ជាតិ
អាជ្ញាធរ​រង់ចាំ​មើល​ការស្រុះស្រួល​គ្នា​លើ​គម្រោង​សង់​ផ្លូវ​កាត់​របង​វិហារ​ឥស្លាម​បឹងកក់​
27, Dec 2016 , 3:07 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​ហាក់​រារែក​សង់​ផ្លូវ​ថ្មី​កាត់​របង​វិហារ​ឥស្លាម​បឹងកក់ ឡើយ ខណៈ​សាស​និ​ខ្មែរឥស្លាម​ម្ខាង​គាំទ្រ ខ្លះ​ជំទាស់​គម្រោង​បើកផ្លូវ​ថ្មី​របស់​អាជ្ញាធរ​។ តែ លោក ឃួ​ង ស្រេង អភិបាលរង​សាលា​រាជធានី​ភ្នំពេញ​ថា អាជ្ញាធរ​នឹង​សម្រេចចិត្ត​សង់ ឬ​មិន​សង់ តាម​មតិ​សាសនិក​ខ្មែរឥស្លាម​ភាគច្រើន​។



​លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ថ្នាក់ដឹកនាំ​សាសនិក​ខ្មែរឥស្លាម​មួយរូប បាន​បន្ត​ប្រកាស​គាំទ្រ​គម្រោង​សង់​ផ្លូវ​របស់​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​។

​លោក​បានបញ្ជាក់​មូលហេតុ​ផ្ទុយ​ពី​មតិ​ជំទាស់​របស់​ខ្មែរឥស្លាម​មួយចំនួន​ថា គម្រោង​សង់​ផ្លូវ​សាធារណៈ​ថ្មី​មាន​សារៈសំខាន់ ដោយ​លោក​និយាយថា វា​រំដោះ​ការកកស្ទះ​ចរាចរណ៍ និង​ការរៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ជំនន់​ទឹកភ្លៀង​តាម​បណ្តោយ​ផ្លុ​វ​ថ្មី រួមទាំង​លើកកម្ពស់​សោភ័ណ ភាព​វិហារ​ឥស្លាម​បឹងកក់​កណ្តាល​រាជធានី​ភ្នំពេញ​ផង​។​

​លោក​បាន​ពន្យល់​តំណាង​សាសនិក​ឥស្លាម​ជាង ៦០០​នាក់​មកពី​២៥ រាជធានី​ខេត្ត ក្នុង​កិច្ចប្រជុំ​គណៈ​អ៊ី​ម៉ាំ​សាសនិក​ឥស្លាម​ទូទាំងប្រទេស នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៦ នា​វិហារ​ឥស្លាម​បឹងកក់​ដូច្នេះ​ថា​៖«​សាលា​រាជធានី​ភ្នំពេញ​បាន​សន្យា​ទូទាត់​សង​ទំហំ​ដី​ស្មើនឹង​ទំហំ​ដី​ដែល​គេ​កាត់​សង់​ផ្លូវ​វិញ​ដែរ​»​។​

​សំឡេង​លោក អូស្មាន ហាស្សាន់ ពន្យល់​ពី​ការសង់​ផ្លូវ និង​ប្រវត្តិ​វិហារ​ឥស្លាម​បឹងកក់​៖




​តាម​លោក អូស្មាន ហាស្សាន់ វិហារ​ឥស្លាម​បឹងកក់ នឹងមាន​ចម្ងាយ​ឃ្លាត​ពី​ផ្លូវ​ឆ្ងាយ​ជាងគេ​ចំណោម​វិហារ​ដទៃ​ក្នុង​រាជធានី​ភ្នំពេញ ព្រោះ​វា​ស្ថិត​ឆ្ងាយ​ពី​ផ្លូវ​ថ្មី​រហូតដល់ ៦០​ម៉ែត្រ ប្រសិនបើ​សាលា​រាជធានី​ភ្នំពេញ​បើកផ្លូវ នាពេលខាងមុខ​។​



​ប៉ុន្តែ លោក អ៉ះ​ម៉ាត់ យ៉ះ​យ៉ា តំណាង​ខ្មែរឥស្លាម​ម្នាក់​ដែល​ធ្លាប់​ចាញ់ក្តី​ពីបទ​បរិហាកេរ្តិ៍​លោក អូស្មាន ហាស្សាន់ ពាក់ព័ន្ធ​បញ្ហា​នេះ​កន្លងទៅ ធ្លាប់បាន​លើក​ហេតុផល​ជំទាស់​នឹង​គម្រោង​ផ្លូវ​សង់​ផ្លូវ​កាត់​របង​វិហារ​ដាច់ខាត​។ លោក​បាន​លើក​ហេតុផល​ថា វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់ និង​បង្ក​ភាព​អានាធិបតេយ្យ​ដល់​បរិវេណ​វិហារ​ដែលជា​ទី​សក្ការបូជា​របស់​សាសនា​ឥស្លាម​។​

