អន្តរជាតិ
អ៊ីស្រាអែល​ព្រលះ​អូ​បា​ម៉ា ដែល​មិន​ជំទាស់​ដំណោះស្រាយ UN លើ​បញ្ហា​ប៉ា​ឡេ​ស្ទី​ន​
24, Dec 2016 , 3:52 pm        
រូបភាព
ជំនួប​កន្លងមក​រវាងលោក Benjamin Netanyahu  និងលោក បារ៉ាក់ អូបាម៉ា
ជំនួប​កន្លងមក​រវាងលោក Benjamin Netanyahu និងលោក បារ៉ាក់ អូបាម៉ា
រដ្ឋាភិបាល​អ៊ីស្រាអែល បាន​ទិតៀន​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​មិន​ប្រើប្រាស់​សិទ្ធិ​ជំទាស់​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​ដែល​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ឈប់​បំពាន​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​។ មុន​មានការ​បោះឆ្នោត ប្រធានាធិបតី​ទើប​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ បានស្នើ​ឲ្យ​រដ្ឋបាល​លោក អូ​បា​ម៉ា ជំទាស់​ដំណោះស្រាយ​នេះដែរ​។​


ក្រោយ​ពន្យារពេល​បោះឆ្នោត​អនុម័ត​ដំណោះស្រាយ​ព្រាង​ឡើង​ដោយ​អេ​ហ្ស៊ី​ប​ដែល​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ចប់​សកម្មភាព​សាងសង់​លំនៅដ្ឋាន​លើទឹក​ដី​ប៉ា​ឡេ​ស្ទី​ន ក្រុមប្រឹក្សាសន្តិសុខ​បានសម្រេច​អនុម័ត​ដំណោះស្រាយ​នេះ​ជា​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ​ទី ២៣ ធ្នូ​។

សហរដ្ឋអាមេរិក​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​អ៊ីស្រាអែល មិនបាន​ផ្តល់​ការការពារ​ផ្នែក​ការទូត​ដល់​អ៊ីស្រាអែល​ឡើយ​។ អាមេរិក​មិនបាន​ប្រើប្រាស់​សិទ្ធិ​ជំទាស់​ទេ តែ​អនុប្បវាទ​ចំពោះ​ដំណោះស្រាយ​ដែល​ទិតៀន​អ៊ីស្រាអែល​ដែល​បន្ត​រំលោភបំពាន​ទឹកដី​ប៉ា​ឡេ​ស្ទី​នោះ​។ អ៊ីស្រាអែល​ខឹងសម្បារ​ខ្លាំង ដោយបាន​រិះគន់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា មិន​សំចៃមាត់​។​

បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល  Benjamin Netanyahu បាន​បញ្ជាក់ថា​៖ «​អ៊ីស្រាអែល​ទាត់ចោល​ដំណោះស្រាយ​ប្រឆាំង​អ៊ីស្រាអែល​ដ៏​ឥត​អៀនខ្មាស​នេះ​។ ហើយ​អ៊ីស្រាអែល​ក៏​មិន​គោរព​រាល់​អ្វីដែល​មានចែង​ក្នុង​សន្ធិសញ្ញា​នេះដែរ​»​។

នាយករដ្ឋមន្ត្រី​រូបនេះ​បន្តថា​៖« រដ្ឋបាល​លោក អូ​បា​ម៉ា មិន​ត្រឹមតែ​បរាជ័យ​ក្នុងការ​ការពារ​អ៊ីស្រាអែល​ឲ្យ​ផុតពី​ចលនា​ប្រឆាំង​នៅ​អង្គការសហប្រជាជាតិ​ប៉ុណ្ណោះ​ទេ រដ្ឋបាល​នេះ​ក៏​នៅ​ពីក្រោយ​រឿងនេះ​ដែរ​»​។​
​តាមពិតទៅ​ទំនាក់ទំនង​អ៊ីស្រាអែល​និង​សហរដ្ឋអាមេរិក ក្រោម​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​មិនសូវ​ល្អប្រសើរ​ឡើង​។ មេដឹកនាំ​ទាំងពីរ​ប៉ះទង្គិច​ពាក្យសម្តី​គ្នា​ជា​ញឹកញយ ប៉ុន្តែ​ទំនាក់ទំនង​តានតឹង​នេះ​រសាយ​បន្តិច​ក្រោយ​អាមេរិក​សម្រេច​អនុម័ត​កញ្ចប់​ថវិកា​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​ទ្រទ្រង់​យោធា​អ៊ីស្រាអែល​។

