អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រជាជន ​Aleppo ប្រារព្ធ​Christmas លើក​ដំបូង​ចាប់​ពី​​សង្គ្រា​ម​​ស៊ីរី​ផ្ទុះឡើងឆ្នាំ ២០១១
27, Dec 2016 , 12:33 pm        
រូបភាព
​គ្រិស្ត​សាសនិក​ដែល​រស់នៅ​ទីក្រុង Aleppo  បានប្រារព្ធ​បុណ្យ​គ្រិ​ស្មាស (Christmas) ជា​លើកដំបូង​បំផុត​ក្នុង​រយៈពេល​៥​ឆ្នាំ​រាប់​ចាប់ពី​ពេលដែល​សង្គ្រាម​ផ្ទុះឡើង ដោយ​ពួកគេ​សង្ឃឹមថា សន្តិភាព​នឹង​ត្រឡប់មកវិញ​។ ការរៀបចំ​នេះ​កើតឡើង​ក្រោយ ពេលដែល​ទាហាន​រដ្ឋាភិបាល​រដ្ឋាភិបាល​ដណ្តើម​កាន់កាប់​ទីក្រុង​នេះ​បាន​ទាំងស្រុង​ពី​ក្រុម​ឧទ្ទាម​កាលពី​សប្តាហ៍​មុន​។​

​វា​ជា​រឿង​រីករាយ​មួយ​សម្រាប់​ប្រជាជន​ស៊ី​រី​នៅ​ក្រុង Aleppo ដែល​ពួកគេ​អាច​រៀបចំ​បុណ្យ Christmas បានជា​លើកដំបូង​បំផុត​ក្នុង​រយៈពេល ៥​ឆ្នាំ​មកនេះ​។ វា​បញ្ជាក់​ឲ្យ​ឃើញថា ស្ថានភាព​ស្ងប់ស្ងាត់ ហើយ​ការប្រយុទ្ធ​គ្នា​ក៏​លែងមាន​ទៀត​ដែរនោះ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters  ប្រជាជន​ស៊ី​រី​នៅ​ទីក្រុង Aleppo ដែល​ភាគច្រើន​ជា​គ្រិស្តបរិស័ទ​បានរៀបចំ​បុណ្យ​សាសនា​នេះ ហើយ​ពួកគេ​ជួបជុំ​គ្រួសារ​និង​មាន​តុបតែង​ដើមឈើ Christmas ដើម​សាទរ​ពិធីបុណ្យ​នេះ​ផង​។ 
 
​ការរៀបចំ​ពិធីបុណ្យ​សាសនា​នេះ​ធ្វើឡើង ក្រោយ​ពេលដែល​ទាហាន​រដ្ឋាភិបាល​កាន់កាប់​ក្រុង Aleppo បាន​ទាំងស្រុង​ពី​ក្រុម​ឧទ្ទាម​កាលពី​សប្តាហ៍​មុន​នោះ ក្រោយ​មានការ​អនុវត្ត​កិច្ចព្រមព្រៀង​ជម្លៀស​ប្រជាជន​ចេញពី​ភាគ​ខាងកើត​ក្រុង Aleppo​។ 
 
​នៅ​វិហារ St. Elias ដែលមាន​ទីតាំងនៅ​ក្រុង Aleppo ក្រុម​បុព្វ​ជិត​សាសនា​គ្រិស្ត​បាន​បួងសួង​សុំ​សន្តិភាព នៅក្នុង​ពិធីបុណ្យ​នេះដែរ ហើយ​ប្រជាជន​រាប់រយ​អ្នក​បាន​ចូលរួម​បួងសួង​ដែរ ក្នុងនោះ​មាន​ទាំង​មន្ត្រី​រុស្ស៊ី​ថែមទៀត​។ 
 
​ប្រជាជន​ស៊ី​រី​ទាំងនោះ​បង្ហាញ​ក្តី​រីករាយ ហើយ​ខ្លះ​អះអាងថា​សន្តិភាព​បាន​ត្រឡប់​មកហើយ ដោយ​ក្រុម​ទាហាន​រដ្ឋាភិបាល​បាន​ដណ្តើម​កាន់កាប់​ទីក្រុង Aleppo​បាន​ទាំងស្រុង​ពី​ក្រុម​ឧទ្ទាម​កាលពី​សប្តាហ៍​មុន​ថែមទៀត​។ 
 