​តំណាង​អ្នកជំទាស់​យ៉ាង​ម៉ឺងម៉ាត់​លើ​គម្រោង​ហើយ​ទាមទារ​ឲ្យ​អាជ្ញាធរ​បង្ហាញ​ផែនការមេ​ផ្លូវ​វាង​ឲ្យ​បានច្បាស់លាស់​សិន មុនពេល​ពួកគេ​ផ្តើម​សាងសង់​ផ្លូវ​។ លោក​បាន​ប្រាប់​អ្នកកាសែត​ពេល​អាជ្ញាធរ​ភ្នំពេញ ចុះ​វាស់វែង​កំណត់​ដី​ផ្លូវ កាលពី​ថ្ងៃទី​១៩ ខែធ្នូ​នេះ​ដូច្នេះ​៖«​អត់​មាន​របស់​នេះ ជា​របស់​អ្នកណាម្នាក់​ទេ គឺ​វា​ជា​របស់​សាសនិក​ឥ​សា្ល​ម​។ បើ​ដីឯកជន អាជ្ញាធរ​ធ្វើ​ចុះ​»​។​

​ឆ្លើយតប​នឹង​បញ្ហា​នេះដែរ អាជ្ញាធរ​ពុំទាន់​ហ៊ាន​ប្រកាសថា នឹង​អនុវត្ត​គម្រោង​ភ្លាម​ដែរ ក្រោយពេល​តំណាង​សាសនិក​ខ្មែរឥស្លាម​ម្ខាង​គាំទ្រ និង​ម្ខាង​មិន​គាំទ្រ​។ លោក ឃួ​ង ស្រេង អភិបាល​ស្ដីទី​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​នឹង​បន្តធ្វើ​របាយការណ៍​ប្រជុំ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ និង​សម្រេច នាពេលខាងមុខ​។ លោក​បាន​បន្ត​និយាយថា អាជ្ញាធរ​នឹង​យល់ព្រម​ទទួលយក​សំណើ​របស់​ខ្មែរឥស្លាម​មតិ​ភាគច្រើន ហើយ​លោក​សង្កេតឃើញថា សាសនិក​ឥស្លាម​ជាង ៩០​ភាគរយ បាន​គាំទ្រ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​បើកផ្លូវ​ថ្មី កាត់​របង​វិហារ​ឥស្លាម​បឹងកក់​។​

​យ៉ាងណា លោក​សន្យា​ការពារ​ដី​វិហារ​ឥស្លាម​ថា​៖«​អាជ្ញាធរ​មិន​ឲ្យ​បុគ្គល​ណា​ម្នា​ក់មាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ស្របច្បាប់​លើដី​វិហារ​ឥស្លាម​បឹងកក់​ឡើយ ហើយ​អាជ្ញាធរ​រង់ចាំ​ទទួល​ពាក្យបណ្ដឹង​ជំទាស់ ដើម្បី​ពិនិត្យ​ដោះស្រាយ មុន​ការអភិវឌ្ឍន៍​គម្រោង​ជានិច្ច​»​។​

​សំឡេង​លោក ឃួ​ង ស្រេង សន្យា​ការពារ​ដី​វិហារ​សាសនិក​ឥស្លាម​៖






​តាម​លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​រាជធានី​ភ្នំពេញ អាជ្ញាធរ​នឹង​សង់​ផ្លូវ​ថ្មី​ដែល​ទទឹង ២០​ម៉ែត្រ ទ្រូងផ្លូវ ១៦ ចិញ្ចើមផ្លូវ​ម្ខាងៗ ២​ម៉ែត្រ និង​បណ្តោយ​ជាង ២០០ ម៉ែត្រ ហើយ​អាជ្ញាធរ​នឹង​រៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ជំនន់​ទឹកភ្លៀង​តាម​បណ្តោយ​ផ្លូវ​ថ្មី​ដែរ​៕


Tag:
 អូស្មាន ហាស្សាន់​
  ឃួ​ង ស្រេង​
  វិហារ​ឥស្លាម​បឹងកក់
© រក្សាសិទ្ធិដោយ thmeythmey.com