ប៉ុន្តែ​សម្តី​អ៊ីស្រាអែល​ប្រើប្រាស់​លើក​នេះ ហាក់​ធ្ងន់ បន្តិច​ហើយ​សម្រាប់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​នោះ​។ ហើយ​វា​ជាការ​ប៉ះទង្គិច​គ្នា​ផ្នែក​ការទូត​ចុងក្រោយ​បំផុត​មួយ​មុនពេល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចាក​ចេញពី​តំណែង​។

ក្រោយ​អនុម័ត​ដំណោះស្រាយ អ្នកការទូត​ប៉ា​ឡេ​ស្ទី​ន​លោក Saeb Erekat បាន​អបអរសាទរ និង​ហៅ​ការ​ការបោះឆ្នោត​អ​ម័ត​ដំណោះស្រាយ​នេះ​ថា​ជា​«​ថ្ងៃ​ប្រវត្តិសាស្ត្រ​»​សម្រាប់​ប៉ា​ឡេ​ស្ទី​ន​។ លោក​បន្ថែមថា វា​ជា​ជ័យជម្នះ​សម្រាប់​ច្បាប់​អន្តរជាតិ លិខិតបទដ្ឋាន​អន្តរជាតិ និង​យុត្ត​ធម៌​ក៏ដូចជា​ភាពស្របច្បាប់​អន្តរជាតិ​ជាដើម​។

អ៊ីស្រាអែល​រង់ចាំ​រដ្ឋបាល​ថ្មី​របស់លោក ដូ​ណា​ល់ ត្រាំ

ក្រៅពី​រិះគន់ លោក បា​រ៉ា​ក់ អូ​បា​ម៉ា រដ្ឋាភិបាល​អ៊ីស្រាអែល​បានប្រកាសថា ខ្លួន​ត្រៀមលក្ខណៈ​សហកា​រ​ជាមួយ​រដ្ឋបាល​អាមេរិក​ថ្មី​ក្រោម​អាណត្តិ​លោក ដូ​ណា​ល់ ត្រាំ​។ អ៊ីស្រាអែល​ជឿជាក់ថា រដ្ឋបាល​ថ្មី​នឹង​ទាត់ចោល​ដំណោះស្រាយ​នេះ​។

«​អ៊ីស្រាអែល​រំពឹង​ឈានទៅ​សហការ​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ និង​មិត្តភក្តិ​អ៊ីស្រាអែល​ទាំងអស់​ដែល​នៅក្នុង​សភា ទាំង​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​សាធារណរដ្ឋ ដើម្បី​លុបចោល​ដំណោះស្រាយ​ដ៏​គ្រោះថ្នាក់​នេះ​»​។

ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ មាន​និន្នាការ​គាំទ្រ​អ៊ីស្រាអែល ហើយ​លោក​ធ្លាប់​សន្យា​ទទួលស្គាល់​ការកាន់កាប់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ដោយ​ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​ពី​ក្រុង Tel Aviv ទៅ​ហ្ស៊េ​រុយ​សា​ឡិ​ម​ថែមទៀត​។ ហើយ​មុន​មានការ​បោះឆ្នោត​អនុម័ត​សេចក្តីសម្រេច​នេះ លោក​បានស្នើ​ឲ្យ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជំទាស់​ដំណោះស្រាយ​នេះ​ផងដែរ ហើយ​បន្ទាប់មក​លោក​បាន​ទូរ​សព្ទ​ទៅកាន់​ប្រធានាធិបតី​អេ​ហ្ស៊ី​ប​ដើម្បី​ជជែក​ពី​បញ្ហា​ដំណោះស្រាយ​ដែល​អេ​ហ្ស៊ី​ប​ព្រាង​ឡើង​នេះ​ផងដែរ​។ ដោយ​ឃើញ​ស្ថានការណ៍​មិន​ស្រួល អេ​ហ្ស៊ី​ប​បាន​ស្នើសុំ​ពន្យារ​ការបោះឆ្នោត​អនុម័ត​ដំណោះស្រាយ​នេះ​សិន​៕

© រក្សាសិទ្ធិដោយ thmeythmey.com