​ប្រទេស​ចំនួន ១១ តែ​លោក Jammeh មិន​ទៅ​ចូលរួម​ប្រជុំ​ឡើយ​។​
 
​សូមបញ្ជាក់ លោក Jammedh ជា​មេដឹកនាំ​ផ្តាច់​ការដែល​កាន់តំណែង​អស់​ពេល ២២​ឆ្នាំ​មកហើយ​។ លោក​បាន​ចាញ់ឆ្នោត​កាលពី​ថ្ងៃ ១​ខែធ្នូ​កន្លងទៅ​។ ក្រោយ​ដឹង​លទ្ធផល លោក​បាន​ចេញមុខ​ទទួលស្គាល់​បរាជ័យ​រប​ស់​ខ្លួន​នៅតាម​វិទ្យុ​រដ្ឋ ដោយ​លោក​អះអាងថា លោក​ទទួលយក​ការសម្រេចចិត្ត​របស់​ប្រជាជន​ហ្កំ​ប៊ី​ដែល​ចង់​ឲ្យ​លោក​ចាក​ចេញពី​តំណែង​។ លោក​បញ្ជាក់ថា លោក​មិន​តវ៉ា​រឿង​លទ្ធផល​ទេ ហើយ​លោក​នឹង​ចាក​ចេញទៅ​រស់នៅ​ចម្ការ​សាង​ជីវភាព​ថ្មី​វិញ ក្រោយ​ផ្ទេរអំណាច​ខែមករា​ខាងមុខនេះ​។ ប៉ុន្តែ​មួយ​សប្តាហ៍​ក្រោយមក មេដឹកនាំ​រូបនេះ​បាន​ក្រឡាស់សម្តី​ភ្លាម​ដោយ​លុបចោល​លទ្ធផល​បោះឆ្នោត និង​ទាមទារ​បោះឆ្នោត​ជាថ្មី​៕
 
 

Tag:
 Yayah Jammeh
  Adama Barrow
  Mohammed Ibn Chambas
  UN
© រក្សាសិទ្ធិដោយ thmeythmey.com