​ប្រធាន​សហគមន៍​គ្រិស្ត​សាសនិក George Bakhash បាន​ថ្លែងថា​៖« បរិយាកាស​នៃ​ពិធីបុណ្យ​នេះ​គឺ​អស្ចារ្យ​ណាស់​។ វា​ជា​ថ្ងៃកំណើត​របស់​ព្រះ​យេស៊ូ ហើយ​វា​ក៏​ជា​ថ្ងៃកំណើត​ថ្មី​របស់​ក្រុង Aleppo ដែរ​»​។ មេ​សហគមន៍​រូបនេះ​ក៏បាន​អះអាង​ផងដែរ​ថា នៅពេលនេះ​ប្រជាជន​នៅ​ក្រុង Aleppo អាច​គោរព​ប្រណិប័តន៍​សាសនា​បាន​ដោយ​សេរី ហើយ​គ្មាន​ភ័យព្រួយ​ពី​គ្រាប់​មី​ស៊ី​ល ឬ​ការបាញ់​ផ្លោង​ពី​ទីតាំង​ក្រុម​ឧទ្ទាម​កាន់កាប់​អ្វី​ទៀតឡើយ​។​
 
​តាមពិតទៅ ប្រជាជន​ស៊ី​រី​ដែលជា​គ្រិស្ត​សាសនិក​ភាគច្រើន​ជា​អ្នកគាំទ្រ​របប​ដឹកនាំ​លោក បា​សា អាល់​អាសាដ (Bashar al-Assad) ក្នុង​សង្គ្រាមស៊ីវិល​នេះ ដោយសារ​ពួកគេ​មើលឃើញថា អាសាដ ជា​ប្រជាជន​ម៉ូ​ស្លី​ម​មកពី​និកាយ​ស៊ី​អ៊ី​ត​ដែលជា​ក្រុម​ភាគតិច​នៅក្នុង​ប្រទេស​ស៊ី​រី​។ ហើយ​ពួកគេ​មើលឃើញថា អាសាដ​ជា​អ្នកការពារ​ប្រជា​ជា​ភាគតិច ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​ដែល​មកពី​សហគមន៍​ម៉ូ​ស្លី​ម​និកាយ​ស៊ូ​នី​ដែលជា​ក្រុម​ភាគច្រើន​នោះ​។ 
 
​សូមបញ្ជាក់​បន្តិច​ថា សង្គ្រាមស៊ីវិល​ស៊ី​រី​ផ្ទុះឡើង​នៅ​ខែមីនា​ឆ្នាំ ២០១១ ក្រោយ​រដ្ឋាភិបាល​បង្ក្រាប​ចលនា​ប្រឆាំង​រដ្ឋាភិបាល​។ សង្គ្រាម​នេះ​បានអូសបន្លាយ​មកដល់​បច្ចុប្បន្ន​ដោយ​ប្រែក្លាយ​ពី​សង្គ្រាមស៊ីវិល​ទៅជា​សង្គ្រាម​ដែល​លូកលាន់​ដោយ​មហាអំណាច​អាមេរិក​និង​រុស្ស៊ី​ទៅវិញ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ប៉ុន្មាន​ឆ្នាំ​មកនេះ សង្គ្រាម​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​អស់​ជាង ៣​សែន​នាក់ ហើយ​។​
 
​យ៉ាងណាមិញ ជ័យជម្នះ​របស់លោក បា​សា អាល់​អាសាដ ដោយ​ដណ្តើមបាន​ទីក្រុង Aleppo ទាំងស្រុង​កន្លងមក មិនមែនជា​អ្វីដែល​លោកខាងលិច​ចង់បាន ហើយ​វា​ក៏​មិនអាច​បញ្ជាក់ថា សង្គ្រាម​នេះ​នឹង​ចប់​ឆាប់ៗ​ដែរ​។ គេ​រង់​ចាំមើល​ដំណោះស្រាយ​នយោបាយ​ដែល​នឹង​អាច​ត្រូវគេ​បង្កើតឡើង​នៅពេល​ខាងមុខ​ផង​។ បេសកជន​ពិសេស​អង្គការសហប្រជាជាតិ​លោក Staffan de Mistura បាន​អះអាងថា ថ្វីបើ​ការប៉ុនប៉ង​បង្កើត​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​ស៊ី​រី​បរាជ័យ​ច្រើនដង​កន្លងមក​ក៏ដោយ លោក​រំពឹងថា ដំណើរការ​ចរចា​គ្នា​ថ្មី​មួយទៀត​នឹងត្រូវ​បង្កើតឡើង​នៅ​ខែកុម្ភៈ​ឆ្នាំក្រោយ​នៅ​ក្រុង​ហ្សឺ​ណែវ​៕
 

Tag:
 បាសា អាល់អាសាដ
  Christmas
  Aleppo
  ស៊ីរី
© រក្សាសិទ្ធិដោយ thmeythmey.com