ជាតិ
សេដ្ឋកិច្ច
AFD ផ្ដល់​កម្ចីសម្បទាន​៣០​លាន​អឺរ៉ូ បង្កើន​សមត្ថភាព​ផលិត​ទឹកស្អាត​នៅ​ភ្នំពេញ​
27, Dec 2016 , 9:19 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ទីភ្នាក់ងារ​បារាំង​ដើម្បី​ការអភិវឌ្ឍ (AFD) បានផ្ដល់​កម្ចីសម្បទាន​ចំនួន ៣០​លាន​អឺរ៉ូ (​ប្រមាណ​ជាង​៣១​លាន​ដុល្លារ​) ដល់​រដ្ឋាភិបាល​កម្ពុជា សម្រាប់​គម្រោង​បង្កើន​សមត្ថភាព​រោងចក្រ​ផលិត​ទឹកស្អាត​ចំការមន និង​ប្រព័ន្ធ​ចែកចាយ​ទឹក​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។​

​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​នេះ ត្រូវបាន​ធ្វើឡើង​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង ទីភ្នាក់ងារ AFD នៅ​ថ្ងៃទី​២៦​ខែធ្នូ នៅ​ទីស្ដីការក្រសួង​។​
 
​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត ដែល​ត្រូវបាន​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP បាន​ឲ្យ​ដឹងថា តាមរយៈ​គម្រោង​នេះ រោងចក្រផលិតទឹកស្អាតចំការមន របស់រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ អាច​នឹង​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត​ឲ្យ​ដល់ ៥២ ០០០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ ដែល​បច្ចុប្បន្ន​អាច​ផលិត​បាន ១៤ ០០០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។ 
 
​លោក វ​ង្សី វិស្សុត បន្ថែមថា កម្ចីសម្បទាន​នេះ​មាន​សារសំខាន់​ណាស់ ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ក្នុងការ​ប្រើប្រាស់​ធនធាន​កម្ចី​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​វិនិយោគ​លើ​វិស័យ​អាទិភាព ចំនួន​បួន គឺ ផ្លូវ ទឹក ភ្លើង និង​ធនធានមនុស្ស​៕
 

Tag:
 ទឹកស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com