ជាតិ
ការវែកញែក​របស់​ព្រឹទ្ធាចារ្យ ឆេង ផុន ទាក់ទង​នឹង «​គុណកថា​»
25, Dec 2016 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សារព័ត៌មាន​ថ្មីៗ សូម​ចុះផ្សាយ​ទាំងស្រុង​នូវ​ប្រសាសន៍​របស់​ព្រឹទ្ធាចារ្យ ឆេង ផុន នា​ពិធី​បុណ្យខួប​ទី ៣០ នៃ​ការចូល​ទិវង្គត​របស់​    ​សម្ដេចព្រះសង្ឃរាជ​ជោ​ត​ញ្ញា​ណោ ជួន ណាត ដោយ​ឯកសារ​នេះ ត្រូវបាន​ចុះផ្សាយ​ផងដែរ​នៅក្នុង​ទស្សនា​វ​ដ្តី​កម្ពុជា​សូរិយា របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នា​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០០០ ។​



​សូម​អាន និង​ធ្វើការ​ស្វែងយល់​ដូចខាងក្រោម​៖


​ប្រជាជន​ខ្មែរ​គ្រប់រូប​តែង​ចាត់ទុកថា សម្ដេចព្រះសង្ឃរាជ ជួន ណាត គឺជា​វរជន​អក្សរសាស្ត្រ​ខ្មែរ ។ ហើយ​ព្រះអង្គ​គឺជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លើ​វិស័យ​វប្បធម៌​អក្សរសាស្ត្រ​ខ្មែរ ។ ព្រះអង្គ​បានរៀបចំ​ជា​ក្បួនខ្នាត​អក្ខរក្រម​ភាសា​ខ្មែរ ព្រមទាំង​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ដ៏​ធំធេង​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ យក​ជា​មូលដ្ឋាន​សិក្សា​ជ្រាវ​ជ្រាវ ។ យើង​អាច​សន្ម​ត់​ស្នាដៃ​ដ៏​ថ្លៃថ្លា​របស់​ព្រះអង្គ​នេះ​ថា​ជា « គុណ » ដ៏​លើសលប់​មកលើ​កូន​ខ្មែរ​ម្នាក់ៗ​នៃ​យើង​គ្រប់ៗ​រូប ។​

​ក្នុងន័យ​ដូចខាងលើ​នេះ ខ្ញុំ​សូម​អនុញ្ញាត​រៀបរាប់​ត្រួសៗ​អំពី​អត្ថន័យ​របស់​គុណ ។ តើ​អ្វី​ទៅ​ដែល​ហៅថា « គុណ » នោះ ?

​គុណ​ស្គាល់​គុណ ដឹងគុណ សងគុណ និង រមិលគុណ ។ អ្នកមានគុណ​ទាំងឡាយ​តែងតែ​ស្រឡាញ់​គុណ ខំ​សងគុណ​សន្សំ​គុណ​ឲ្យ​បាន​ច្រើន ទុក​ចែក​គេឯង​គ្រប់ៗ​គ្នា ។ ព្រះរាជា​មានគុណ អ្នកដឹកនាំ​មានគុណ តែងតែ​ផ្ដល់​ជា​ម្លប់​ដ៏​ត្រជាក់​ដល់​ប្រជារាស្ត្រ ដល់​អ្នក​ក្រោម ។ អ្នក « មេ » មានគុណ ម្ដាយ​ឪពុក​មានគុណ​តែង​ផ្ដល់​សេចក្ដីសុខសាន្ត ដល់​កូនចៅ​ក្នុង​គ្រួសារ ។​

​ព្រះសង្ឃ​ឧបជ្ឈាយ៍ លោកគ្រូ អ្នកគ្រូ មានគុណ ព្រោះ​បានផ្ដល់​ចំណេះវិជ្ជា ផ្ដល់​បញ្ញា ផ្ដល់​សេចក្ដីសុខ​ស្ងប់ មិន​រើសមុខ មិន​រើស​ឋានៈ មិន​រើស​វណ្ណៈ​ដល់​មនុស្ស​សត្វ​គ្រប់ៗ​រូប ។ អ្នកមានគុណ​តែងមាន​ចិត្ត​គិត​គេ ចិត្ត​ត្រេកអរ​តាម ចិត្ត​ជួយ​ជ្រោ​ម​អ្នកដទៃ មិន​បំភ្លេច មិន​បំផ្លាញ មិន​មួលបង្កាច់​គុណ​អ្នកដទៃ ។​
​    ​
​គុណ​ជា​អំពើ​ល្អ អំពើ​ល្អ​របស់​មេ របស់​គ្រូ របស់​ឪពុកម្ដាយ ជា​គំរូ​ដ៏​ល្អ​ដល់​អ្នក​ក្រោម ដល់​អ្នក​ក្រោយ​ធ្វើតាម​ទម្លាប់​ល្អ​របស់​ជំនាន់ ទម្លាប់​មានមារយាទ មានគំនិត​ថែរក្សា​គុណ ថែរក្សា​មរ​ត៌​ក ថែរក្សា​កេរ្តិ៍ មិន​ឲ្យ​ក្លាយទៅជា​ជន​ឥត​ពូជ ព្រោះតែ​ខ្វះ​គុណ ។​

​សងគុណ និង​តបស្នង​សងគុណ គឺ​សង​អំពើ​ល្អ សង​អំពើ​របស់​មេ គំនិតល្អ របស់​គ្រូ ចិត្តល្អ​របស់​ឪពុកម្ដាយ សង​នៅពេលដែល​ខ្លួន​មានគុណ​ហើយ ត្រូវ​សងគុណ​ចាស់ និង​បុល​គុណ​ថ្មី ។​

​សុភមង្គល​របស់​មនុស្ស​ស្ថិតនៅត្រង់​ស្គាល់​គុណ​គ្នា និង​ចេះ​សងគុណ​គ្នា​ទៅវិញទៅមក ។ ជន​រមិលគុណ គឺ​ជន​បំភ្លេច​គុណ មូល​បង្កាច់​អំពើ​ល្អ​របស់​អ្នកដទៃ មួយ​បដិសេធ​មួយ តៗ​គ្នា​ទៅ សង្គម​ពោរពេញ​ទៅដោយ​អំពើអាក្រក់​ព្រោះតែ​ខ្វះ​គុណ​៕


© រក្សាសិទ្ធិដោយ thmeythmey.com